នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច ទទួលស្គាល់ថាខ្លួនពិតជារៀបចំបច្ចេកទេសយឺតបន្តិចមែន ប៉ុន្តែជាគោលការណ៍នៅតែចង់រូបរួម
លោក ផាន់ សិទ្ធី ប្រធានក្រុមការងាររាជធានីភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ថា គណបក្សហ៊្វុនស៊ិនប៉ិច ពិតជារៀបចំបច្ចេកទេសយឺតបន្តិចមែន ប៉ុន្តែជាគោលការណ៍នៅតែចង់រូបរួម ហើយអ្វីដែលជាការជំរុញរបស់លោក ញឹក ប៊ុនឆៃ ពិតជាមិនខុសទេ ពីព្រោះពេលវេលានៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែកៀកណាស់ទៅហើយ។
ការបញ្ជាក់របស់លោក ផាន់ សិទ្ធី បានធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រកាសផ្អាកការចរចា ដើម្បីរួបរួមគ្នារវាងក្រុមការងារគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយសារតែមានបញ្ហាខាងគណបក្សហ៊្វុនស៊ិនប៉ិច ជាពិសេសលោក ញឹក ប៊ុនឆៃ អះអាងថា មកពីបុគ្គលឈ្មោះ ហេង ហាក់លីម ហើយលោកបានទុកពេលវេលាឲ្យ២សប្តាហ៍ទៀត ប្រសិនបើគណបក្សហ៊្វុនស៊ិនប៉ិច ដោះស្រាយបញ្ហាផ្ទៃក្នុងមិនបានទេ លោកមិនអាចចាំបានទៀតទេ។
លោក ផាន់ សិទ្ធី ថ្លែងថា លោក ញឹក ប៊ុនឆៃ ក្នុងនាមគណបក្សខ្មែររួបរួមជាតិ គាត់ចង់ផ្អាកការជជែកគ្នារឿងរួបរួម ប៉ុន្តែខាងគណបក្សហ៊្វុនស៊ិនប៉ិចយើង ផ្អាកក៏មិនថា ស្អីក៏មិនថា តែយើងនៅរក្សាគោលជំហរមួយបើកចំហ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយទាំងអស់ ដែលមានទស្សននយោបាយដូចគ្នា ជាពិសេសគណបក្សខ្មែររួបរួមជាតិនេះ។ ពីព្រោះកាលពីខែតុលា ឆ្នាំ២០១៩ លោក ញឹក ប៊ុនឆៃ បានទៅជួបសម្ដេចក្រុមព្រះ ជជែកគ្នាថា យើងនឹងរូបរួមគ្នារវាងគណបក្សទាំងពីរ តែក្រោយមកយើងមានបញ្ហារអាក់រអួល។

បើតាមលោក ផាន់ សិទ្ធី “បន្ទាប់ពីមានបញ្ហាការរីករាល នៃជំងឺកូវីដ១៩ ពីខែមីនា ឆ្នាំ២០២០ មក យើងបានខកខានរហូតមក ហើយចេះតែពន្យារពន្យាររហូតមកដល់ពេលនេះ។ តែឥឡូវនេះ យើងចង់ចាប់ផ្ដើមវិញ តែដោយសារមានការរអាក់រអួលផ្នែកបច្ចេកទេសបន្តិច ដូចឯកឧត្តម ញឹក ប៊ុនឆៃ គាត់លើកពីបញ្ហារាំងស្ទះ ដោយសារបុគ្គលម្នាក់ ពីរនាក់អីចឹង តែគណបក្សហ៊្វុនស៊ិនប៉ិច មិនយល់ថា នោះជាបញ្ហាធ្វើឲ្យរាំងស្ទះនោះទេ ពីព្រោះជាគោលការណ៍ យើងនៅតែមានការចង់រួបរួមគ្នា ពីព្រោះការចង់រួបរួមនេះ មិនមែនចង់តែហ៊្វុនស៊ិនប៉ិចទេ យើងចង់ទាំងសងខាង ហើយហេតុអ្វីយើងចង់ទាំងសងខាង ? ពីព្រោះយើងយល់ថា យើងសាមគ្គីគ្នាទៅវាល្អ បើបាក់បែកគ្នាទៅវាអត់ល្អទេ អីចឹងគាត់ (ញឹក ប៊ុនឆៃ) លើកឡើងនោះ គ្រាន់តែជាសារមួយ គោលបំណងរបស់គាត់ នៅតែចង់រូបរួមដែរទេ”។
ទាក់ទងទៅនឹងសំណួរសួរថា តើគណបក្សអាចជំរុញការងារនេះ ឱ្យរូបរួមគ្នាមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បានដែរឬទេ ? លោក ផាន់ សិទ្ធី បានអះអាងថា អ្វីដែលយើងធ្វើមិនទាន់នោះ គឺកាលបរិច្ឆេទ ពីព្រោះលោក ញឹក ប៊ុនឆៃ បានប្រាប់ឱ្យយើងរៀបចំរយៈពេលពីរសប្តាហ៍ ដូច្នេះទាក់ទងពេលវេលានេះ ខាងគណបក្សហ៊្វុនស៊ិនប៉ិចពិបាកបន្តិច ពីព្រោះយើងមានកិច្ចការជាច្រើនទៀតត្រូវធ្វើ នេះទីមួយ ហើយទីពីរទៀត ការសម្រេចចិត្តទាំងឡាយទាក់ទងទៅដល់សម្ដេចព្រះប្រធាន ដែលនៅទីក្រុងប៉ារីសឯណោះ “ដូច្នេះធ្វើឱ្យយើងយឺតយ៉ាវបន្តិចមែន តែគោលជំហរគណបក្សហ៊្វុនស៊ិនប៉ិចនៅតែមានស្មារតីថា យើងរួបរួមគ្នា ហើយឯកឧត្តម ញឹក ប៊ុនឆៃ ខ្លួនឯង ក៏គាត់មានជំហររួបរួមគ្នាដែរ ប៉ុន្តែគាត់ដាក់ឱសានុវាទនេះ ដើម្បីចង់ឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រឹងឱ្យឆាប់បន្តិចទៅ ពីព្រោះពេលវេលា គាត់និយាយនេះមិនខុសទេ ពេលវេលា នៃការដាក់បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែកៀកណាស់ទៅហើយ តែយើងទទួលស្គាល់ខ្លួនយើងពិតជាយឺតមែន តែធ្វើម៉េច នេះមកពីបច្ចេកទេសវាយឺតអញ្ចឹង វាផ្សំនឹងកូវីដផង ផ្សំនឹងបញ្ហាផ្សេងៗផង។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ការរួបរួមគ្នារវាងហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិ មិនបាន ដោយសារតែបុគ្គល ហេង ហាក់លីម។
លោកថា ការចរចារវាងក្រុមការងារគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មកដល់ពេលនេះបានចំណាយអស់រយៈពេលមួយឆ្នាំហើយ ដើម្បីរួបរួមគ្នាជាគណបក្សតែមួយ ហើយក៏មានការឯកភាពគ្នាលើចំណុចជាច្រើនផងដែរ ប៉ុន្តែអ្វីដែលមិនអាចរួបរួមគ្នាបាន គឺដោយសារតែបុគ្គល ហេង ហាក់លីម ដែលជាអ្នកបម្រើផ្ទាល់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដូច្នេះលោកទុកពេលឲ្យ២សប្តាហ៍ទៀត ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិច ដោះស្រាយបញ្ហាផ្ទៃក្នុងមិនបានទេ លោកមិនអាចចាំបានទេ ពីព្រោះពេលវេលានៃការបោះឆ្នោតឃុំ សង្កាត់ កាន់តែកៀកទៅហើយ។
បើតាមលោក ញឹក ប៊ុនឆៃ ការរួបរួមគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិនេះ បានបរាជ័យចំនួន៣លើករួចមកហើយ ហើយការចរចានាពេលនេះ គឺជាលើកទី៤។ លោកអះអាងថា ការបរាជ័យនៅក្នុងការរួបរួមគ្នារវាងគណបក្សទាំងពីរនាពេលកន្លងមក គឺដោយសារតែការបែងចែកកូតា ទាំងរចនាសម្ព័ន្ធថ្នាក់ជាតិ និងមូលដ្ឋាន ប៉ុន្តែសម្រាប់ការចរចា ដើម្បីរួបរួមគ្នានៅពេលនេះ មិនបានបែងចែកកូតាទេ មានន័យថា មិនយករូបមន្តនោះមកធ្វើទៀតទេ។ លោកសម្តែងក្តីសង្ឃឹមថា នៅពេលរួមគ្នារវាងគណបក្សទាំងពីរនេះ នឹងទទួលបានការគាំទ្រច្រើន៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត