នយោបាយ
ខែ១០ ឬខែ១១ ខាងមុខ កូនស្រីលោក កឹម សុខា អាចនឹងសុំទោសសម្តេច ហ៊ុន សែន ហើយបើកគណបក្សថ្មីមួយទៀត
អតីតមនុស្សស្និទ្ធជាមួយលោក កឹម សុខា បានបង្ហើបថា នៅខែតុលា ឬខែវិច្ឆិកា ខាងមុខ កូនស្រីលោក កឹម សុខា គឺអ្នកនាង កឹម មនោវិទ្យា អាចនឹងសុំទោសសម្តេច ហ៊ុន សែន ចំពោះអ្វីដែលអ្នកនាងបានធ្វើសកម្មភាពបំពានបម្រាមតុលាការកំពូល ដែលបានហាមឃាត់ ហើយនៅពេលវិលចូលប្រទេសវិញ នឹងសុំសិទ្ធិធ្វើនយោបាយ រួចបង្កើតគណបក្សថ្មីមួយទៀត។

ការលើកឡើងរបស់អតីតមនុស្សស្និទ្ធជាមួយលោក កឹម សុខា នេះបានធ្វើឡើងក្រោយពីមើលឃើញថា នៅពេលខាងមុខនេះ អាចមានចរន្តនយោបាយថ្មីៗទៀត ចេញពីអតីតគណបក្សសង្គ្រោះជាតិមកដឹកនាំ ឬបង្កើតបក្សនយោបាយថ្មីបន្ថែមទៀត ដោយមិនដេកចាំ ឬសង្ឃឹមលើការរស់ឡើងវិញ នៃអតីតគណបក្សរបស់ខ្លួនឡើយ។
លោក ផាន់ ច័ន្ទស័ក្តិ ដែលត្រូវបានគេដឹងថា ជាអតីតមេធាវីការពារក្តីឲ្យលោក កឹម សុខា ហើយដែលទើបទទួលបានសិទ្ធិធ្វើនយោបាយកាលពីថ្មីៗនេះបានប្រាប់កម្ពុជាថ្មីថា នៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខ នឹងមានគណបក្សនយោបាយចំនួន០២ទៀតបានកើតឡើង។ លោកថា “ក្នុងអំឡុងខែ១០ ឬខែ១១ ខាងមុខអ្នកនាង កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អាចនឹងសុំទោសសម្តេច ហ៊ុន សែន ដែលអ្នកនាងបានធ្វើសកម្មភាពការទូតនយោបាយបំពានបម្រាម ដែលសាលដីកាតុលាការកំពូលបានហាមឃាត់ និងវិលចូលប្រទេស ហើយសុំសិទ្ធិធ្វើនយោបាយបង្កើតគណបក្សថ្មីមួយទៀត”។

លោក ផាន់ ច័ន្ទស័ក្តិ អះអាងថា “ជម្រើសអ្នកនាង កឹម មនោវិទ្យា មានតែមួយ បើចង់វិលចូលប្រទេសវិញ ទាល់តែសុំទោសសម្តេច ហ៊ុន សែន ព្រោះអ្នកនាងបានល្មើស និងបម្រាម ហាមឃាត់ នៃសាលដីកាតុលាការកំពូល ធ្វើសកម្មភាពនយោបាយ ជាមួយបរទេសក្នុងពេលហាមឃាត់សិទ្ធិ”។
ដោយឡែកចំពោះការអះអាងថា នឹងមានគណបក្សនយោបាយចំនួន២ទៀតកើតឡើងនោះ លោក ផាន់ ច័ន្ទស័ក្តិ បញ្ជាក់ថា នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ តែអាចនឹងងមាន បើសិនអ្នកនាង កឹម មនោវិទ្យា បានទទួលសិទ្ធិធ្វើនយោបាយ។
បើតាមលោក ផាន់ ច័ន្ទស័ក្តិ លោក សុន ឆ័យ ក៏នឹងបង្កើតបក្សនយោបាយថ្មីមួយដែរ ហើយគណបក្សបេះដូងជាតិ មិនមែនដឹកនាំដោយលោក ថាច់ សេដ្ឋា នោះទេ គឺដឹកនាំដោយលោក គួយ ប៊ុនរឿន អតីតអនុប្រធាន គ.ជ.ប និងត្រូវជាប្អូនថ្លៃលោក អេង ឆៃអាង។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតមន្ត្រីជាន់ខ្ពស់ ក៏ដូចជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៤នាក់ហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទាឲ្យធ្វើនយោបាយឡើងវិញ ក្រោយពីអ្នកទាំងនោះ ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ។

ជាមួយគ្នានោះ មានគណបក្សនយោបាយចំនួន៦ហើយ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលក្នុងនោះ រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថា ជារបស់លោក ថាច់ សេដ្ឋា និងគណបក្សកម្ពុជានិយម នេះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?