នយោបាយ
ដំណើរទៅបារាំងរបស់សម្ដេចក្រឡាហោម ស ខេង ៖ លោក កែវ រ៉េមី ប្រាប់ឲ្យអ្នកនយោបាយប្រឆាំងឈប់ប្រើនយោបាយលាបពណ៌
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានប្រាប់ឲ្យអ្នកនយោបាយ ដែលមាននិន្នាការមិនស្របជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកវិភាគនយោបាយ ឈប់ប្រើនយោបាយលាបពណ៌ដាក់គ្នា ពីព្រោះប្រទេសយើងធ្លាប់ឆ្លងកាត់នយោបាយនេះរួចហើយ ធ្វើឲ្យប្រជាពលរដ្ឋស្លាប់ជាង៣លាននាក់ ម្យ៉ាងទៀត សម្ដេចក្រឡាហោម ស ខេង មុនចាកចេញទៅប្រទេសបារាំងបានប្រកាសប្រាប់រួចរាល់ហើយ។

លោក កែវ រ៉េមី បានប្រាប់កម្ពុជាថ្មីនារសៀល ថ្ងៃទី២៤ ខែសីហា នេះថា ការធ្វើដំណើរទៅប្រទេសបារាំងរបស់សម្ដេចក្រឡាហោម ស ខេង គឺលោកបានចេញសេចក្តីប្រកាសព័ត៌មាន ច្បាស់លាស់អស់ហើយ នឹងក៏បានបញ្ជាក់ដែរថា អ្នកណាជារដ្ឋមន្ត្រីស្ដីទី។ លោកថា ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកនៅតែគោរពចំពោះបងប្អូន ដែលមាននិន្នាការផ្សេងពីគណបក្សប្រជាជនកម្ពុជា ទោះបីជាបងប្អូននៅក្នុងគណបក្សណាក៏ដោយ។
លោកបានប្រាប់ឲ្យ ប្រើប្រាស់សិទ្ធិតាមប្រព័ន្ធអនឡាញទៅតាមអ្វី ដែលអាចធ្វើបាន តាមក្រឹត្យក្រម និងសេចក្តីថ្លៃថ្នូរ មានសីលធម៌ ជាពិសេសកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ “បើបងប្អូនយើងប្រើសិទ្ធិរបស់ខ្លួនហួសព្រំដែន ចូលទៅដល់បំពានសិទ្ធិរបស់អ្នកដទៃ របស់បុគ្គលដទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង វាចូលទៅដល់ការលាបពណ៌ថា ទៅជួបអ្នកនេះជួបអ្នកនោះ វានឹងបង្កើតទៅជារឿងរ៉ាវវែងឆ្ងាយ”។
លោក កែវ រ៉េមី បានអះអាងថា តាមសង្កេត ឥរិយាបថ អត្តចរិតរបស់សម្ដេចក្រឡាហោម លោកជាមនុស្សមិនចូលចិត្តនិយាយច្រើនទេ ដូច្នេះការមិនចូលចិត្តនិយាយច្រើននេះហើយ ដែលនាំឲ្យនៅតាមប្រព័ន្ធ online មានការមូលបង្កាច់ និងលាបពណ៌ដាក់គាត់។

បើតាមលោក កែវ រ៉េមី នយោបាយលាបពណ៌នេះ គឺជានយោបាយគ្រោះថ្នាក់បំផុត ហើយបញ្ហាដែលខ្មែរយើងវិនាសអន្តរាយ ពីអតីតកាល សម័យប៉ុលពត គឺដោយសារនយោបាយលាបពណ៌នេះឯង។ លាបពណ៌ថា ជា CIA របស់អាមេរិចកាំង ជា kgb របស់រុស្ស៊ី ជាចារកម្មរបស់វៀតណាមជាដើម ហើយលាបពណ៌ចុះឡើងៗ សម្លាប់តែខ្មែរឯង។ នយោបាយលាបពណ៌ ដែលធ្វើឱ្យខ្មែរអន្តរាយ ដែលប្រទេសយើងឆ្លងកាត់បទពិសោធន៍ដ៏មហាអាក្រក់នៅក្នុងសម័យ៧៥ ដល់៧៩ នៃរបបអាវខ្មៅ។ ដូច្នេះលោកថា យើងគួរកែទម្លាប់ ពីបទពិសោធន៍អាក្រក់ នៃអតីតកាល ត្រឡប់មកវិញ ហើយធ្វើនយោបាយដោយសុចរិត កុំលាបពណ៌ មានសេចក្តីថ្លៃថ្នូរ វិភាគការពិតទៅតាមហេតុការណ៍ ហេតុផល និងទៅតាមអ្វី ដែលខ្លួនបានមើលឃើញនៅក្នុងកម្រិតមួយ ដោយជៀសវាងការនិយាយឲ្យតែបាននិយាយ ហើយការនិយាយបែបនេះ នៅពេលគេដឹង ធ្វើអោយយើងបាត់តម្លៃ នៃការវិភាគ នៃការសរសេរ នៅពេលដែលយើងចេះតែលាបពណ៌ក្នុងរឿងរបស់គេ ដែលយើងមិនដឹងរឿងរបស់គេទាល់តែសោះសោះ។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនោះអះអាងថា មានកិច្ចការខ្លះ ដែលយើងមិនដឹង ដូច្នេះអ្វីដែលយើងមើលឃើញ នឹងភ្នែក មិនប្រាកដថា បែបអញ្ចឹងទេ។ លោកសុំឲ្យបញ្ចប់វប្បធម៌លាបពណ៌ដាក់គ្នា ហើយធ្វើនយោបាយប្រកបដោយសុចរិត យុត្តិធម៌ និងមានសីលធម៌ខ្ពស់ ហើយបើធ្វើបែបនេះ បុគ្គលអ្នកធ្វើនយោបាយ ក៏ដូចជាក្រុមនយោបាយ ឬអ្នកវិភាគនោះ នឹងទទួលបានការគោរព និងទទួលបាននូវតម្លៃរបស់ខ្លួនឯង។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរៈផ្ទាល់ខ្លួន ហើយការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ហើយដំណើរទៅកាន់ប្រទេសបារាំងនេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែនផងដែរ ប៉ុន្តែព័ត៌មាននេះ ត្រូវបានអតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងត្រដរខ្យល់នៅក្រៅប្រទេស បានបោះពាក្យសម្តីថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ជាមួយ លោក ស ខេង ខណៈសម្តេចក្រឡាហោម ស ខេង នៅឯប្រទេសបារាំង៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត