នយោបាយ
ឆ្លើយតបការចោទប្រកាន់ ! រាល់សកម្មភាពល្មើសដែលផ្ដន្ទាទោសកន្លងមកមិនមែនជាការអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញនោះទេ
២៨ឆ្នាំក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវការការពារ និងលើកស្ទួយនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាហូរហែ ប៉ុន្តែនៅមានភាពចម្រូងចម្រាសមួយចំនួន ដោយសារតែមានក្រុមដែលមាននិន្នាការប្រឆាំងមួយចំនួនតូច រួមទាំងអង្គការសង្គមស៊ីវិលផង តែងតែឆ្លៀតឱកាសធ្វើសកម្មភាព បង្កភាពចលាចលនៅក្នុងសង្គម ក្នុងចេតនាបំផ្លាញសមិទ្ធផលមុខមាត់របស់រាជរដ្ឋាភិបាល ក្រោមរូបភាពនៃការអនុវត្តសិទ្ធិសេរីភាព ដោយយករដ្ឋធម្មនុញ្ញធ្វើជាលេស បកស្រាយដើម្បីការពារទង្វើល្មើសច្បាប់របស់ខ្លួន។
នេះជាលើកឡើងរបស់លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយជាការឆ្លើយតបការចោទប្រកាន់របស់គណបក្ស ក៏ដូចជាសង្គមស៊ីវិលមួយចំនួន ក្នុងឱកាសខួប២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកថា ២៨ឆ្នាំកន្លងមកនេះ កម្ពុជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍គ្រឹះ នៃការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសគោលការណ៍ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ដោយគោលការណ៍គ្រឹះពាក់ព័ន្ធការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ហើយត្រូវបានយកមកផ្ទេរដាក់ចូលនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដូច្នេះមកដល់ពេលនេះមានរយៈពេល២៨ឆ្នាំហើយ ដែលគោលការណ៍គ្រឹះទាំងអស់នេះ កម្ពុជាបានប្រកាន់ខ្ជាប់ បានការពារ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំងអស់នោះ។ គោលការណ៍ទាំងនោះរួមមាន៖
ទីមួយ, គោលការណ៍ពាក់ព័ន្ធរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ យើងមានព្រះមហាក្សត្រជាប្រមុខរដ្ឋទ្រង់គ្រងរាជ តែមិនកាន់អំណាច ដូច្នេះរដ្ឋាភិបាលបានការពារ លើកតម្កើងអង្គព្រះមហាក្សត្រ ការពារព្រះរាជបល្ល័ង្ក ថែមទាំងរៀបចំច្បាប់ ដើម្បីការពារនូវព្រះរាជកិត្តិនាម កិត្តិស័ព្ទ របស់ព្រះមហាក្សត្រថែមទៀត តាមរយៈការផ្ដន្ទាទោសចំពោះជនណា ដែលប្រមាថដល់អង្គព្រះមហាក្សត្រ ដែលយើងបានឃើញមាននៅក្នុងក្រមព្រហ្មទណ្ឌ គឺបទប្រមាថអង្គព្រះមហាក្សត្រ។ ក្នុងនោះជនអគតិមួយចំនួន ក៏ដូចជាអ្នកនយោបាយមួយចំនួន ដែលប្រឆាំងនឹងរបបរាជានិយម ប្រឆាំងទៅនឹងព្រះមហាក្សត្រ ប្រមាថព្រះមហាក្សត្រ តែងតែទទួលរងនូវការចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់នាពេលកន្លងមក។
ទីពីរ, គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស៖ ក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំបោះឆ្នោតដោយខ្លួនឯង ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិ ការបោះឆ្នោតថ្នាក់ជាតិ ដោយមិនមានការពន្យារពេល ឬខកខានម្តងណាឡើយ ហើយនៅឆ្នាំ២០២២ខាងមុខ កម្ពុជានឹងត្រូវរៀបចំបោះឆ្នោត ឃុំ សង្កាត់ ដែលជាការបោះឆ្នោតថ្នាក់ក្រោមជាតិ ហើយនៅឆ្នាំ២០២៣ នឹងបោះឆ្នោតថ្នាក់ជាតិ ដែលសកម្មភាពទាំងអស់នេះ ធ្វើតាមប្រតិទិនដោយមិនមានការផ្លាស់ប្ដូរឡើយ ទោះបីជាកម្ពុជាជួបប្រទះនូវការរីករាលដាលនៃជំងឺគូរ១៩ក៏ដោយ។ ការបោះឆ្នោតនិមួយៗយើងមើលឃើញថា មានការចូលរួមយ៉ាងច្រើនពីគណបក្សនយោបាយ ពីប្រជាពលរដ្ឋ ដោយប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសគណបក្សដែលខ្លួនស្រលាញ់ពេញចិត្ត ហើយយើងក៏មានវិធានការឃុំគ្រង និងការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅដល់ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនេះផងដែរ គឺគណបក្ស ឬអ្នកនយោបាយមួយចំនួន ដែលបំពានច្បាប់ គឺត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ ដូចជាការរំលាយគណបក្សមួយចំនួន ដែលបំពានច្បាប់ ស្ដីពីការបោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយជាដើម ហើយជនអគតិមួយចំនួន ដែលព្យាយាមបំផ្លាញការរៀបចំការបោះឆ្នោតតាមរយៈការរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតតាមរយៈយុទ្ធនាការនានានោះក៏បានប្រឈមមុខចំពោះផ្លូវច្បាប់ ដែលមានជាធរមាន ជាហូរហែផងដែរ។ នេះគឺជាការអនុវត្តច្បាប់ក្នុងការការពារ និងគាំទ្រ ដល់ការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ទី៣, គោលការណ៍នីតិរដ្ឋ៖ គឺបានរៀបចំច្បាប់គតិយុត្តជាច្រើន និងបានធ្វើការកែសម្រួល ក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីឲ្យសមស្របទៅតាមបរិបទសង្គម ហើយបើទោះបីជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្តី កម្ពុជាក៏បានរៀបចំច្បាប់មួយចំនួនក្នុងការទប់ស្កាត់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋប្រយុទ្ធប្រឆាំងទៅនឹងឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះផងដែរ។ ជាមួយគ្នានោះ ក៏បានប្រកាន់ខ្ជាប់នូវការអប់រំ ផ្សព្វផ្សាយច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ និងមន្ត្រីអនុវត្តច្បាប់ បានយល់ដឹង និងអនុវត្តបានត្រឹមត្រូវទៅតាមខ្លឹមសារនៃបញ្ញត្តិច្បាប់។
ទី៤, គោលការណ៏ សិទ្ធិសេរីភាព៖ គឺរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវការការពារ និងលើកស្ទួយនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាហូរហែនាពេលកន្លងមក ប៉ុន្តែនៅមានភាពចម្រូងចម្រាស់មួយចំនួន ដោយសារតែមានក្រុមដែលមាននិន្នាការប្រឆាំងមួយចំនួនតូច រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនជាគូកន ជាបក្ខពួក តែងតែឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយក្នុងចេតនាបង្កភាពចលាចលនៅក្នុងសង្គម ក្នុងចេតនាបំផ្លាញសមិទ្ធិផលមុខមាត់ កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រោមរូបភាព នៃការអនុវត្តសិទ្ធិសេរីភាព ហើយបានយករដ្ឋធម្មនុញ្ញបកស្រាយ ដើម្បីការពារទង្វើល្មើសច្បាប់របស់ខ្លួន ប៉ុន្តែបើទោះបីជាក្រុមនេះ ព្យាយាមបំភ្លេចបំភ្លៃយ៉ាងណាក៏ដោយ ក៏មិនអាចការពារបាននូវអំពើល្មើសច្បាប់របស់ពួកគេបានដែរ ពីព្រោះរដ្ឋធម្មនុញ្ញ ការពារតែអ្នកអនុវត្តសិទ្ធិសេរីភាពណា ដែលស្របតាមផ្លូវច្បាប់ប៉ុណ្ណោះ។ ដោយឡែកចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ រដ្ឋធម្មនុញ្ញមិនអាចការពារទេ ពីព្រោះមិនមែនជាការការពារសិទ្ធិសេរីភាព ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ។
លោក ជិន ម៉ាលីន បញ្ជាក់ថា “រាល់សកម្មភាពល្មើសច្បាប់ដែលបានផ្ដន្ទាទោស និងធ្វើការទប់ស្កាត់កន្លងមក មិនមែនជាការអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញនោះទេ គឺជាសកម្មភាពប្រព្រឹត្តល្មើសច្បាប់ ដែលសមត្ថកិច្ចមានមូលដ្ឋានមានភស្តុតាងរឹងមាំក្នុងការអនុវត្តចាត់វិធានការចំពោះអំពើល្មើសទាំងនោះ ប៉ុន្តែក្រុមប្រព្រឹត្តល្មើស និងបក្សពួកបានព្យាយាមបិទបាំង ព្យាយាមការពារ ដោយយកលេសពាក់ព័ន្ធទៅការអនុវត្តសិទ្ធិ និងព្យាយាមបកស្រាយរដ្ឋធម្មនុញ្ញ ដើម្បីធ្វើការការពារ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចមានមូលដ្ឋានមានភស្តុតាង និងសកម្មផ្លូវច្បាប់រឹងមាំ ដូច្នេះមិនអាចយករដ្ឋធម្មនុញ្ញ មកការពារអំពើល្មើស តាមការបកស្រាយបែបទំនើងចិត្តរបស់ក្រុមគេទាំងអស់នោះបានឡើយ។
សូមបញ្ជាក់ថា ២៤កញ្ញា គឺជាទិវាខួប២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយខណៈពេលដែលក្រសួង សា្ថប័នផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋបានអបអរសាទរ និងដឹងគុណអ្នកដែលបានខិតខំបង្កើតឡើងនោះ បែរជាមានគណបក្ស ក៏ដូចជាសង្គមស៊ីវិលមួយចំនួន ធ្វើការចោទប្រកាន់ទាំងងងើលទៅវិញ។ ក្នុងនោះ លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសាមួយនៅលើហ្វេសប៊ុករបស់ខ្លួនអះអាងថា សិទ្ធិមួយចំនួនដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញត្រូវបានរឹតត្បិត ហើយក្នុងនោះសិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវបានដាក់កំហិត ជាពិសេសអ្នកសារព័ត៌មានឯករាជ្យ អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសំឡេងជំទាស់ផ្សេងទៀត។
ចំណែកគណបក្សខ្មែរស្រឡាញ់ជាតិបានចេញសេចក្តីថ្លែងការណ៏មួយលើកឡើងថា រយៈពេល២៨ឆ្នាំកន្លងមកនេះ គោលការណ៍សំខាន់ៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៅមានចំនុចមួយចំនួនមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ហើយមានចំណុចខ្លះកាន់តែធ្លាក់ចុះទៅៗ ប្រព័ន្ធយុត្តិធម៌បានធ្លាក់ចុះ តុលាការមិនឯករាជ្យ ប្រព្រឹត្តអំពើពុករលួយ នឹងត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់រឹតត្បិត សិទ្ធិសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ និងសិទ្ធិសេរីភាពក្នុងការសំដែងមតិ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត