នយោបាយ
គណៈឃោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជា ជួបប្រជុំជាមួយគណៈឃោសនាអប់រំ នៃបក្សកុម្មុយនិស្ត វៀតណាម
លោក តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណ បក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈឃោសនាអប់រំចូលរួមកិច្ចប្រជុំជាមួយលោក ង្វៀង ត្រុងងា លេខាមជ្ឈិម និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តតវៀតណាម តាមប្រព័ន្ធវីដេអូ។
ថ្លែងក្នុងឱកាសនោះលោក ង្វៀង ត្រុងងា លេខាមជ្ឈិម និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម បានគូសបញ្ជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ នៅក្នុងរយៈពេលកន្លងមកនេះ។ នៅក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋប្រទេសទាំងពីរ តែងបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ តាមរយៈទូរស័ព្ទ និងការជួបផ្ទាល់ ហើយបានបញ្ជាក់ច្បាស់នូវការបន្តថែរក្សាពូនជ្រំ ទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំឡើង។
លោកបានជូនព័ត៌មានអំពីចំណុចសំខាន់ៗ មួយចំនួន នៃសភាពការណ៍វៀតណាមក្នុងឆ្នាំ២០២១ថា ទោះបីត្រូវជួបនឹងការលំបាកយ៉ាងច្រើន ជាពិសេសការជះឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនយ៉ាងណាក្ដី ក៏ស្ថិតក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមបន្តសម្រេចបាន លទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ។ ក្នុងបរិបទនេះ ភារកិច្ចរបស់គណៈឃោសនាអប់រំវៀតណាម គឺបន្តសិក្សាស្រាវជ្រាវរៀនសូត្រ និងឃោសនាអំពីសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១៣ ទាំងក្នុងជួរកម្មា ភិបាល ទាំងក្នុងជួរប្រជាជន លើកកម្ពស់ការយល់ដឹងអំពីមាគ៌ាអភិវឌ្ឍន៍ប្រទេស ឈានឡើងសង្គមនិយម និងការពារមាតុភូមិ កសាងវប្បធម៌ និងធនធានមនុស្ស និងបន្តជំរុញការកសាងបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។
លោកបានផ្ដោតសារៈសំខាន់ ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគណៈឃោសនាអប់រំ នៃគណបក្សទាំងពីរក្នុងពេលបច្ចុប្បន្ន និងតទៅមុខទៀត តាមទិសដៅនានា ស្របទៅនឹងមុខងារ ភារកិច្ចរបស់គណៈឃោសនាអប់រំនីមួយៗ ដែលនឹងចូលរួមសកម្មដល់ការពង្រឹងពង្រីក ចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងឱកាសនោះលោក តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈឃោសនាអប់រំគណៈកម្មា ធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តឡើងបន្ទាប់ពីជំនួបកំពូល នៃថ្នាក់ដឹកនាំរបស់គណបក្សទាំងបី គណបក្សកុម្មុយនិស្តវៀតណាម គណបក្សប្រជាជនកម្ពុជា និងគណ បក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ នៅរដ្ឋធានីហាណូយ ។ តាមរយៈជំនួបកំពូលនេះ ធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបី ប្រទេសទាំងបី កាន់តែរឹងមាំ ផូរផង់ឡើង និងផ្ដល់សន្ទុះខ្លាំងក្លាបន្ថែមទៀតដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។
លោកមានជំនឿថា កិច្ចប្រជុំនេះនឹងផ្ដល់គុណប្រយោជន៍ដ៏សំខាន់ ដល់ការលើកកម្ពស់ការយល់ដឹង អំពីការងារសតិអារម្មណ៍ក្នុងដំណាក់កាលបច្ចុប្បន្ន ការពង្រឹងទំនាក់ទំនង រវាងគណៈឃោសនាអប់រំនៃគណបក្សទាំងពីរ និងការរួមចំណែកក្នុងការថែរក្សាពូនជ្រំទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ តាមស្មារតី “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំ និងយូរអង្វែង”។
អំពីសភាពការណ៍កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ ដោយសារការរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ -១៩ សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន-៣,១%។ ប្រឈមស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនជុំ (មកដល់ពេលនេះមាន៩ជុំរួចហើយ) ប្រកបដោយប្រសិទ្ធភាពក្នុងការជួយរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅប្រជាជន។ នៅចុងឆ្នាំ ២០២០ អាស្រ័យដោយការគ្រប់គ្រងបានល្អលើជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤%។
ប៉ុន្តែការផ្ទុះឡើងវិញជាថ្មី ក្នុងទ្រង់ទ្រាយធំនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ចាប់ពីដើមឆ្នាំមក បានធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្នាំនេះអាចសម្រេចបានប្រមាណ២,៤% ប៉ុណ្ណោះ។ ចំពោះមុខនេះ ទន្ទឹមនឹងការខិតខំលើកស្ទួយកំណើនសេដ្ឋកិច្ច និងការរក្សាលំនឹង នៃជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលកំពុងបន្តប្រមូលផ្ដុំយ៉ាងខ្លាំងលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយកំណត់យកវិធានការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ដ្រគន្លឹះ គួបផ្សំនឹងវិធានការផ្សេងៗទៀត ដូចជា វិធានការផ្នែករដ្ឋបាល សុខាភិបាល និងច្បាប់។
ក្នុងពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏ត្រូវត្រៀមយ៉ាងម៉ត់ចត់នូវការងារធំៗជាច្រើនទៀត ក្នុងនោះក៏រួមមាន ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោតសាកលថ្នាក់ជាតិ ឆ្នាំ ២០២៣។ លោកក៏បានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន ហើយតាមរយៈលទ្ធផលនេះ កម្ពុជានឹងបង្កើតបានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅបើកឡើងវិញ សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យ បានពេញលេញជាជំហានៗ តាមគន្លងប្រក្រតីកម្មថ្មី។
លោក តាក ស៊ុនអ៊ី សម្តែងការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ភ្លឺស្វាងរបស់បក្សកុម្មុយនីស្ដវៀតណាម ដែលមានលោក ង្វៀង ភូជុង ជាអគ្គលេខា រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងសម្រេចបានជោគជ័យធំៗ ថ្មីទៀត ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្ត របស់មហាសន្និបាតបក្សកុម្មុយនីស្ដវៀតណាមលើកទី១៣ ឆ្ពោះទៅសម្រេចគោលដៅប្រជាជនវៀតណាមមានជីវភាពធូរធារ ប្រជាធិបតេយ្យ សមភាព អរិយធម៌ ប្រទេសវៀតណាមរឹងមាំ និងសម្បូររុងរឿងនៅឆ្នាំ ២០៤៥។ ព្រមជាមួយនោះ លោកបានលើកអំពីភារកិច្ចសំខាន់ៗ ចំពោះមុខនៃការងារឃោសនាអប់រំ ក្នុងទិសដៅថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជំរុញកំណើនសេដ្ឋកិច្ច និងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតក្នុងឆ្នាំ ២០២២។ និងអំពីទិសដៅសហប្រតិបត្តិការ លើការងារឃោសនាអប់រំតទៅមុខទៀត។
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍គ្នា លើការអនុវត្តតួនាទីរបស់គណៈឃោសនាអប់រំ ធ្វើជាសេនាធិការជូនគណបក្សលើ ការងារអប់រំនយោបាយសតិអារម្មណ៍, អំពីខ្លឹមសារ វិធីសាស្ត្រនៃការឃោសនា និងផ្សព្វផ្សាយ, ការតម្រង់ ទិសសារព័ត៌មាន, ការឃោសនាអប់រំអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការតស៊ូវាយបកលើការឃោសនា របស់ពួកអមិត្តដែលប្រឆាំង នឹងទំនាក់ទំនងកម្ពុជា-វៀតណាម។
គណៈឃោសនាអប់រំ នៃគណបក្សទាំងពីរបានឯកភាពគ្នា លើទិសដៅនៃកិច្ចសហប្រតិបត្តិការតទៅមុខទៀត ជាអាទិ៍ ការបន្តជួបប្រជុំរវាងថ្នាក់ដឹកនាំ នៃគណៈឃោសនាអប់រំទាំងពីរ, ការរផ្លាស់ប្ដូរគណៈប្រតិភូសិក្សាស្រាវជ្រាវក្រោយពេលជំងឺ កូវីដ-១៩បានស្រាកស្រាន្ដ ការលើកកម្ពស់ការអប់រំមន្ត្រី សមាជិកបក្ស និងប្រជាជនជាប្រចាំ អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងវាយបកយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការឃោសនាអកុសល ដែលវាយប្រហារមកលើចំណងមិត្តភាពកម្ពុជា-វៀតណាម។
ជំនួបប្រជុំ រវាងគណៈឃោសនាអប់រំ នៃប្រទេសទាំងពីរ បានបញ្ចប់ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់