Connect with us

នយោបាយ

លោក ញឹក ប៊ុនឆៃ ​ប្រាប់ទៅមន្ត្រីរបស់ខ្លួន កុំរង់ចាំ​ការបង្រួបបង្រួម ​ជាមួយគណបក្ស​ហ៊្វុនស៊ិនប៉ិច ​តទៅទៀត​​

បានផុស

នៅ

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅក្នុងកិច្ចប្រជុំ ស្តីពី លទ្ធផលបូកសរុបការងារប្រ​ចាំខែ​តុលា និងទិសដៅអនុវត្តបន្ត របស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ បានប្រាប់ថ្នាក់​ដឹកនាំនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំការបង្រួបបង្រួមជាមួយគណបហ៊្វុនស៊ិនប៉ិច តទៅទៀត។  

លោក ញឹក ប៊ុនឆៃ បានលើកឡើង​ថា ស្ថានការណ៍​នយោបាយនៅកម្ពុជា មានការប្រែប្រួលគួរឲ្យកត់​សម្គាល់ ដូច​ជា​ការបង្កើត​គណបក្សថ្មី​ៗ ​របស់​អតីតមន្ត្រី នៃគណបក្សសង្រ្គោះជាតិ ជាដើម។ ចំណែកការរួបរួមគ្នា រវាងគណបក្សហ៊្វុនស៊ិនប៉ិច​ ជាមួយគណបក្សខ្មែររួបរួមជាតិ​​ បានឯកភាពគ្នាច្រើនណាស់ដោយ​លក្ខន្តិកៈ​រវាងគណបក្ស​ទាំង​ពីរ ត្រូវបាន​យកមកច្របាច់បញ្ចូលគ្នារួចហើយ​។ រីឯគោលការណ៍សំខាន់ៗ មួយ​ចំនួនទៀត ​ក៏ត្រូវ​បាន​រៀប​ចំរួច​​ហើយ​​ ផងដែរ។

លោកថា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សខ្មែររួបរួមជាតិ បានប្រជុំកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយសម្រេចផ្អាកការរួបរួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយទុកឲ្យគណបក្សនេះ ដោះស្រាយផ្ទៃក្នុងរបស់ខ្លួនទៅ។ ចំពោះថ្នាក់ដឹកនាំនៅមូលដ្ឋាន សូមយកព័ត៌​មានអំពីផ្អាកការបង្រួបបង្រួម ទៅប្រាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋានឲ្យបានដឹង និងឈប់រង់ចាំ តទៅទៀត។

លោក ញឹក ប៊ុនឆៃ បានលើកឡើងបន្ថែមថា អ្នកខំប្រឹងប្រែងជួយរាជានិយម គេលែងជួយហើយ។ ការរង់ចាំរួបរួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច គឺអូសបន្លាយពេលជិត ២ឆ្នាំ ហេតុនេះចាំលែងកើតហើយ។

គួររំលឹកថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាប្រធាន និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ មានគម្រោងរួបរួមគ្នា ជាគណបក្សតែមួយឡើងវិញ ក្រោយ​ពីគម្រោងរួបរួមជាច្រើនដង ទទួលបរាជ័យ។ ប៉ុន្តែគម្រោងបង្រួបបង្រួមនៅពេលនេះ ក៏មិនទាន់ទទួលជោគជ័យដែរ ដោយសារតែមានបញ្ហាប្រេះស្រាំផ្ទៃក្នុង​ នៅខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមិនអាចចុះសម្រុងគ្នា ហើយរហូតមកដល់ពេលនេះថ្នាក់ដឹកនាំ នៅក្នុងគណបក្ស ហ៊្វុនស៊ិនប៉ិច កំពុងតែប្ដឹងផ្ដល់គ្នាឡើងតុលាការ ទៀតផង៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម