Connect with us

នយោបាយ

បណ្ឌិត ​មន្ត្រី​ជាន់​ខ្ពស់ ​និងសកម្ម​ជន​​នយោបាយថា​ ការហៅឱ្យដាក់​គំបាប​លើ​ក​ម្ពុជា​​ជា​រឿង​ធ្វើ​បាប​ពលរដ្ឋ​ដែលកំពុង​ពិបាកក្រោយកូវីដស្រាប់​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា ជាទម្លាប់ទៅហើយ ដែលអតីត​គណ​បក្សប្រឆាំង ដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែពឹងពាក់បរទេសឲ្យលូកលាន់ ឬក៏ដាក់គំនាបលើ​រាជ​រដ្ឋា​ភិ​បាលកម្ពុជា តែគ្មានឥទ្ធិពលអ្វីមកលើកម្ពុជាឡើយ។

ការលើកឡើងនេះ បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ បានសេចក្ដីថ្លែងការណ៍មួយ ដោយ​បានបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តការដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យធ្វើតាមនូវ​ការ​ចង់បានរបស់ខ្លួន។ អតីតគណបក្សប្រឆាំង បានទាមទារឲ្យផ្ដល់សេរីភាព និងទម្លាក់ចោលការចោទប្រកាន់លើ​លោក កឹម សុខា, ផ្ដល់នីតិសម្បទារគណបក្សសង្គ្រោះជាតិឡើងវិញ, ក៏ដូចជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការ​គោរព​សិទ្ធិមនុស្សឡើងវិញផងដែរ។

អតីតតំណាងរាស្រ្ដគណបក្សប្រឆាំង និង​បច្ចុប្បន្នជា​សហស្ថាបនិក​គណ​បក្ស​កែទម្រង់​កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា ការអំពាវនាវឲ្យដាក់គំនាប ឬសម្ពាធ មកលើប្រទេស​កម្ពុជាពីសំណាក់ក្រុមអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺជារឿងខាតបង់សម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរតែម្ដង។ លោកថា «ឧទាហរណ៍ដូច EBA អញ្ចឹង មិនមែនចំណេញប្រជាពលរដ្ឋឯណា វាបាត់បង់ការងារ បាត់បង់ស្អីអញ្ចឹងទៅ ហើយបើដាក់សម្ពាធបន្ថែមទៀត ដូចជា GSPហ្នឹង ប្រសិនបើសហរដ្ឋអា​មេ​រិកទៅផ្ដាច់ GSP ហើយរដ្ឋាភិបាលមិនព្រមបន្ទន់ឥរិយាបថ អាហ្នឹងវាប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតទៅ​ទៀត​ហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា បញ្ហានយោបាយ គឺបរទេសមិនអាចមកសម្រេច​ជោគ​វាសនា លើ​ប្រទេស​កម្ពុជាទាំងស្រុងនោះទេ គឺទាល់តែមានការជជែកគ្នារវាងខ្មែរ និងខ្មែរបន្ថែមទៀត។

ពាក់ព័ន្ធនឹងការអំពាវនាវខាងលើនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈ​​កម្មា​ធិ​​ការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា អតីតគណបក្សប្រឆាំង តែងតែទៅពឹងពាក់បរទេស ដើម្បី​ឲ្យ​គេមកលូកលាន់កិច្ចការផ្ទៃក្នុង និងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាទម្លាប់ដដែលៗ របស់ពួក​គេ។ ប៉ុន្តែសាធារណៈជន បានដឹងគ្រប់គ្នាអស់ហើយនូវទង្វើបំផ្លាញ ផលប្រយោជន៍ជាតិសាសន៍ខ្លួនឯង ពីសំណាក់​ក្រុម​អតីត​គណបក្សប្រឆាំងនេះ ហើយក៏គ្មាននរណាគេគាំទ្រចរិតនយោបាយ បែបបរទេសនិយមបែបនេះដែរ។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ហើយមែនទែន ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ នីតិរដ្ឋ នៅកម្ពុជាហ្នឹង គឺវាមិនមែនធ្លាក់ចុះ ដោយសារការផ្ដន្ទាទោស ការអនុវត្តច្បាប់លើពួកគាត់នោះទេ តែផ្ទុយទៅវិញការអនុវត្តច្បាប់ ទៅលើក្រុមគាត់ ដែលប្រព្រឹត្តបទល្មើស ដែលធ្វើសកម្មភាពល្មើសទៅនឹងច្បាប់ សូម្បីតែព្រះមហាក្សត្រ ក៏ហ៊ាន​ចេញមុខប្រមាថជាចំហរ ដោយមិនខ្លាចរអែងហ្នឹង គឺថា វាជាការលើកស្ទួយនូវនីតិរដ្ឋ ប្រជាធិបតេយ្យទៅវិញទេ តាមរយៈការផ្ដន្ទាទោស អ្នកប្រព្រឹត្តល្មើសទៅនឹងច្បាប់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ»។

ចំណែកលោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងដែរថា ការអំពាវនាវខាងលើនេះ គឺជាមេ​សូត្រ​រត់មាត់មួយ នៃក្រុមអតីតគណបក្ស​សង្គ្រោះជាតិ ដែលពួកគេតែងតែសូត្រមេសូត្រដដែលៗ ម្ដងហើយ ម្ដង​ទៀត។ លោកថា មិនមានសហគមន៍អន្តរជាតិណា អាចនឹងមានឥទ្ធិពល ឬក៏ដាក់ឥទ្ធិពលមកលើរាជរដ្ឋាភិបាល កម្ពុជានោះទេ ពីព្រោះអ្វីដែលកើតឡើងពាក់ព័ន្ធ នឹងអតីតគណបក្សសង្រ្គោះជាតិនេះ គឺជាការអនុវត្តនូវច្បាប់ផ្ទៃក្នុង​របស់ប្រទេសកម្ពុជា ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ ដែលចាំបាច់ត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ នៅក្នុងផ្ទៃក្នុងប្រទេសខ្លួនឯង។

ម្យ៉ាងទៀត ការចង់ឃើញការរស់ឡើងវិញ នៃអតីតគណបក្សសង្រ្គោះជាតិនោះ គឺជាលទ្ធភាពមួយ ដែលមិនអាចទៅ​រួច ពីព្រោះការរំលាយគណបក្សមួយ ក្រោមច្បាប់ ស្ដីពី គណបក្សនយោបាយរបស់កម្ពុជា គឺគ្មានលទ្ធភាពណាមួយ ដែលគណបក្សត្រូវបានរំលាយហើយនោះ បង្កើតឡើងវិញទេ លើកលែងតែអ្នកនយោបាយ ដែលត្រូវបាន​ដក​ហូត​សិទ្ធិ​ធ្វើនយោបាយនោះ ហើយអនុវត្តបានត្រឹមត្រូវតាមសេចក្ដីបង្គាប់ របស់តុលាការ គឺអ្នកនយោបាយរូបនោះ អាច​សុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោកបណ្ឌិត គិន ភា បានលើកឡើងបន្តថា ពាក់ព័ន្ធនឹងការទាមទារឲ្យផ្ដល់សេរីភាព និងទម្លាក់ចោលការចោទ​ប្រ​កា​​ន់​​លើ​លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ គឺជាការបំពានអំណាច​របស់តុលាការ ដែលជាអំណាចឯករាជ្យមួយ ត្បិតតែករណីលោក កឹម សុខា កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។ ដូច្នេះ ការ​ដោះលែង ការលើកលែងការចោទប្រកាន់ ឬការផ្ដន្ទាទោសដាក់ពន្ធនាការបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅ​ក្រម ដែលជាអ្នកមានអាណត្តិនៅក្នុងការកាន់សំណុំរឿង របស់លោក កឹម សុខា ហើយដោយសារតែរឿងនេះ ជា​រឿងធំ ប្រហែលជាតុលាការត្រូវការពេលវេលាមួយគួរសម ដើម្បីធ្វើការងារនេះឲ្យបានត្រឹមត្រូវ។

អ្នកវិភាគបញ្ហានយោបាយរូបនេះ បានបញ្ជាក់ថា «អញ្ចឹងខ្ញុំយល់ថា ការអំពាវនាវនេះ គ្រាន់តែការបន្លឺទាញការ​ចាប់​អារម្មណ៍ ហើយអ្នកអំពាវនាវខ្លួនឯងហ្នឹង ក៏ដឹងដែរថា វាគ្មានលទ្ធភាពណាមួយទៅរួចទេ ទាំងលទ្ធភាពពាក់ព័ន្ធ​ជា​មួយនឹងសម្ពាធអន្តរជាតិ ក៏ដូចជាលទ្ធភាពនៃការកែប្រែក្រោមវិធានច្បាប់ផ្ទៃក្នុង របស់កម្ពុជា»។

គួររំលឹកថា​ តុលាការកំពូល កាលពីថ្ងៃទី ១៦​ ខែវិច្ឆិកា​ ឆ្នាំ ២០១៧​ បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ចោទប្រកាន់ថា​ ​លោក កឹម សុខា ប្រធានគណបក្សប្រឆាំងមួយនេះ​ ពាក់ព័ន្ធនឹងករណី​ឃុបឃិត​ជាមួយ​បរទេស ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ​ក្នុងនោះដែរ តុលាការ​កំពូល ក៏​បាន​ហាម​ឃាត់​សិទ្ធិ​ថ្នាក់​ដឹកនាំ ​អតីតគណបក្សនេះ​ចំនួន ១១៨នាក់ ​មិន​ឲ្យធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំផងដែរ។ គិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ គឺមានរយៈពេល​ ៤ឆ្នាំហើយ ដោយក្នុងនោះ មានអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃអតីតគណបក្ស​សង្រ្គោះជាតិ បានទទួលសិទ្ធិធ្វើនយោ បាយឡើងវិញ បន្ទាប់ពីបានដាក់ស្នើសុំទៅក្រសួងមហាផ្ទៃ និងក៏មានអតីត​មន្ត្រី​មួយចំនួន ក៏បានបង្កើតគណបក្សថ្មីៗ ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ វិនាទី មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៨ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២១ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៤៧ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម