Connect with us

នយោបាយ

ក្រុមមេធាវីកំពុងរង់ចាំដំណឹងបើកសវនាការលោកកឹម សុខា ឡើងវិញ ក្រោយផ្អាកជិត២ឆ្នាំ

បានផុស

នៅ

ក្រុមមេធាវីកំពុងតែរង់ចាំដំណឹងពីតុលាការសាលាដំបូងរាជធានីភ្នំពេញរឿងបើកសវនាការលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិឡើងវិញ បន្ទាប់ពីផ្អាកជិត២ឆ្នាំតាំងពីដើមឆ្នាំ២០២០មក។ នេះបើតាមការបញ្ជាក់ប្រាប់របស់លោកស្រីម៉េង សុភារី សហការមេធាវីរបស់លោកកឹម សុខា នៅព្រឹកថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី លោកស្រីមេធាវី ម៉េង សុភារី បានលើកឡើងថា​ គិតមកដល់ពេលនេះ ក្រុមមេធាវីលោកកឹម សុខា មិនទាន់ទទួលបានកម្មវិធីនៃការបើកបន្តសវនាការរូបលោកឡើងវិញនៅឡើយទេ បន្ទាប់ពីបានដាក់លិខិតស្នើសុំជាច្រើនដងរួចមកហើយ។ ប៉ុន្តែ លោកស្រីបានអះអាងថា តាមរយៈសារព័ត៌មាននាពេលកន្លងមក គឺប្រធានសាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងដាក់បញ្ចូលកម្មវិធីបើកបន្តសវនាការរបស់លោកកឹម​ សុខា ក្នុងពេលឆាប់ៗនេះ។

សារព័ត៌មានកម្ពុជាថ្មី មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីលោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ ដោយទូរស័ព្ទទៅចូល តែគ្មានអ្នកលើក។ សូមបញ្ជាក់ថា សវនាការលោកកឹម សុខា ត្រូវបានផ្អាកតាំងពីអំឡុងខែមីនា ឆ្នាំ២០២០មកម្លេះ ដោយសារតែការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ក្រុមមេធាវីលោកកឹម សុខា បានស្នើសុំបន្តសវនាការឡើងវិញជាច្រើនលើក ប៉ុន្តែ តុលាការបានបដិសេធរហូត ក្រោមហេតុផលស្ថានភាពការឆ្លងរាលដាលនៃកូវីដ១៩ នៅមិនទាន់ល្អនៅឡើយ។

លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទ​ប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងនៅក្នុងផ្ទះមួយរយៈមក តុលាការក្រុងភ្នំពេញក៏បានចាប់ផ្តើមបើកសវនាការសំណុំរឿងលោកកឹម សុខា កាលពី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្ន តុលាការបានផ្តល់សេរីភាពដើរហើរ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដល់លោកកឹម សុខា វៀរលែងតែ ការធ្វើដំណើរចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម