Connect with us

នយោបាយ

ព្រឹកនេះ តុលាការបើកសវនាការក្នុងសំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈផែនការ ៩ វិច្ឆិកា

បានផុស

នៅ

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ បានបើកសវនាការជំនុំជម្រះកាត់ទោសលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២ នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលតាមរយៈផែនការវិលចូលស្រុក ៩  វិច្ឆិកា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកនេះដែរ គេមិនសូវឃើញមានសកម្មជន និងអ្នកគាំទ្រជនជាប់ចោទមកឈរនៅមុខតុលាការប៉ុន្មានទេ។ ចំណែក កញ្ញា សេង ធារី ដែលមានឈ្មោះនៅក្នុងសំណុំរឿងនេះដែរ បានមកតុលាការក្នុងសម្លៀកបំពាក់ជាអប្សរា ដោយដើរក្នុងជំហានមួយៗ នៅខាងមុខតុលាការ ហើយបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌​មានប្រមាណ១៥ នាទី រួចទើបចូលនៅក្នុងតុលាការ។ 

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារម្នាក់ៗ ២០ឆ្នាំផងដែរ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ ធ្លាប់បានពន្យល់ថា ផែនការវិលត្រឡប់របស់លោក សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ អាចហៅថា “ព្រឹត្តិការណ៍ ៩/១១ ” ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានធ្វើសកម្មភាពជាច្រើន ដែលអាចប្រមូលផ្តុំជា៣ សកម្មភាពធំៗ ដូចជាការធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលជាដើម។

លោក ជិន ម៉ាលីន បានអះអាងថា សកម្មភាពធំៗទាំងនេះ គឺរៀបចំឡើងក្នុងគោលដៅចំនួន ២ គឺទី១ ចូលមកក្នុងស្រុក ដើម្បីចាប់នាយករដ្ឋមន្រ្តីក្នុងតំណែង និងទី២ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ធាតុពិតនៃផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សា យ៉ាងពិតប្រាកដ។

លោកបញ្ជាក់ថា “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឱ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។ ដូច្នេះ អំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម