Connect with us

នយោបាយ

តុលាការ នឹង​ចុះ​អនុវត្ត​ដីកា​សម្រេច​ឲ្យ​ស្រាវជ្រាវ​អចលនវត្ថុ ជា​កម្មសិទ្ធិ​របស់ សម រង្ស៊ី និង​ភរិយា នៅ​សប្តាហ៍​ក្រោយ

បានផុស

នៅ

ចៅក្រម​អនុវត្ត នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ចុះ​អនុវត្ត​ដីកា​សម្រេច​ឲ្យ​ស្រាវជ្រាវ​ស្ថានភាព​បច្ចុប្បន្ន នៃ​អចលនវត្ថុ ជា​កម្មសិទ្ធិ​របស់លោក សម រង្ស៊ី និង​ភរិយា (​លោកស្រី ជូ​ឡុង ស៊ូ​មូរ៉ា ) នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ ដើម​សប្តាហ៍​ក្រោយ ហើយ​លិខិត​ជូនដំណឹង​ត្រូវបាន​តុលាការ​យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ​។

បើ​តាម​លិខិត​ជូនដំណឹង ការ​ចុះអនុវត្ត​ដីកា​សម្រេច​ឲ្យ​ស្រាវជ្រាវ​ស្ថានភាព​បច្ចុប្បន្ន នៃ​អចលនវត្ថុ ជា​កម្មសិទ្ធិ​របស់លោក សម រង្ស៊ី និង​ភរិយា​នេះ នឹងធ្វើ​ឡើង​នៅ​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅផ្ទះ​លេខ​៥៧៦ ក្រុមទី​០១ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​។

ចៅក្រម​អនុវត្ត​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បានសម្រេច​ដាក់លក់​ដោយ​បង្ខំ​ផ្ទះ​របស់​លោក សម រង្ស៊ី ដែលជា​អតីត​ទីស្នាក់ការ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការសម្រេច​ដាក់លក់​ផ្ទះ​លោក សម រង្ស៊ី នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​សុំ​ឲ្យ​អនុវត្ត​វិធានការ​បង្ខំ របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៤ បណ្ដឹង ដែល​ភាគី​អ្នកចាញ់​ក្តី​លោក សម រង្ស៊ី មិនបាន​អនុវត្ត​។

ដើមបណ្ដឹង​រដ្ឋប្បវេណី​រួមមាន គឺ​ទី​១, សម្តេច​តេ​ជោ ហ៊ុន សែន ជា​ម្ចាស់បំណុល (​ចំនួន​១​លាន​ដុល្លារ​) ទី​២, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ម្ចាស់បំណុល (​ប្រមាណ​៥​សែន​ដុល្លារ​) ទី​៣, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ម្ចាស់បំណុល (២​ពាន់​លាន​រៀល​) និង​ទី​៤, រដ្ឋាភិបាល​កម្ពុជា ជា​ម្ចាស់បំណុល (១​ពាន់​៨​រយ​លាន​រៀល​)​។

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី ដែល​ត្រូវបាន​ចាត់ទុកជា​មេ​ឧទ្ទាម​ក្រៅច្បាប់ ត្រូវបាន​រង​ប្តឹង​ពីបទ​ចោទ​ផ្សេងៗ​គ្នា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផ្សេងៗ​គ្នា ប៉ុន្តែ​លោក សម រង្ស៊ី និង​ភរិយា ដែល​កំពុង​នី​រទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ ពុំបាន​បង់ប្រាក់​សំណង​នេះ​ទេ ទើប​តុលាការ​សម្រេច​ដាក់លក់ ដើម្បី​យកលុយ​សង​ទៅ​ដើមបណ្តឹង​។

ដោយឡែក​លោក គី តិច មេធាវី​រាជរដ្ឋាភិបាល​បាន​អះអាង​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពិរុទ្ធជន យកទៅលក់​ឡៃ​ឡុង ដើម្បី​យក​ប្រាក់​មក​សង សំណង​ទៅតាម​ការកំណត់​នៃ​សាលក្រម ឬ​សាលដីកា ដែល​បាន​ចូល​ជា​ស្ថាពរ ជាការ​ប្រតិបត្តិ​តាម​នីតិវិធី​ច្បាប់​។

បើ​តាម​លោក​មេធាវី នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់ ប្រព្រឹត្ត​អំពើ​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​កំណត់​ចែង នូវ​ទោស​ដាក់​ពន្ធនាគារ និង​ទោស ពិន័យ​ជា​ប្រាក់ ជាអាទិ៍ ដែលជា​លទ្ធផល​នៃ​បណ្ដឹងអាជ្ញា និង​ទណ្ឌកម្ម​សំណង​ផ្នែក រដ្ឋប្បវេណី ដែលជា​លទ្ធផល នៃ​បណ្តឹងរដ្ឋប្បវេណី ដើម្បី​ជួសជុល​ការខូចខាត​របស់​ជន​រងគ្រោះ ដែល​បណ្តាលមកពី អំពើ​ល្មើស​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​ពិរុទ្ធជន មិន​អនុវត្ត​សង​សំណង​ជួសជុល​ការខូចខាត​ដល់​ដើម​បណ្តឹង​ដោយ​ស្ម័គ្រចិត្ត​ទេ ដើមបណ្តឹង​មាន​សិទ្ធិ​សុំ​ឱ្យ​តុលាការ រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពិរុទ្ធជន យកទៅលក់​ឡៃ​ឡុង ដើម្បី​យកប្រាក់​មក​សង សំណង​ទៅតាម​ការកំណត់​នៃ​សាលក្រម ឬ​សាលដីកា ដែល​បាន​ចូល​ជា​ស្ថាពរ ឬ​ដែលមាន​អានុភាព​អនុវត្ត​ដោយ​បង្ខំ បើ​ទោះបី​ជា​ពិរុទ្ធជន​បានគេច​ខ្លួន មិនទាន់​អាចឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​ទោស​ព្រហ្មទណ្ឌ​លើ​បុគ្គល​នោះ​ក្ដី​។

លោក គី តិច អះអាងថា បុគ្គល​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា បាន​ប្រព្រឹត្ត​អំពើ​ដែល​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​បញ្ញត្តិ​ថា​ជា​បទល្មើស​។ នីតិវិធី​របស់​តុលាការ បាន​ប្រព្រឹត្ត​ទៅតាម លំដាប់លំដោយ រហូត​ចប់សព្វគ្រប់​តាមច្បាប់​ជា​ធរមាន ហើយ​បុគ្គល​នេះ ត្រូវបាន​តុលាការ​រកឃើញ​មាន​ពិរុទ្ធភាព​ចំពោះ​ការប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​ច្បាប់ព្រហ្មទណ្ឌ តាមរយៈ​សេចក្ដីសម្រេច របស់​តុលាការ ដែល​បាន​ក្លាយជា​ស្ថាពរ បិទផ្លូវ​តវ៉ា និង​មាន​អានុភាព​អនុវត្ត ដែល​ជា​លទ្ធផល​បាន​កំណត់​ផ្តន្ទាទោស ជនល្មើស​នេះ ពីបទ​ព្រហ្មទណ្ឌ និង​កំណត់​ផ្ដល់​សំណង​រដ្ឋប្បវេណី ជូន​ដើមបណ្តឹង​ជា​ជនរងគ្រោះ​។

​លោក​មេធាវី​បញ្ជាក់ថា បច្ចុប្បន្ន​បុគ្គល​បំពាន​ច្បាប់​ឈ្នោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ត្រូវ​ប្រឈម​នឹង​អំណាច​សាលក្រម សាលដីកា ដែល​ចូល​ជា​ស្ថាពរ​ជា​បន្តបន្ទាប់​ទៀត ព្រមទាំង​បង្ខាំង​សុំ​អនុវត្ត​ដោយ​បង្ខំ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។ លោក​ថា នីតិវិធី​អនុវត្ត​តាមរយៈ​ការចេញ​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ នូវ​អចលនវត្ថុ​ដែលជា​កម្មសិទ្ធិ​របស់ ពិរុទ្ធជន​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មួ​រ៉ា ដែលជា​ទ្រព្យ​ឯកជន​របស់​ពិរុទ្ធ​ជននេះ ជាការ ប្រតិបត្តិ​នូវ​ច្បាប់ និង​នីតិវិធី ជា​ធរមាន ទាំងស្រុង​។

ថ្វីត្បិតតែ​អចលនវត្ថុ​នេះ ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ជាទី​ស្នាក់​ការ​នៃ​អតីត​គណបក្សនយោបាយ ប៉ុន្តែ​ទ្រព្យ​នេះ​ជា​កម្មសិទ្ធិ​របស់​រូបវ័ន្ត​បុគ្គល​ឈ្មោះ សម​-​រង្ស៊ី និង ជូ​ឡុង​-​សូ​មូរ៉ា ដែលមាន​កាតព្វកិច្ច​ត្រូវ​សង​សំណង​រដ្ឋ​ប្ប​វេ​ណី តាម​អំណាច​នៃ​សេចក្តីសម្រេច​ស្ថាពរ​របស់​តុលាការ ហើយ​មិនបាន​សង​សំណង​នោះ​ដោយ​ស្ម័គ្រចិត្ត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម