នយោបាយ
លោក មុត ចន្ថា ចេញមុខវាយបក សម រង្ស៊ី ទាក់ទងគម្រោងអញ្ជើញទៅមីយ៉ាន់ម៉ា របស់សម្តេចតេជោ
“ល្ងង់ធ្វើចេះពិបាកប្រដៅ” នេះជាចំណងជើងអត្ថបទមួយរបស់លោក លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្ស អ៊ីអិនអភី និងជាមនុស្សជំនិតរបស់លោក កឹម សុខា ដែលលោកចង់សំដៅទៅលើលោក សម រង្ស៊ី ដែលបានចេញសេចក្តីថ្លែងការណ៏មួយលើកឡើងថា គម្រោងទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសភូមា មិនមែនតំណាងឱ្យកម្ពុជា និងអាស៊ាន។
បើតាមលោក មុត ចន្ថា មិនចាំបាច់អានសេចក្តីថ្លែងការណ៍ទាំងស្រុង គ្រាន់តែអានសំណេរខ្លីមួយរបស់លោក សម រង្ស៉ី ដែលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ក៏អាចយល់បានដែរថា ការលើកឡើងដូចខាងលើនេះ បញ្ជាក់ពីភាពល្ងង់ខ្លៅ និងការមិនយល់ដឹងពីនយោបាយការទូតជាលក្ខណៈទ្វេភាគីរបស់រដ្ឋអធិបតេយ្យ និងនយោបាយការទូតជាលក្ខណៈពហុភាគីរបស់អង្គការតំបន់ ជាពិសេសតួនាទីរបស់រដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ ដែលស្រឡាញ់សន្តិភាព ទាល់តែសោះ។
លោក មុត ចន្ថា បញ្ជាក់ថា ជាគោលការណ៍អន្តរជាតិ ស្របតាមអនុសញ្ញាទីក្រុងវៀនណា (វីយេន) រដ្ឋអធិបតេយ្យមួយមានសមត្ថភាព សមត្ថកិច្ច និងសិទ្ធិអធិបតេយ្យជ្រើសរើសធ្វើទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីតំណាងឱ្យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងមូលរបស់ប្រទសខ្លួន ដោយឈរលើគោលការណ៍អធិបតេយ្យសមភាព តម្លៃស្មើគ្នា ការគោរពស្មើគ្នា សម្លេងតែមួយដូចគ្នា។ រដ្ឋមន្ត្រីការបរទេស គឺជាប្រមុខការទូតរបស់រដ្ឋអធិបតេយ្យ ទទួលបន្ទុកអនុវត្តគោលនយោបាយការបរទេសដោយផ្ទាល់ ឬតាមរយៈឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ឬអគ្គកុងស៊ុល ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ មានសិទ្ធិស្វ័យសម្រេចពេញលេញជ្រើសរើសធ្វើទំនាក់ទំនងការទូត និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាលក្ខណៈទ្វេភាគី និងពហុភាគី ស្របតាមឆន្ទៈអធិបតេយ្យរបស់ខ្លួន។
លោក មុត ចន្ថា អះអាងថា បញ្ហាវិបត្តិនៅប្រទេសភូមា ទាំងអង្គការពិភពលោក អង្គការតំបន់ ដូចជាសហភាពអឺរ៉ុប សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ដែលស្រឡាញ់សន្តិភាពទាំងអស់អាចចូលរួមស្វែងរកដំណោះស្រាយចំពោះវិបត្តិនោះ ដើម្បីទប់ស្កាត់ និងបង្ការការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងស្តារលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពឡើងវិញ។ កន្លងមក គណៈកម្មការសារតាំងរបស់អង្គការសហប្រជាជាតិគ្រាន់តែសម្រេចមិនទទួលយកសារតាំងរបស់រដ្ឋាភិបាលយោធាភូមា ដោយមិនអនុញ្ញាតឱ្យតំណាងចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០២១ ហើយសេចក្តីសម្រេចនេះ ក៏បានអនុវត្តចំពោះរដ្ឋាភិបាលរួបរួមជាតិភូមាផងដែរ។
ជាការពិតណាស់ អំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងអំពើហិង្សាដោយការបង្ក្រាបទៅលើបាតុករតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដែលបានសម្លាប់ និងបង្ករបួសស្នាមមនុស្សរាប់ពាន់នាក់ គឺជាការប្រឆាំងនឹងគោលការណ៍ប្រជាធិបតេយ្យ និងជាការំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ ទោះជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិមិនអាចបោះបង់ចោលប្រជាជនភូមាឲ្យទទួលរងគ្រោះបន្តទៅទៀតនោះទេ។
ជាការកត់សម្គាល់ ការដាក់ទណ្ឌកម្មផ្សេងៗ និងការមិនទទួលស្គាល់ របបសឹកភូមា ហើយនិងបេសកកម្មការទូត គឺសុទ្ធតែមានបំណងស្វែងរកដំណោះស្រាយវិបត្តិ និងជម្លោះនៅភូមា ដូច្នេះអ្វីដែលកម្ពុជាមានបំណងធ្វើ និងដើរតួនាទីសម្របសម្រួលការទូត គឺជាការអនវត្តកាតព្វកិច្ចអន្តរជាតិ ដូចមានចែងក្នុងគោលបំណងនៃអង្គការសហប្រជាជាតិ និងក្នុងនាមរដ្ឋស្រឡាញ់សន្តិភាព (peace-loving nation)។ ដូច្នេះ “វាជាភាពល្ងង់ខ្លៅដ៏ខ្មៅងងឹតមួយរបស់អ្នកដឹកនាំនយោបាយដែលបានចេញសេចក្តីថ្លែងការណ៍នយោបាយមួយអះអាងថា អន្តរាគមកាទូតដោយរដ្ឋអធិបតេយ្យ ក្នុងគោលបំណងស្វែងរកសន្តិភាព បញ្ចប់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ គឺជាអំពើខុសច្បាប់”។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមក ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ហើយបញ្ហានេះ បានធ្វើឲ្យមីយ៉ាន់ម៉ា អវត្តមាននៅក្នុងកិច្ចប្រជុំនាពេលកន្លងមកផងដែរ។ ជាមួយនឹងកាបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងអញ្ជើញទៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ ដើម្បីជួយសម្របសម្រួល និងសោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ឲ្យត្រឡប់មកប្រក្រតីភាពឡើងវិញ។
លោក មុត ចន្ថា បញ្ជាក់ថា កម្ពុជា គឺជារដ្ឋមានឯករាជ្យភាពនយោបាយ និងអធិបតេយ្យភាព ហើយរដ្ឋាភិបាលនៃប្រទេសនេះ នៅតែត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាមិនមែនជារដ្ឋស្ថិតក្រោមវិធានការបង្ការ និការងអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឡើយ។ លោកថា “នេះមិនមែនជាអតីតមេដឹកបក្សសង្គ្រោះជាតិទេ ប៉ុន្តែជាមេដឹកនាំបង្កគ្រោះដល់ជាតិ !”៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ