Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជា ៖ «ដើម្បីឈ្នះបដិវត្តពណ៌ វិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់»

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បាន​ប្រតិកម្មខ្លាំងៗទៅនឹងបញ្ហាបដិវត្តពណ៌ដែលក្រុមអតីតបក្សប្រឆាំងចង់បង្កើតឲ្យមាននៅក្នុងប្រទេសកម្ពុជា។ បើតាមសម្តេចតេជោ បដិវត្តពណ៌នៅលើលោកនេះ មិនទាន់បញ្ចប់ទេ ហើយរឹតតែមានការជំរុញខ្លាំងបន្ថែមទៀត។ ដូច្នេះហើយ ប្រមុខដឹកនាំកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឈ្នះបដិវត្តពណ៌នេះ វិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការវិភាគរបស់ក្រុមអ្នកវិភាគ ក៏ដូចជា ក្រុមអតីតបក្សប្រឆាំងមួយចំនួនចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទ-បើកវគ្គហ្វឹកហ្វឺន និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានប្រាប់កងទ័ពត្រូវការពារថ្នាក់ដឹកនាំ និងការពារស្ថាប័ននានាឱ្យបានជាដាច់ខាត។ ជាមួយគ្នានេះ លោក ក៏បានអះអាងថា ការពង្រឹងកងទ័ព ដាច់ខាតត្រូវតែពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាតគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។

ក្រុមអ្នកវិភាគ និងក្រុមអត្ថាធិប្បាយនៃអតីតបក្សប្រឆាំងមួយចំនួន បានរិះគន់លើបញ្ហានេះ។ ពួកគេបានអះ​អាងថា ការលើកឡើងនេះ គឺមិនត្រឹមត្រូវទេ ដោយពួកគេចង់ឲ្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលមានភាពអព្យាក្រិត។ ប៉ុន្តែ សម្តេចតេជោ បានគូសបបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មានអព្យាក្រិតភាពបានរវាងតែបក្សនយោបាយ និងបក្សនយោបាយប៉ុណ្ណោះ មិនអាចរវាងរាជរដ្ឋាភិបាល និងបក្សនយោបាយបានឡើយ។

សម្តេចនាយករដ្ឋមន្រ្តី បានអះអាងបែបនេះថា៖ «យើងទទួលស្គាល់នូវអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ចំពោះមុខបក្សនយោ​បាយ ប៉ុន្តែយើងមិនអាចអព្យាក្រិតកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល រវាងរដ្ឋាភិបាល និងបក្សនយោបាយបានទេ សូមចាំអាកន្លែងហ្នឹង។ ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយចំនួន ប៉ុន្តែមិនអាចធ្វើឈ្នះនៅកម្ពុជា ដោយសារអី?  បទពិសោធនេះត្រូវចងចាំ ហើយត្រូវធ្វើបន្តទៅមុខ។ យើងត្រូវអព្យាក្រិតចំពោះមុខបណ្តាបក្សទាំងអស់ដូចៗគ្នា យើងការពារឲ្យដូចៗគ្នា បម្រើឲ្យ ឧទាហរណ៍ថា កម្លាំងនគរបាលត្រូវការពារនូវការជួបជុំណាមួយរបស់បក្សនយោបាយក្នុងការឃោសនាបោះឆ្នោត ឬក្នុងកិច្ចការរបស់គេ ត្រូវការពារឲ្យ បក្សកាន់អំណាចក៏យើងការពារ បក្សមិនមែននៅក្នុងអំណាចក៏យើងការពារ»។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវការពាររដ្ឋធម្មនុញ្ញ មិនអាចឲ្យមានបដិវត្តពណ៌ណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជាបានឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា នៅពេលដែលសម្តេចនៅជានាយរកដ្ឋមន្រ្តីនៃប្រទេសកម្ពុជា គឺសម្តេចមានសិទ្ធិបញ្ជាបានកងទ័ពទាំងអស់ ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានសង្កត់ធ្ងន់ថា៖ «អ្នកណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធត្រូវកម្ទេចចោល»។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ចំណុចស្នូល ឬគន្លឹះនៃមេធ្វើបដិវត្តពណ៌ គឺការធ្វើឲ្យអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ចំណែក ចំណុចស្នូល ឬគន្លឹះនៃអ្នកការពារប្រទេស និងការពារដ្ឋធម្មនុញ្ញ គឺត្រូវក្តោបឲ្យបាននូវកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម