នយោបាយ
លោក ញឹក ប៊ុនឆៃ ថា ការធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី គឺជាការបើកឱកាសសម្រាប់យុវជន
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់កម្ពុជាថ្មីថា ការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបង្ហាញបំណងឲ្យមានច្បាប់ស្ដីពីការកំណត់អាយុនាយករដ្ឋមន្ត្រី គឺជារឿងសមរម្យ។ មិនប៉ុណ្ណោះ វា ជាការផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាបញ្ញវន្តជំនាន់ថ្មី អាចឈរឈ្មោះជានាយករដ្ឋមន្រ្តី ហើយនឹងអាចធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជា មិនមានអាយុច្រើនពេក។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/70329744_2388590241255162_1565408686245937152_n-1024x1024.jpg)
បើតាម លោក ញឹក ប៊ុនឆៃ បញ្ហានេះ ផ្ទុយពីមតិខ្លះដែលចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រីទៅវិញ ដែលការធ្វើបែបនេះ វាអាចប៉ះពាល់ដល់សិទ្ធិរបស់គណបក្សនយោបាយ។ នេះ ដោយហេតុថា គណបក្សនយោបាយណាមួយដែលឈ្នះឆ្នោតមានសិទ្ធិក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី ដូច្នេះ ប្រសិនបើមានការកំណត់អាណត្តិ អាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ដែលជាអ្នកបោះឆ្នោតឱ្យគណបក្សនោះ ហើយវាជាការបិទសិទ្ធិផងដែរ។
លោកថា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ឈ្នះ ឬចាញ់ ក៏អាស្រ័យទៅលើបេក្ខភាពនាយករដ្ឋមន្ត្រីនេះ។ ដូច្នេះហើយ ការកំណត់អាយុនាយករដ្ឋមន្ត្រី គឺជាការល្អ។ ទីមួយ. បើកឱកាសឲ្យយុវជនដែលមានការចេះដឹងជ្រៅជ្រះ មានសមត្ថភាព មានឱកាសនៅក្នុងការឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី និងទីពីរ. អាចធ្វើឲ្យថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា មិនមានអ្នកដែលមានអាយុច្រើនពេក។ និយាយដល់ត្រង់នេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា៖ «សម្រាប់ខ្ញុំ ខ្ញុំគាំទ្រប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី»។
ទាក់ទងដល់បញ្ហាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា គណបក្សខ្មែររួបរួមជាតិ របស់លោក នៅមិនទាន់បានគិតគូរអំពីបេក្ខភាពនេះនៅឡើយទេ ដោយសារតែពេលនេះ កំពុងតែរៀបចំបញ្ជីបេក្ខភាពនៅតាមឃុំ សង្កាត់ សម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នាពេលខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2021-12-29_09-45-49-1024x756.jpg)
គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មុនពេលសម្តេចចាកចេញពីដំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងដល់អ្នកស្នើសុំធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី។ សម្ដេចតេជោ សែន បានបញ្ជាក់យ៉ាងនេះថា ៖ «ខ្ញុំសូមប្រកាសទុកឱ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន។ ឥឡូវ អ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសលោក សម រង្ស៊ី បានបង្ហោះសារមួយដោយលើកឡើងពីការធ្វើច្បាប់សញ្ជាតិតែមួយសម្រាប់គ្រប់គ្រងស្ថាប័ន៤ ដោយអះអាងថា ការធ្វើច្បាប់នេះ មិនសំខាន់ទេ សំខាន់ គឺច្បាប់កំណត់អាយុ និងអាណត្តិនាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានអះអាងថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បានទេ ព្រោះការបោះឆ្នោត គឺជាបោះឆ្នោតរើសសមាជិកសភា មិនមែនបោះឆ្នោតដោយផ្ទាល់ ដូចជាការរើសប្រធានាធិបតីនោះទេ ហើយសភាទេ ដែលជាអ្នកបោះឆ្នោតរើសនាយករដ្ឋមន្ត្រី៕
អត្ថបទ ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់