នយោបាយ
មីយ៉ាន់ម៉ា បានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដើម្បីការពារដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអះអាងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរប្រទេសនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់សុវត្ថិភាពសម្ដេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីនោះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៧ និងទី០៨ ខែមករា ហើយទស្សនកិច្ចនេះ នឹងពន្យាពេលថែមទៀត ប្រសិនបើមានការចាំបាច់។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា បានក្លាយជាចំណុចចាប់អារម្មយ៉ាងខ្លាំងសម្រាប់អាស៊ាន ក៏ដូចជា ពិភពលោក។ ព័ត៌មាននេះបានធ្វើឲ្យក្រុមបាតុករមីយ៉ាន់ម៉ាខ្លះ ផ្ទុះប្រតិកម្មយ៉ាងខ្លាំងរហូតមានការដុតរូបសម្តេចទៀតផង។ អ្វីដែលជាការចាប់អារម្មណ៏ទៀតនោះ គឺកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ ក៏មានករណីបំផ្ទុះគ្រាប់ចំនួន២កន្លែង នៅក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ាផងដែរ។
បើតាមលោក កុយ គួង ករណីបំផ្ទុះគ្រាប់នេះ មានចំនួនពីរកន្លែង ដែលទីមួយ មានចម្ងាយពីរបងស្ថានទូតប្រមាណ១០០ម៉ែត្រ និងទីពីរ មានប្រមាណ ១៥០ ម៉ែត្រ។ ទោះជាយ៉ាងណា ការបំផ្ទុះគ្រាប់នេះ មិនមានផលប៉ះពាល់គ្រោះថ្នាក់ដល់អ្នកណានោះទេ វាគ្រាន់តែធ្វើឱ្យឮសូរបំពងសំឡេងតែប៉ុណ្ណោះ។ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានអះអាងថា បើទោះបីជាមានករណីបំផ្ទុះគ្រាប់យ៉ាងណាក្តី ក៏គម្រោងទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា អត់មានអ្វីប្រែប្រួលទេ គឺនៅរក្សាដដែល។
រីឯ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា គម្រោងទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺនៅដដែល បើទោះបីមានរិះគន់គ្រប់បែបយ៉ាងពីមជ្ឈដ្ឋានមួយចំនួនក៏ដោយ។ បើតាមសម្តេចតេជោ ការទៅកាន់មីយ៉ាន់ម៉ានេះ គឺដើម្បីស្វែងរកដំណោះស្រាយនាំអាស៊ានឱ្យគ្រប់ទឹក គ្រប់លក្ខណៈ ដែលមានសមាជិក១០ប្រទេសឡើងវិញ។ កាលពីថ្ងៃទី០៥ ខែមករា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនធ្វើអ្វីលើសពីកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន នោះទេ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ចង់ឃើញភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា មានការអត់ធ្មត់ ដើម្បីកុំឲ្យអំពើហិង្សាកើតឡើង៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ