នយោបាយ
សម្តេច ហ៊ុន សែន ចេញមកបកស្រាយការពិតរឿងចាប់លោក ប៉ែន សុវណ្ណ បញ្ជូនទៅដាក់គុកនៅវៀតណាម
តើលោក ប៉ែន សុវណ្ណ គឺជានរណា? ហើយ ហេតុអ្វីក៏អតីតនាយករដ្ឋមន្រ្តីរបស់កម្ពុជារូបនេះ ត្រូវបានចាប់ខ្លួនបញ្ជូនទៅដាក់គុកនៅក្នុងប្រទេសវៀតណាម? ចម្ងល់ទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចេញមកបកស្រាយពីការពិត ដើម្បីជៀសវាងការភាន់ច្រឡំផ្នែកប្រវត្តិសាស្រ្ត និងបានគូសបញ្ជាក់ថា សៀវភៅប្រវត្តិរបស់លោក ប៉ែន សុវណ្ណ គឺសរសេរខុសពីការស្ទើរតែទាំងអស់។

តាមរយៈខ្សែអាត់សំឡេងជាង២ម៉ោង ដើម្បីបកស្រាយ និងឆ្លើយតបទៅនឹងការលើកឡើងខុសរបស់លោក ខាន់ សុវណ្ណ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកអង្គព្រោកប្រាជ្ញ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរដើមទងរឿងតាំងពីការបង្កើតនូវរណសិរ្យសាមគ្គីភាពសង្រ្គោះជាតិកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា រណសិរ្សនេះ បានបង្កើតឡើងពីភាគីចំនួន៥ ប៉ុន្តែភាគីចំនួន៤ជាភាគីដែលចេញមុខហើយ ភាគីមួយទៀតដែលជារបស់លោកសាយ ភូថង នៅក្នុងប្រទេសថៃមិនអាចចេញមុខបានទេ គឺចេញមុខតែភាគីចំនួន៤ប៉ុណ្ណោះ។
ភាគីទី១ ដឹកនាំដោយសម្ដេចហេង សំរិន និងសម្ដេច ជា ស៊ីម ដែលបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៧៨។ ភាគីនេះ មានសម្ដេច ហេង សំរិន ជាប្រធាន សម្ដេច ជា ស៊ីម ជាអនុប្រធាន។ ភាគីទី២ មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន មានលោក ហែម សាមិន ជាអនុប្រធាន។ ភាគីនេះ គឺចាប់ផ្ដើមដំណើរការពីថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ ជាភាគីដែលមានកងកម្លាំងប្រដាប់អាវុធច្រើនជាងគេ ហើយជាកងកម្លាំងប្រដាប់អាវុធរៀបរយ ដែលមានរហូតដល់២៣ កងវរៈសេនាតូច និង១០០ក្រុមប្រតិបត្តិការ ដែលមានកងទ័ពប្រមាណជាង១ម៉ឺននាក់។

ភាគីទី៣ គឺដឹកនាំដោយ លោក ប៊ុន មី ជាប្រធានប្រតិភូ និងលោកសាយ ប៊ូថង ជាអនុប្រធានប្រតិភូ ដែលភាគីនេះ បានផ្ដាច់ខ្លួនចេញពីក្រុមខ្មែរក្រហមតាំងពីឆ្នាំ១៩៧៥ ហើយទៅរស់នៅតាមព្រំដែនកម្ពុជាវៀតណាម។ ភាគីនេះ មានកងកម្លាំងប្រដាប់អាវុធ២ វរៈសេនាតូច ហើយកម្លាំងនោះ ត្រូវបានចូលមករ៉ាប់រងសភាពការណ៍នៅខេត្តរតនគិរី និងមណ្ឌលគិរី។ ភាគីទី៤ គឺជាភាគីរបស់អ្នកប្រមូលផ្ដុំប្ដូរ។ ក្រុមនេះ គឺជាអ្នកដែលទៅភាគខាងជើងវៀតណាម ក្រោយសន្និសីទហ្សឺណែវឆ្នាំ១៩៧០ ហើយអ្នកទាំងអស់នេះ មិនមែនវៀតណាមចាត់ទៅទាំងអស់នោះទេ គឺទៅដោយស្ម័គ្រចិត្ត។ អ្នកខ្លះ មានអាយុច្រើន អ្នកខ្លះអាយុតិច ហើយលោកជា សុទ្ធ ដែលអ្នកមានអាយុច្រើនជាងគេ ឯអ្នកក្មេងៗដូចជា លោក ប៉ែន សុវណ្ណ និងមនុស្សមួយចំនួនទៀត ។
អ្នកទាំងអស់នេះ មានប្រមាណ១០០០នាក់ បានវិលចូលប្រទេសនៅឆ្នាំ១៩៧០ ហើយត្រូវបានពួកប៉ុល ពតសម្លាប់ចោលស្ទើរតែអស់នៅសល់តិចតួចប៉ុណ្ណោះ ហើយអ្នករត់រួចនោះដូចជា លោក ហែម សាមិន ជាដើម។ ក្រុមនេះ មានលោក ប៉ែន សុវណ្ណ ជាប្រធានប្រតិភូ និងលោក ម៉ុក សុគុណ ជាអនុប្រធានប្រតិភូ ហើយលោកម៉ុក សុគុណ ក្រោយមកក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជីវភាព។ សម្ដេច បានបញ្ជាក់ថា អ្នកទាំងនេះ ពិតជាបានចូលរួមនៅក្នុងការបង្កើតរណសិរ្សពិតប្រាកដមែន។ នេះ គឺជាប្រវត្តិសាស្រ្តពិត ដែលមិនត្រូវបំភ្លេចនោះទេ។
សម្ដេចតេជោ បានអះអាងថា ៤ក្រុមនេះ បានជួបជុំគ្នាធ្វើមហាសន្និបាតរៀបចំគណៈសិរ្សសង្គ្រោះជាតិកម្ពុជា ហើយឈ្មោះរណសិរ្សនេះ គឺជាឈ្មោះរបស់កងទ័ពដែលសម្ដេចបានបង្កើតឡើង។ កម្លាំងប្រមូលផ្ដុំនេះ ចេញមកពីភាគខាងជើងវៀតណាម ដែលចេញមុខតែម្នាក់គត់ ក្នុងនោះគឺ លោក រស់ សម័យ ជាអគ្គលេខាធិការរណសិរ្ស ដែលចេញមកពីភាគខាងជើងវៀតណាមដូចលោកប៉ែន សុវណ្ណ ដែរ។ ក្រៅពីនោះ គឺយកមនុស្សក្នុងប្រទេស ដែលមានសម្ដេចហេង សំរិន ជាប្រធាន សម្ដេច ជា ស៊ីម ជាអនុប្រធាន លោក រស់ សម័យ ជាអគ្គលេខាធិការ ហើយក្នុងនោះ ក៏មានសម្ដេចផ្ទាល់ មាន លោកចាន់ វ៉ែន មាន លោកប្រាជ្ញ ស៊ុន និងមនុស្សមួយចំនួនទៀតបង្កើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះប្រទេស ។ សម្ដេចថា ការរំដោះប្រទេសនេះ គឺនៅល្ងាចថ្ងៃទី០៨ ខែមករា បានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា គឺដូចជារដ្ឋាភិបាលបណ្ដោះអាសន្ន។ ក្នុងនោះ មានសម្ដេច ហេង សំរិន ជាមនុស្សទី១ ជាប្រធានផង ជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផង រីឯ លោកប៉ែន សុវណ្ណ ជាអនុប្រធានក្រុមប្រឹក្សាប្រជាជនកម្ពុជា ទទួលបន្ទុកការពារជាតិ សម្តេចហ៊ុន សែន ជាសមាជិកទទួលបន្ទុកកិច្ចការបរទេស សម្ដេចជា ស៊ីម ជាសមាជិកទទួលបន្ទុកកិច្ចការមហាផ្ទៃ លោកចាន់ វ៉ែន ជាសមាជិកទទួលបន្ទុកអប់រំ លោក ម៉ុក សុគុណ ជាសមាជិកទទួលបន្ទុកសេដ្ឋកិច្ច និងជីវភាព។

ទាក់ទងនឹងចំណុចនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា មិនមែនដូចលោក ខាន់ សុវណ្ណ លើកឡើងថា លោក ប៉ែន សុវណ្ណ ហោះចូលមកធ្វើនាយករដ្ឋមន្ត្រីតែម្ដងនោះទេ។ លោក ប៉ែន សុវណ្ណ បានរួមចំណែកជាមួយគ្នាក្នុងការបង្កើតរណសិរ្យ ប៉ុន្តែអ្នកទាំងនេះ មិនចេញពីចលនាតស៊ូនៅក្នុងប្រទេសឡើយ គ្រាន់តែជាអ្នកសល់ពីការស្លាប់ដោយប៉ុល ពត ហើយបានចូលមកប្រមូលកម្លាំង ដោយមានខាងវៀតណាមជួយបង្កលក្ខណៈបញ្ជូនមកឲ្យរៀបចំការងារជាមួយគ្នាតែប៉ុណ្ណោះ។ បើនិយាយនៅក្នុងបក្ស គឺលោកប៉ែន សុវណ្ណទទួលបន្ទុកអគ្គលេខាធិការ ដែលដំបូងមានគ្នាតែ៨ នាក់ប៉ុណ្ណោះ។
សម្ដេចតេជោហ៊ុន សែន បានអះអាងថា ដោយសារតែអំពើក្បត់របស់លោក ប៉ែន សុវណ្ណ គឺថ្នាក់ដឹកនាំគណបក្សបានបង្ខំចិត្តចាប់លោក ប៉ែន សុវណ្ណ ប៉ុន្តែបានស្នើឲ្យវៀតណាមជួយយកត្រឡប់ទៅប្រទេសវៀតណាមវិញ ពីព្រោះគាត់មានប្រពន្ធ កូន ជាវៀតណាមស្រាប់។ សម្តេចតេជោ បានអះអាងទៀតថា នៅដើមខែធ្នូ ឆ្នាំ១៩៨១ លោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួន ព្រោះបក្សមិនអាចទុកលោកប៉ែន សុវណ្ណ បានទេ ដោយសារពេលនោះ លោកប៉ែន សុវណ្ណ បានធ្វើកំហុសជាច្រើនតាំងពីឆ្នាំ១៩៧៩ រហូតដល់ឆែកផ្ទះសម្ដេច ជា ស៊ីម ផ្ទះសម្ដេច ហេង សំរិន ។ ប៉ុន្តែជាភ័ព្វសំណាងដែលលោក ប៉ែន សុវណ្ណ មិនបានឆែកផ្ទះរបស់សម្ដេច ហើយប្រសិនបើចូលឆែក ពិតជាផ្ទុះអាវុធពេញកណ្ដាលក្រុងជាមិនខាន។ ដូច្នេះ ដោយសារតែលោក ប៉ែន សុវណ្ណ មានកំហុសច្រើនពេក បក្សក៏បង្ខំចិត្តចាប់លោក ប៉ែន សុវណ្ណ។
ក៏ប៉ុន្តែ ចំពោះការអះអាងអំពីការជាប់គុកងងឹតពីលោក ប៉ែន សុវណ្ណនោះ វាមិនមែនជាការត្រឹមត្រូវទេ ព្រោះនៅពេលត្រឡប់មកវិញ សម្ដេចឲ្យទាំងផ្ទះ ប្រគល់ទាំងឡាន និងសម្ភារៈជាច្រើនទៀត តែលោក ប៉ែន សុវណ្ណ មិនអស់ចិត្ត ហើយនៅពេលស្លាប់ទៅ លោក ប៉ែន សុវណ្ណ ក្លាយជាសពអាណាថា ដែលពួកអតីតបក្សសង្គ្រោះជាតិ យកធ្វើជានយោបាយ ដើម្បីកេងចំណេញ។ សព្វថ្ងៃនេះ សពលោកប៉ែន សុវណ្ណ រកតែមនុស្សធ្វើបុណ្យឱ្យគ្មានផង។ សម្តេចតេជោ សែន ក៏បានបញ្ជាក់ដែរថា ក្រោយពីចាប់ខ្លួនលោក ប៉ែន សុវណ្ណ បក្សក៏បានលើកលោក ចាន់ ស៊ី ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់