នយោបាយ
៥៥ឆ្នាំកន្លងទៅនេះ តើទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មានការវិវត្តបែបណាខ្លះ?
ឆ្នាំ២០២២នេះ គឺជាឆ្នាំរំឮកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ នៅក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម មានទាំងល្អផង និងមិនល្អផង។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់របបប្រល័យពូជសាសន៍ប៉ុល ពត ទៅ គឺទំនាក់ទំនងនៃប្រទេសជិតខាងទាំង២ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយមកដល់ពេលនេះ វាបានក្លាយទៅជាទំនាក់ទំនង«មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។
កម្ពុជា និងវៀតណាម បានបង្កើតចំណងការទូតនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ពោល គឺនៅក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេច ព្រះនរោត្តម សីហនុ។ ប៉ុន្តែ នៅពេលដែលសម័យសង្គមរាស្រ្តនិយមត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៧០ ដោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីសំណាក់ក្រុមលោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សិរិមតៈ ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក៏ត្រូវបានកាត់ផ្តាច់។ លុះចូលដល់សម័យខ្មែរក្រហម ទំនាក់ទំនងការទូតនៃប្រទេសទាំង២ កាន់តែអាក្រក់ទៅៗ ដោយសារបក្សកុម្មុយនីស្តកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាមលែងទុកចិត្តគ្នាតទៅទៀត។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ គឺកម្ពុជា និងវៀតណាមតែងតែប៉ះទង្គិចគ្នាដោយអាវុធជាបន្តបន្ទាប់ ដែលបង្កឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង២បានស្លាប់បាត់បង់ជីវិតជាច្រើននាក់។ នៅក្នុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរំដោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គចិត្តវៀតណាម បានវាយលុកចូលក្នុងប្រទេសកម្ពុជា ពោល គឺធ្វើសង្រ្គាមផ្តួលរំលំរបបខ្មែរក្រហម ដើម្បីសង្រ្គោះប្រជាពលរដ្ឋកម្ពុជាពីរបបដ៏សែនឃោរឃៅនេះ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចប្រកែកបាន បើទោះបីមានការលើកឡើងដ៏មានហេតុផលផ្សេងៗយ៉ាងណាក៏ដោយចុះ។
ប៉ុន្តែ សច្ចភាពប្រវត្តិសាស្រ្តមួយទៀតដែលគួរត្រូវលើកមកនិយាយ និងមិនអាចបំភ្លេចបានដែរនោះ គឺកម្ពុជា បានជួយវៀតណាមក្នុងការបង្រួបបង្រួមវៀតណាមខាងត្បូង និងវៀតណាមខាងជើង មកជាប្រទេសតែមួយដោយជោគជ័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ កម្ពុជា បានអនុញ្ញាតឲ្យកងទ័ពរំដោះជាតិវៀតណាម ហៅថា វៀតកុង ប្រើប្រាស់ទឹកដីជាប់ព្រំដែន ដើម្បីដឹកស្បៀង សព្វាវុធ វាយលុកផ្តួលវៀតណាមខាងត្បូង។ ចុងក្រោយ វៀតណាមទទួលបានជោគជ័យ ប៉ុន្តែ កម្ពុជាទទួលបាននូវគ្រាប់បែកទម្លាក់មកដូចគ្រាប់ភ្លៀងរបស់អាមេរិកស្លាប់គរជើងគ្នារាប់មិនចង់អស់។
ជារួម គឺកម្ពុជា និងវៀតណាម បានជួយរំដោះប្រទេសឲ្យគ្នាទៅវិញទៅមក ជួយបញ្ចប់សង្រ្គាម ហើយបង្កើតសន្តិភាពឲ្យគ្នា។ ត្រង់ចំណុចនេះ លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ធ្លាប់បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវៀតណាមកាលពីចុងឆ្នាំ២០២១ថា៖ «បើគ្មានជំនួយពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជាទេ វៀតណាមនឹងពិបាកណាស់ក្នុងការទទួលបានធនធានសម្រាប់ការតស៊ូរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសឡើងវិញ។ បើគ្មានជំនួយ និងការគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាពពីកងទ័ព និងប្រជាជនវៀតណាមទេ វានឹងពិបាកសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើឱ្យប្រទេសជាតិរស់ឡើងវិញ»។
ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗក៏ចង់មានការរំឮកពីគុណរបស់កម្ពុជាចំពោះការបង្រួបបង្រួមវៀតណាមដែរ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ «គម្រោងទៅអនាគត គឺស្តូបអនុស្សាវរីយកម្ពុជា-វៀតណាមទាំងអស់ ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ គឺការការសង់ស្តូបនេះ សំដៅមើលឲ្យឃើញអំពីការដែលប្រជាជនកម្ពុជា ជួយប្រជាជនវៀតណាម ក្នុងការរំដោះភាគខាងត្បូង និងឈានទៅឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះ ក៏កសាងឡើង ដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ក្រោយពីរបបខ្មែរក្រហម ត្រូវបានបញ្ចប់ដោយការជួយពីកងទ័ពវៀតណាម គឺទំនាក់ទំនងកម្ពុជា និងវៀតណាម មានស្ថានភាពល្អផូរផង់មែនទែន អាចនិយាយថា ជាការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញនៃប្រទេសទាំង២ក្រោយបញ្ចប់សង្រ្គាម។ ចូលដល់ឆ្នាំ២០០៥ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ត្រូវបានដំឡើងទៅជា«ទំនាក់ទំនងមិត្តភាព ជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។ ជាការកត់សម្គាល់ ចាប់តាំងពីរបបខ្មែរក្រហម បានរលាយរលត់បាត់ទៅ ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មិនឃើញមានបញ្ហាល្អក់កករណាមួយកើតឡើងនោះទេ។ រីឯ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ តែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីរឹតបន្តឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី។
នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាង២ឆ្នាំមកនេះ កម្ពុជា និងវៀតណាម តែងតែបានជួយគ្នាទៅវិញទៅមកទាំងជំនួយជាថវិកា បច្ចេកទេស និងសម្ភារបរិក្ខារវេជ្ជសាស្រ្តជាដើម។ ប៉ុន្តែ ក៏មានបញ្ហាបន្តិចបន្តួចដែរទាក់ទងនឹងការបិទព្រំដែនជាឯកតោភាគីរបស់ភាគីវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឆ្លងដែននៃជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ បញ្ហានេះ ក៏ត្រូវបានសម្របសម្រួលបញ្ចប់ដោយការយោគយល់គ្នានៃប្រទេសទាំង២។
ស្របពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន និងចំឆ្នាំនៃខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម គឺកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ លោក ង្វៀង ស៊ួនហ្វុក (NGUYEN XUAN PHUC) ប្រធានាធិបតីវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោក បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ប្រមុខដឹកនាំទាំង២ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា -វៀតណាម រយៈពេល៥៥ឆ្នាំកន្លងមកនេះ បើទោះបីជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ