នយោបាយ
សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា សម្តេចទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានចំណាយពេលប្រមាណ៣៥នាទី សន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងទី៨ ខែមករាកន្លងទៅថ្មីៗនេះ។ ក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោកចូកូ វីដូដូថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/9d816736-0415-4d88-a8f1-7809272d0636-1024x683.jpg)
ចំពោះដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ានេះ សម្តេចតេជោ បានលើកឡើងថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រ ប៉ុន្តែមានអ្នកខ្លះមិនបានគាំទ្រដំណើរទស្សនកិច្ចនេះទេ។ ប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉រ គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ។ បើតាមសម្តេតេជោ ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេស ស្ថានភាពនៅមីយ៉ាន់ម៉ា ពីមុនហើយនឹងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។
ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា «យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស» ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ាន់ម៉ានោះដែលជាប្រទេសមួយមានសភាពការណ៍ស្មុគស្មាញនាពេលបច្ចុប្បន្ន។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា អ្វីដែលមីយ៉ាន់ម៉ាត្រូវការពេលនេះ គឺដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ។ ដូច្នេះហើយ គោលដៅរបស់សម្ដេចតេជោទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែ គឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/gettyimages-522201110-1024x720.jpg)
ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែ«យើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ» ដូចជាទី១. គឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា តែសម្ដេចស្នើសុំឲ្យមានការឯកភាពពីលោក មីន អោងឡាំង ថា បទឈប់បាញ់នេះ នឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។ អ្វីដែលសំខាន់ទៀតទី២. គឺការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/DA108-1020_2019_000123.jpg)
ជាការឆ្លើយតបវិញ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកថា វិធីដែលសម្ដេចបានជំរុញនេះ គឺមានអត្ថប្រយោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺទាំងអស់គ្នា បន្តអនុវត្តនូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយនេះ ធ្វើយ៉ាងណាជំរុញឲ្យភាគីមីយ៉ាន់ម៉ាអនុវត្តទៅតាមផែនការទាំង ៥នោះ ។ លោក ក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ លោក ក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឱ្យមានការរីកចម្រើ នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ។
លោក ចូកូ វីដូដូ ក៏បានស្នើសុំ និងឯកភាពផងដែរធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចតេជោហ៊ុន សែន ធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់៕
អត្ថបទ ៖ វណ្ណ សុគន្ធា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍