នយោបាយ
ជម្លោះផ្ទៃក្នុងបក្សឯកភាពជាតិខ្មែរ ៖ ប្រធានស្ដីទី ប្ដឹងរកការអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកស្រី ឡាក់ សុភាព អនុប្រធានទី២ និងជាប្រធានស្ដីទីគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការធ្វើសមាជរបស់លោក អ៊ុន ជឹម ដោយអះអាងថា ជាសមាជដែលខុសច្បាប់ ខុសលក្ខន្តិកៈ និងគ្មានការអនុញ្ញាតពីប្រធានគណបក្ស។

នៅក្នុងលិខិតដែលដាក់ជូនសម្ដេចក្រឡាហោម ស ខេង លោកស្រី ឡាក់ សុភាព បានបញ្ជាក់ថា លោក អ៊ុន ជឹម ត្រូវបានប្រធានគណបក្សឯកភាពជាតិខ្មែរធ្វើការបណ្ដេញចេញពីគណបក្សកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ ដូច្នេះហើយ លោកស្រីបានស្នើសុំឱ្យសម្ដេចក្រឡាហោម ស ខេង ជួយធ្វើអន្តរាគមន៍ ដោយលោក អ៊ុន ជឹម នេះ បានប្រព្រឹត្តផ្ទុយទៅនឹងលក្ខន្តិកៈរបស់គណបក្សដែលតម្តល់ទុកនៅក្រសួងមហាផ្ទៃ។
លោកស្រី ឡាក់ សុភាព បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមករា នេះថា លោក អ៊ុន ជឹម បានធ្វើសមាជដោយអនាធិបតេយ្យ គ្មានការសម្រេចពីប្រធាន ឬប្រធានស្ដីទីនោះទេ ដែលនេះ គឺជាផែនការធ្វើបក្សប្រហារ ដើម្បីដណ្ដើមអំណាចពីប្រធានគណបក្ស លោក នៅ សំអាត ដែលកំពុងជាប់បេសកកម្មនៅក្រៅប្រទេស។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើសមាជនេះ ផ្ទុយពីលក្ខន្តិកៈគណបក្សឯកភាពជាតិខ្មែរ ទីមួយ គឺការធ្វើដោយផ្ទុយលក្ខន្តិកៈគណបក្ស២ភាគ៣ នៃការសម្រេចរបស់អង្កសមាជមួយទាំងមូល។ សមាជិកភាព ដែលបានចូលរួមសមាជរបស់បុគ្គល អ៊ុន ជឹម មានគណៈកម្មាធិការនាយកប្រហែល៦ រូបនៅក្នុងប្រទេស នេះជាការបំពានច្បាប់ បំពានលក្ខន្តិកៈរបស់គណបក្សជាតិខ្មែរពេញទំហឹង»។

សូមបញ្ជាក់ថា ជម្លោះផ្ទៃក្នុងគណបក្សជាតិខ្មែរនេះ លោក នៅ សំអាត ក្នុងនាមប្រធានគណបក្សឯកភាពជាតិខ្មែរ តាមរយៈលិខិតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានប្រកាសបណ្តេញលោក អ៊ុន ជឹម ដែលមានតួនាទីជាអនុប្រធានទី១ ចេញពីគណបក្ស ដោយសារតែសាងកំហុសយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់គណបក្ស។ កំហុសទាំងនេះ គឺទី១. បានក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ហើយចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមរិក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ទី២. ធ្វើបក្សប្រហារ ទី៣. កោះប្រជុំសមាជិកដោយគ្មានការអនុញ្ញាតពីប្រធានបក្ស និងប្រធានស្តីទី ទី៤. បង្កើតអប្បគមក្នុងបក្ស ទី៥. ញុះញង់នាំឲ្យមានការបែកបាក់ផ្ទៃក្នុងបក្ស នៅតាមមូលដ្ឋាន ទី៦. មានចេតនា ដណ្តើមតំណែងជាប្រធានបក្ស និងប្រធានស្តីទីដោយគ្មានការឯកភាព ពីគណៈកម្មការអចិន្ត្រៃយ៍ និងគណៈកម្មការនាយក។
ទាក់ទងនឹងការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សឯកភាពជាតិខ្មែរនេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការអត្ថាធិប្បាយពីលោក អ៊ុន ជឹម បាននៅឡើយទេ រហូតដល់ថ្ងៃទី២១ ខែមករា នេះ។
សូមបញ្ជាក់ថា គណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ និងត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?