នយោបាយ
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបការទាមទារ របស់គណបក្សចំនួន ៦
កាលពីពេលថ្មីៗនេះ គណបក្សនយោបាយចំនួន ៦ បានធ្វើញត្តិទាមទាររួមគ្នាមួយឲ្យ គ.ជ.ប រក្សាទុកទម្រង់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (១១០២) ឲ្យនៅដដែល និងឲ្យចែកកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (១១០២) ជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន នៅការិយាល័យរាប់សន្លឹកឆ្នោត ដូចការបោះឆ្នោតមុនៗ។
គណបក្សនយោបាយទាំង ៦ ដេលបានធ្វើញត្តិទាមទារនោះ រួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សកម្ពុជានិយម, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន។
ទាក់ទងការទាមទារនេះ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែមករានេះថា ទិន្នន័យទាក់ទងទៅនឹងសន្លឹកឆ្នោត ដែលមិនបានប្រើ គឺមានបញ្ជាក់នៅក្នុងកំណត់ហេតុ នៃការបោះឆ្នោត។ ដូច្នេះនៅក្នុងកំណត់ហេតុ នៃការបោះឆ្នោតនេះ គេរាប់រាល់សន្លឹកឆ្នោតទាំងឡាយ ដែលមិនទាន់នៅក្នុងហិបឆ្នោត ដូច្នេះនៅពេលបោះឆ្នោតចប់ គេចាប់ផ្ដើមផ្ទៀងផ្ទាត់ និងធ្វើកំណត់ហេតុ នៃការបោះឆ្នោត។
លោកថា នៅក្នុងកំណត់ហេតុ នៃការបោះឆ្នោតនោះ មានដាក់បញ្ចូលនូវចំនួន តួលេខសន្លឹកឆ្នោត ដែលបានទទួលសរុប និងសន្លឹកឆ្នោតដែលមិនបានប្រើ រួមទាំងសន្លឹកឆ្នោតខូច។ មានន័យថា សន្លឹកឆ្នោតទាំងនោះ មិននៅក្នុងហិបឆ្នោតនោះទេ។ បើតាមលោក សោម សូរីដា បន្ទាប់ពីការរាប់សន្លឹកឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (១១០២) ត្រូវបានកត់ត្រានូវចំនួនសន្លឹកឆ្នោត ដែលមាននៅក្នុងកាត់ឆ្នោត ដូច្នេះចំនួនសន្លឹកឆ្នោត ដែលនៅក្នុងហិបឆ្នោតមានប្រភេទសន្លឹកឆ្នោតបានការ និងមិនបានការ ឬរបស់ផ្សេងទៀត ដែលមិនមែនជាសន្លឹកឆ្នោត។ ដូច្នេះសម្រាប់ ១១០២ គឺកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត គ.ជ.ប មិនចុះតួលេខសន្លឹកឆ្នោត ដែលបានរៀបរាប់នៅក្នុងកំណត់ហេតុ នៃការបោះឆ្នោតហើយនោះទេ។
លោកបញ្ជាក់ថា ទិន្នន័យសន្លឹកឆ្នោត ដែលបានទទួល សន្លឹកឆ្នោតដែលបានប្រើ និងសន្លឹកឆ្នោតដែលខូច មានកត់ត្រាច្បាស់លាស់នៅក្នុងកំណត់ហេតុ នៃការបោះឆ្នោត ដែលកំណត់ហេតុនេះ ត្រូវបានចុះហត្ថលេខាជាសាក្សី របស់ភ្នាក់ងារគណបក្សនយោបាយ ដូច្នេះគ្មានអ្វីមួយដែលលាក់លៀមនោះទេ។
ចំណែកកំណត់ហេតុ ១១០២ គឺកត់តាតែចំនួនសន្លឹកឆ្នោត ដែលមាននៅក្នុងហិបឆ្នោត ដែលមានពីរប្រភេទ គឺសន្លឹកឆ្នោតបានការ និងសន្លឹកឆ្នោតមិនបានការ។ ទន្ទឹមនឹងការរាប់សន្លឹកឆ្នោត ដែលមាននៅក្នុងហិបរួចហើយ ទើបកំណត់ហេតុ ១១០២នេះ រាប់ចំនួនសន្លឹកឆ្នោត ដែលគណបក្សនយោបាយនីមួយៗ ទទួលបានក្នុងពេលបោះឆ្នោត។ ដូច្នេះប្រសិនបើគណបក្ស ១០ ឈឈ្មោះនៅក្នុងមណ្ឌលបោះឆ្នោតមួយ គឺឯកសារ ១១០២នេះ កត់ត្រាថា តើគណបក្សនីមួយៗ ទទួលបានសំឡេងគាំទ្រប៉ុន្មាន ដូច្នេះភាពចាំបាច់ ដើម្បីសរសេរឡើងវិញនៅចំនួនសន្លឹកឆ្នោត ដែលទទួលបានសរុប ដែលមិនបានប្រើដែលខូច ដែលបានចុះរួចហើយនៅក្នុងកំណត់ហេតុ នៃការបោះឆ្នោតនោះ គឺជាករណីមិនចាំបាច់នោះទេ ពីព្រោះវាអាចធ្វើឲ្យមានការភាន់ច្រឡំ។
ទាក់ទងទៅនិងមន្ត្រីការិយាល័យបោះឆ្នោត លោក សោម សូរីដា បានបញ្ជាក់ថា មន្ត្រីការិយាល័យបោះឆ្នោត ទទួលការបណ្ដុះបណ្ដាលតែមួយថ្ងៃប៉ុណ្ណោះ ហើយនឹងចាប់ផ្ដើមប្រតិបត្តិការបោះឆ្នោតមួយថ្ងៃ ដូច្នេះមួយថ្ងៃនៃប្រតិបត្តិការបោះឆ្នោត ដោយមន្ត្រីការិយាល័យបោះឆ្នោត ៦នាក់នេះ គឺចាប់ផ្ដើមពីម៉ោង៦ព្រឹក រហូតដល់បញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការវេចខ្ចប់សម្ភារៈឯកសារបោះឆ្នោត បញ្ជូនទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត។
ដូច្នេះក្នុងរយៈពេលមួយថ្ងៃនេះ តើគាត់បំពេញការងារបែបណា នៅក្នុងថ្ងៃបោះឆ្នោតនេះ គឺមានទម្រង់បែបបទជាច្រើន ដែលគាត់ត្រូវបំពេញ រួមទាំងការងារជាច្រើនដែលពួកគាត់ត្រូវធ្វើ ហើយអ្វីដែលជាការលើកឡើង របស់ភ្នាក់ងារគណបក្សនយោបាយទាំង ៦នេះ ហាក់ដូចជាអត់បានធ្វើអ្វីសោះ សម្រាប់ភ្នាក់ងាររបស់ខ្លួន ដែលចាត់ឲ្យចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត។
មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនោះលើកឡើងទៀតថា ជាទូទៅភ្នាក់ងារគណបក្សនយោបាយ តែងតែទទួលបានការបណ្ដុះបណ្ដាល អំពីការចុះតាមដាន ត្រួតពិនិត្យដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ដូច្នេះតើពួកគាត់ទៅទីនោះដើម្បីអ្វី? គឺទៅតាមដានពិនិត្យមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គាត់ទៅដោយភ្ជាប់នូវសម្ភារៈបរិក្ខា សម្រាប់ការកត់ត្រាពីដំណើរការទូទៅ ជាពិសេសលទ្ធផលនៃការបោះឆ្នោត ហើយអ្វីដែលគាត់កត់ត្រានេះ ដើម្បីផ្ទៀងផ្ទាត់ជាមួយលទ្ធផល ដែលគណបក្សការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតបង្កើតបាន។
បើគាត់ចាំទៅយកលទ្ធផល ពីគណៈកម្មាធិការការិយាល័យបោះឆ្នោតដដែល សួរថាគាត់មានអ្វី ដើម្បីផ្ទៀងផ្ទាត់ ជាមួយគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត?។ លោកថា ការផ្ទៀងផ្ទាត់ គឺដើម្បីជាសាក្សីចុះហត្ថលេខា ទៅលើកំណត់ហេតុបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដូច្នេះបើគាត់មិនកត់ត្រាសោះ ហើយរង់ចាំតែលទ្ធផលរបស់គណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត តើគាត់មានអ្វីទៅផ្ទៀងផ្ទាត់ ដើម្បីចូលរួមចុះហត្ថលេខាជាសាក្សី? នេះជាចំនុចមួយដែលគួរពិចារណា។
លោក សោម សូរីដា បានឲ្យដឹងដែរថា សម្រាប់កំណត់ហេតុ ១១០១ និងកំណត់ហេតុ ១១០២ គឺធ្វើឡើង នៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលពួកគាត់កត់ត្រាបាននៅតួលេខ ដែលមាននៅក្នុងកំណត់ហេតុទាំងពីរ នៅពេលបញ្ចប់ការរាប់សន្លឹកឆ្នោត ហើយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ១១០២នេះ គឺមានបិទនៅមុខការិយាល័យបោះឆ្នោត។
ដូច្នេះកំណត់ហេតុនេះ គ្មានការលាក់លៀមទេ ជាកំណត់ហេតុមួយ ដែលបើកចំហ ហើយនៅថ្ងៃដដែល គឺថ្ងៃបោះឆ្នោត ពួកគាត់ក៏អាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះ នៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ផងដែរ ដែលនៅទីនោះមានដាក់ឯកសារទាំងអស់ ពាក់ព័ន្ធទៅនឹងលទ្ធផល នៃការបោះឆ្នោត បញ្ចូលទៅក្នុងកុំព្យូទ័រ ហើយគេនឹងបោះពុម្ពចេញពីកុំព្យូទ័រវិញ ដើម្បីចែកជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាននៅទីនោះ នៅថ្ងៃបោះឆ្នោត ដូច្នេះពាក្យថា លាក់លៀមកំណត់ហេតុ នៃការបោះឆ្នោត ឬកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត ឬអ្វីផ្សេងៗទៀតនោះ គឺគ្មានទាល់តែសោះ។
លោក សោម សូរីដា ថា ការទាមទារនៅក្នុងញត្តិរបស់គណៈបក្សទាំង៦ សម្រាប់គ.ជ.ប អាចនិយាយថា គឺជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងយន្តការការងារ និងក្នុងលំហូរនៃការអនុវត្តការងាររបស់ គ.ជ.ប គឺធ្វើអោយមានប្រសិទ្ធភាពការងារផង ធ្វើឲ្យមានតម្លាភាពការងារផង នឹងធ្វើឲ្យមានភាពត្រឹមត្រូវនៅក្នុងដំណើរការផង។ លោកអះអាងថា អ្វីៗទាំងអស់ ដែលអនុវត្តនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យរបស់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។
ជាមួយគ្នានោះលោក សោម សូរីដា បានអំពាវនាវដល់គណបក្សនយោបាយដែលបានចាត់ភ្នាក់ងាររបស់ខ្លួន ដើម្បីតាមដានសង្កេតមើលការបោះឆ្នោត សូមឱ្យភ្នាក់ងារទាំងអស់នោះទទួលការបណ្ដុះបណ្ដាលឲ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថា តើគាត់ទៅការិយាល័យបោះឆ្នោតធ្វើអី ? ពេលណា? នៅកន្លែងណា ? ហើយអ្វីខ្លះ ដែលពួកគាត់ត្រូវតាមដាន និងត្រួតពិនិត្យ។ ពីព្រោះពួកគាត់ទាំងអស់ គឺជាតំណាងឲ្យគណបក្សនយោបាយ ដូច្នេះជាតំណាងឲ្យគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយ ពួកគាត់ត្រូវតែមានការកត់ត្រាច្បាស់លាស់ ជាពិសេសលទ្ធផល នៃការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតហើយការកត់ត្រាច្បាស់លាស់នេះហើយ គឺជាភស្តុតាងផ្ទៀងផ្ទាត់ជាមួយកំណត់ហេតុ នៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលគណៈកម្មការបោះឆ្នោត និងរាប់សន្លឹកឆ្នោតរៀបចំរួច ហើយពួកគាត់ នឹងចុះហត្ថលេខាជាសាក្សី នៅពេលមើលឃើញថាកំណត់ហេតុនោះ បានកត់ត្រាត្រឹមត្រូវ ទាំងកំណត់ហេតុ នៃការបោះឆ្នោត១១០១ និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត១១០២ ដូច្នេះការកត់ត្រារបស់ពួកគាត់នេះសំខាន់ណាស់ ដែលជាមូលដ្ឋានសម្រាប់ការផ្ទៀងផ្ទាត់ជាមួយលទ្ធផល ដែលគណៈកម្មការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានបង្កើត៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?