នយោបាយ
ប្រេសិតពិសេសអាស៊ាន៖ មិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញឱ្យដើរថយក្រោយនោះទេ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានលើកឡើងពីបញ្ហាប្រទេសមីយ៉ាន់ម៉ា ខណៈលោកផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាព នៃប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង១០យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីភាពស្មុគស្មាញចាក់ស្រេះ នៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការវិវត្តថ្មីៗ នៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកក៏បានជម្រាបជូនប្រធានក្រុមប្រឹក្សា អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់សម្តេច តេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។

ខណៈពេលជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ច រួមមាន៖
ទី១, ភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងណៃពិដោឡើងវិញ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ការបញ្ចប់អំពើហិង្សា និងការបន្តបទឈប់បាញ់ដោយភាគីពាក់ព័ន្ធទាំងអស់ គឺជាការចាំបាច់ដោយខានមិនបានក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន
ទី២, ដើម្បីធានាថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា អាចប្រព្រឹត្តទៅបាន ដើម្បីជួយសម្រួលដល់ការសម្របសម្រួលនៃកិច្ចសន្ទនាដោយភាគីពាក់ព័ន្ធផ្ទាល់ និងទី៣, ដើម្បីធានាបាននូវការផ្តល់ជំនួយមនុស្សធម៌ ដោយសុវត្ថិភាព និងឆាប់រហ័សទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកកម្មដើម្បីទម្លុះទម្លាយភាពជាប់គាំង។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត។ សម្ដេចតេជោ បានទៅទីនោះ ដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផលពីដើមឈើនោះបាន”។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឥឡូវនេះ លោកកំពុងធ្វើការលើការរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាព របស់លោកក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ ដែលគ្រោងរៀបចំពីថ្ងៃទី ១៦-១៧ ខែកុម្ភៈ ជាការត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ចប់ការផ្តល់ព័ត៌មានរបស់លោក ដោយសង្កត់ធ្ងន់ថា គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតី នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញ អាស៊ាន។ នៅមានបញ្ហា និងការប្រឈមជាច្រើនផ្សេងទៀតក្រៅពីវិបត្តិនៅមីយ៉ានម៉ា ដែលអាស៊ានត្រូវការដោះស្រាយ និងបានបន្ថែមថា លើសពីនេះ យើងត្រូវរែកពុនសុខុមាលភាពតំបន់ទាំងមូល យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ាទាញយើងឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះរួមគ្នា៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?