នយោបាយ
ដឹងទេ! តើកម្ពុជា លុបចោលទោសប្រហារជីវិតតាំងពីពេលណា?
បច្ចុប្បន្ននេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហាញចេតនាចង់ឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ទោសប្រហារជីវិតឡើងវិញ។ នេះ គឺមកពីពួកគេមានការខឹងសម្បារយ៉ាងខ្លាំងទៅលើជនប្រព្រឹត្តបទល្មើសឃោរឃៅមួយចំនួនដូចជា បទល្មើសរំលោភសម្លាប់ ការរំលោភយ៉ាងព្រៃផ្សៃលើកុមារ និងការជូញដូរមនុស្សជាដើម។ ប៉ុន្តែ នៅពេលនេះ «កម្ពុជាថ្មី» មិនវិភាគលើបញ្ហានេះទេ តែសូមលើកឡើងពីដំណើរដើមទងនៃការលុបចោលទោសប្រហារជីវិតនៅក្នុងប្រទេសកម្ពុជា។

កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយរណស្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានរួមគ្នាជាមួយកងទ័ពវៀតណាមវាយផ្តួលរំលំរបបខ្មែរក្រហម។ ការលុបចោលទោសប្រហារជីវិតនេះ ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រានេះ បានចែងថា៖ «ពលរដ្ឋទាំងអស់ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយគ្មានទោសប្រហារជីវិតឡើយ»។ ទោសប្រហារជីវិត នេះ ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។
មានហេតុផលសំខាន់ៗចំនួន២ដែលអ្នកវិភាគអះអាងថាដែលនាំទៅដល់ការសម្រេចលុបចោលទោសប្រហារជីវិតនេះ។ ទី១. គឺដោយសារតែកម្ពុជា បានធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលយ៉ាងជោគជាំនៅក្នុងអតីតកាល ជាពិសេស គឺការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម។ ដូច្នេះហើយ កម្ពុជា មិនចង់ឃើញមានការប្រហារជីវិតតាមរួបភាពណាមួយ បន្ទាប់ពីប្រជាពលរដ្ឋខ្លួនទើបរស់រានមានជីវិតឡើងវិញនោះឡើយ។ ទី២. ដោយសារតែកម្ពុជា ជារដ្ឋភាគីនៃកតិកាសញ្ញាស្តីពីសិទ្ធិប្រជាពលរដ្ឋ និងនយោបាយ និងជាភាគីនៃពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត។ អាស្រ័យហេតុនេះ កម្ពុជា ត្រូវគោរពទៅតាមកតិកាសញ្ញា និងពិធីសារទី២នេះ។

មែនទែនទៅ ការលុបចោលទោសប្រហារជីវិតនេះ មិនមែនមានតែកម្ពុជានោះទេ។ គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេស២ភាគ៣លើលោកហើយ បានលុបចោលទោសប្រហារជីវិតនេះ។ នេះបើតាមរបាយការណ៍របស់អង្គការលើកលែងអន្តរជាតិ(Amnesty Internation)។ ចំណែក អង្គការ The Death Penalty Information Center (DPIC)វិញ បានអះអាងថា ប្រទេសចំនួន ១០៨ បានលុបចោលទោសប្រហារជីវិតគ្រប់បទឧក្រិដ្ឋទាំងអស់ ខណៈ៨ប្រទេស លើកលែងទោសប្រហារជីវិតសម្រាប់បទឧក្រិដ្ឋកម្មទូទៅ និងប្រទេសចំនួន ២៨ រក្សាទោសប្រហារជីវិត តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ។ រីឯ ប្រទេសចំនួន៥៥ បានរក្សា និងអនុវត្តទោសប្រហារជីវិតនេះដដែល។
ដោយឡែក ប្រទេសជាសមាជិកអាស៊ានវិញ គឺ ប្រទេសកម្ពុជា និងហ្វីលីពីន បានលុបចោលទោសប្រហារជីវិតគ្រប់បទឧក្រិដ្ឋទាំងអស់ ខណៈដែលប្រទេសព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅរក្សាទោសនេះ តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ប៉ុន្តែ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម នៅតែរក្សាទោសប្រហារជីវិត និងបន្តអនុវត្តទោសនេះមកដល់ពេលបច្ចុប្បន្ន៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?