នយោបាយ
លោក កុយ គួង ប្រាប់ លោក សោរ ចាន់ដេត ឲ្យឈប់ប្រើប្រាស់«គំនិតពុតត្បុតអាក្រក់»ទៀតទៅ
លោក កុយ គួង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ បានផ្តែផ្តាំទៅលោក សោរ ចាន់ដេត ដែលជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ ឲ្យឈប់ប្រើប្រាស់នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់មកលាបពណ៌លើរូបលោកទៀតទៅ។

ប្រតិកម្មរបស់លោក កុយ គួង នេះ បានធ្វើឡើងបន្ទាប់ពីលោក សោរ ចាន់ដេត បានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់ខ្លួនពីទីក្រុងម៉ុងរ៉េអាល់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ថា៖ «អ្នកបន្តវេន សម រង្ស៊ី ជានរណា ? ជាង៣០ឆ្នាំមកនេះ លោកប្រធាន សម រង្ស៊ី បានធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាយើង បានយ៉ាងច្រើនពាសពេញផ្ទៃប្រទេស មិនថាយុវជនរស់នៅទីក្រុង ឬនៅជនបទ សូម្បីតែអ្នកនៅក្នុងទួលក្រសាំងមួយចំនួន ក៏ធ្លាក់ត្រូវបានចេញពី “វិទ្យាល័យ សម រង្ស៊ី” ដែរ។ ជាក់ស្ដែងដូចជា៖ លោក កុយ គួង …»។
ចំពោះការលើកឡើងនេះ លោក កុយ គួង បានលើកឡើងថា លោក សោរ ចាន់ដេត បានធ្វើការចោទប្រកាន់ដោយលាបពណ៌ដល់យុវជនជាច្រើននាក់ ក្នុងនោះ បានលើកយកឈ្មោះរបស់លោក ដែលបានចាកចេញពីអតីតគណបក្សសម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ មកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានបំរើការងារជូនគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរហូតមកដល់បច្ចុប្បន្ននេះ។ លោកសោរ ចាន់ដេតថា លោកកុយ គួង នៅរក្សា “ឆន្ទះ សម រង្ស៊ី និយម” ស្អីគេនោះ។ ប៉ុន្តែ លោក កុយ គួង បានបញ្ជាក់៥ចំណុចទៅវិញ គឺទី១. លោកថា លោកមិនដែលធ្វើជាប្រធានចលនាយុវជនជាតិខ្មែរនៃគណបក្សសម រង្ស៊ី ម្តងណាឡើយ។ ទី២. ចលនាចាកចេញជាក្រុមធំពីអតីតគណបក្សសម រង្ស៊ី ដើមឆ្នាំ២០០៨ កើតឡើងដោយសារថ្នាក់ដឹកនាំគណបក្សនេះនិយាយផ្សេង ធ្វើផ្សឹង គឺដើរផ្ទុយទាំងស្រុងពីបាវចនាទាំងបីរបស់គណបក្ស «សីលធម៌ សច្ចៈធម៌ យុត្តិធម៌» ហើយដឹកនាំការងារគណបក្សផ្ទុយពីបទបញ្ជាផ្ទៃក្នុងគណបក្ស និងគោលការណ៍ប្រជាធិបតេយ្យ ដែលខ្លួនប្រកាសថា ជាគណបក្សប្រជាធិបតេយ្យធំជាងគេ។

ទី៣. លោក សម រង្ស៊ី ដែលពេលនោះ ជាប្រធានគណបក្សសម រង្ស៊ី បានហៅការចាកចេញជាក្រុមធំនេះថា ជាសាច់ស្អុយត្រូវកាត់ចេញពីគណបក្ស ដោយឥតស្តាយស្រណោះអ្វីឡើយ។ ពេលគេព្រមនៅជាមួយខ្លួន ហៅគេថា ជាមនុស្សសំខាន់មានតម្លៃ។ តែពេលគេមិនពេញចិត្តនឹងការដឹកនាំរបស់ខ្លួន ហើយដើរចេញ ហៅគេថា ជាសាច់ស្អុយដែលត្រូវកាត់ចោល។ ទី៤. គណបក្សប្រជាជនកម្ពុជា បានយល់ព្រមទទួលស្វាគមន៍យ៉ាងកក់ក្តៅបងប្អូន ដែលបានចាកចេញពីគណបក្សសម រង្ស៊ីនាពេលនោះ និងជាបន្តបន្ទាប់ ប្រកបដោយទឹកចិត្តទូលំទូលាយមានគុណធម៌ខ្ពស់ និងបានទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ស្មើៗគ្នាដោយឥតរើសអើង ថាអ្នកចាស់ ឬអ្នកថ្មីឡើយ។ ជាងនេះទៀត គណបក្សប្រជាជនកម្ពុជាបានផ្តល់សេចក្តីទុកចិត្ត ហើយប្រគល់ការងារជាច្រើនជូនបងប្អូនទាំងអស់នោះ ទាំងក្នុងក្របខណ្ឌគណបក្ស និងក្របខណ្ឌរាជការទៅតាមចំណេះជំនាញរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។
ចំណុចទី៥. លោកថា បានចោទសួរថា តើបុគ្គល សោរ ចាន់ដេត មានចេតនាអាក្រក់ពុតត្បុតកម្រិតណា ដែលបែរជាមកលាបពណ៌ដល់អ្នកដែលត្រូវលោក សម រង្ស៊ី ហៅថាជាសាច់ស្អុយ ចាំបាច់ត្រូវកាត់ចេញពីគណបក្សតាំងពីឆ្នាំ២០០៨ហើយនោះ? តើបុគ្គលរូបនេះ យល់ឃើញថា ប្រធានរបស់ខ្លួន (សម រង្ស៊ី ) អស់ផ្លូវលែងមានអ្នកគាំទ្រ ឬដើរតាមទៀតហើយឬ ទើបមកលាបពណ៌មនុស្សដែលដើរចេញតាំងពីឆ្នាំ២០០៨ ថានៅរក្សា “ឆន្ទះ សម រង្ស៊ី និយម” ទៀតនោះ?៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល