Connect with us

នយោបាយ

អាស៊ាន សម្រេចមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មកចូលរួមកិច្ច​ប្រជុំនៅកម្ពុជានាពេលខាងមុខទេ

បានផុស

នៅ

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលរៀបចំឡើងនៅកម្ពុជានាថ្ងៃទី១៦ និង១៧ ខែកុម្ភៈខាងមុខនេះ នឹងមិនមានវត្តមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកចូលរួមនោះទេ។ នេះ គឺដោយសារប្រទេសជាសមា​ជិកអាស៊ានទាំងអស់ បានឯកភាពគ្នាសម្រេចមិនអញ្ជើញឡើយ ដោយសារតែមានវឌ្ឍនភាពតិចតួចក្នុងការអ​នុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចដែលកំណត់ដោយសមាជិកអាស៊ានទាំងអស់។ នេះបើតាមការគូសបញ្ជាក់របស់លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានារសៀលថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ ជំនួសមកវិញ សមាជិកអាស៊ានទាំងអស់ រួមទាំងកម្ពុជា ជាប្រធានអាស៊ានផង បានសម្រេចស្នើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកចូលរួមកិច្ចប្រជុំនេះ។ លោក ជុំ សុន្ទរី បានអះអាងថា ប្រទេសសមាជិកអាស៊ានទាំងអស់ បានលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យមកចូលរួមកិច្ចប្រជុំជំនួសដោយភាគីដែលមិនជាប់ពាក់ព័ន្ធនយោបាយ ប្រសើរជាងទុកកៅអីឱ្យនៅទំនេរ។ ប៉ុន្តែ អ្វីៗ គឺវាអាស្រ័យ​លើរដ្ឋាភិបាលមីយ៉ាន់ម៉ា។

សូមបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ ធ្លាប់បានគូសបញ្ជាក់រួចមកហើយថា អាស៊ាន នឹងអញ្ជើញរដ្ឋាភិបាលមីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំអាស៊ាននានាដែលនឹងរៀបចំជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ ប្រសិនបើមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃការអ​នុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ បើមិនមានវឌ្ឍនភាពណាមួយទេ មីយ៉ាន់ម៉ា អាចត្រឹមតែបញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោ​បាយមកចូលរួមកិច្ចប្រជុំបានតែប៉ុណ្ណោះ។

កិច្ចព្រមព្រៀង៥ចំណុចដែលឯកភាពជាឯកច្ឆន្ទដោយសមាជិកអាស៊ាន ដាក់ឲ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តតាមនេះ គឺរួមមាន ទី១. រាល់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ត្រូវរក្សាភាពអត់ធ្មត់ឲ្យបានខ្ពស់បំផុត។ ទី២. ភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ា រីឯទី៣.ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវធ្វើការជួយសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ចំណែក ទី៤. អាស៊ាន ត្រូវផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន និងទី៥ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីដែលពាក់ព័ន្ធ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម