នយោបាយ
គណបក្សនយោបាយ ស្វាគមន៍ចំពោះការណែនាំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់អាជ្ញាធរមូលដ្ឋាន
គណបក្សនយោបាយ បានបង្ហាញការស្វាគមន៍ និងចាត់ទុកថា ជារឿងដ៏ត្រឹមត្រូវមួយ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ នៅក្នុងការធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជី នៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាពដើម្បីចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ អាណត្តិទី ៧ ឆ្នាំ ២០២៣។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែកុម្ភៈនេះថា លោកសូមស្វាគមន៍ ចំពោះការស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ ឲ្យបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ចំពោះការធ្វើសកម្មភាព ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខ។

លោកមានប្រសាសន៍បន្តថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវអនុវត្តនូវបទបញ្ជា និងសេចក្ដីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីព្រោះការធ្វើសកម្មភាពនយោបាយ របស់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជី នៅក្រសួងមហាផ្ទៃ គឺស្របទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។
លោក ពេជ្រ ស្រស់ បានលើកឡើងថា «អាជ្ញាធរមូលដ្ឋាន មានកាតព្វកិច្ចការពារ គ្រប់គណបក្សនយោបាយទាំងអស់ ហើយអាជ្ញាធរមូលដ្ឋាន ពុំគួរធ្វើសកម្មភាពរារាំង សកម្មភាពរបស់គណបក្សទេ អញ្ចឹងធ្វើយ៉ាងណា ដើម្បីឲ្យការបោះឆ្នោតរលូនបាន លុះត្រាតែអាជ្ញាធរស្គាល់ កាតព្វកិច្ចខ្លួនឯងច្បាស់ ក្នុងការគាំពារ គណបក្សនយោបាយទាំងអស់»។
លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងដែរថា ការចេញសេចក្ដីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីឲ្យបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាននោះ គឺរឿងដ៏ត្រឹមត្រូវមួយ ដើម្បីឲ្យអាជ្ញាធរអនុវត្តច្បាប់ ស្ដីពី គណបក្សនយោបាយ, ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់, ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ, និងនីតិវិធីនៃការបោះឆ្នោតជាដើម។

ជាមួយគ្នានេះ លោក ខឺយ ស៊ីនឿន សង្ឃឹមថា អាជ្ញាធររាជធានី-ខេត្តទាំងអស់ នឹងអនុវត្តឲ្យបានត្រឹមត្រូវ នូវសេចក្ដីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញកាលពីពេលថ្មីៗនេះ។ លោកថា «ខ្ញុំយល់ថា ប្រសិនជាអាជ្ញាធរថ្នាក់ក្រោមជាតិ លោកគោរពទៅតាមសេចក្ដីណែនាំ ៣១៦ សជណនេះ យើងសង្ឃឹមថា នឹងមានប្រសិទ្ធភាព ហើយអនុវត្តទាំងអស់គ្នា»។
នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដល់អភិបាលរាជធានី-ខេត្ត ជ្រាប និងត្រូវចាត់ចែងផ្សព្វផ្សាយ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីផ្ដល់កិច្ចសហការគាំទ្រ និងសម្របសម្រួលក្នុងការអនុវត្តកិច្ចការខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល