នយោបាយ
អាស៊ាន-សហភាពអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសហើយ
តាមលទ្ធផល នៃវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសនាព្រឹកនេះ បានឲ្យដឹងថា នៅក្នុងសម័យ ថ្នាក់ដឹកនាំបានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលស្តែងចេញពីទស្សនៈរបស់សហភាពអឺរ៉ុប-អាស៊ាន និងបណ្តាប្រទេសនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។
ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំ បានសម្តែងនូវក្តីបារម្ភរួមគ្នាអំពីទស្សនៈគោល នៃពិភពលោក ដែលអាចនាំទៅដល់ការប្រឈមមុខគ្នា, ការប្រកួតប្រជែងគ្នា និងភាពតានតឹង។ អឺរ៉ុប និងបណ្តាប្រទេសនានាក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក អាចរួមដៃគ្នា ដើម្បីផ្តល់ជម្រើស នៃរបៀបរៀបរយក្នុងតំបន់ ដែលមានលក្ខណៈពហុភាគី ផ្អែកលើច្បាប់ និងបើកចំហសម្រាប់ផលប្រយោជន៍ នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។
ទាក់ទងបញ្ហានេះ អាស៊ានដែលត្រូវបានទទួលស្គាល់ថា ជាតួអង្គកណ្តាលមួយនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយថ្នាក់ដឹកនាំដែលចូលរួមនក្នុងវេទិកាបានលើកទស្សនៈថា អាស៊ាន និងអឺរ៉ុប គួរតែខិតខំប្រឹងប្រែង ដើម្បីស្វែងរកការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការស្តារសេដ្ឋកិច្ច សុវត្ថិភាពផ្នែកសុខភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការការពារជីវចម្រុះ។
ក្នុងនាមសមាជិកមួយរូប នៃកិច្ចប្រជុំពេញអង្គ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់តែច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះការបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយរវាងអាស៊ាន-សហភាពអឺរ៉ុប ហើយទន្ទឹងរង់ចាំការសម្រេចបាននាពេលអនាគត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប។ ជាមួយគ្នានោះ លោកបានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីការចូលជាធរមាន នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការភ្ជាប់ជាក់ស្តែងរវាងផែនការមេ នៃការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងច្រកទ្វារសកលនៃសហភាពអឺរ៉ុប។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវគោលគំនិតអាស៊ាន ក្នុងការរៀបចំទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដោយជឿជាក់ថា ទស្សនវិស័យនេះ អាចជាវេទិកា ដើម្បីសម្រួលដល់ការបំពេញបន្ថែមក្នុងចំណោមកំណែទម្រង់ផ្សេងៗ នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីសម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជា-ពលរដ្ឋ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមការអញ្ជើញរួមរបស់លោក Jean-Yves Le Drian រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដែលវេទិកានេះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំនួនប្រមាណ៣០៕ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត