Connect with us

នយោបាយ

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ថា មិនទាន់មាន​គោលការណ៍​ធ្វើ​-​ក​បក្ស​ភ្លើងទៀន​ទេ គ្រាន់តែ​ប្រមូល​ឯកសារ​ទុក

បានផុស

នៅ

​ទណ្ឌិត សម រង្ស៊ី ក៏ដូចជា​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នី​រទេស​ខ្លួន​នៅក្រៅ​ប្រទេស បាននិងកំពុង​ធ្វើ​សកម្មភាព​មួយចំនួន ដើម្បី​ស្វែងរក​ការគាំទ្រ​សម្រាប់​គណបក្ស​ភ្លើងទៀន ដែល​សកម្មភាព​គៀគរ​នេះ អាចធ្វើ​ឲ្យ​គណបក្ស​មួយ​នេះ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នៅថ្ងៃនេះ​ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ឃើញ​គោលការណ៍​អ្វី ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ភ្លើងទៀន​នៅឡើយ​ទេ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​មិនទាន់មាន​ឃើញ​គោលការណ៍​អ្វី ដើម្បី​ធ្វើ​-​ក ភ្លើងទៀន​នៅឡើយ​ទេ​។ តែ​ល្ងាច​មិញ ភ្លើងទៀន​នេះ ឃើញ​ដាក់ពាក្យ​មក​ស្នើសុំ​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​ក្រឡាហោម​ទៀត ដោយ​លើក​ហេតុផល​ប្រសាសន៍​ណែនាំ​របស់​សម្ដេច​ក្រឡាហោម និង​សម្ដេច​តេ​ជោ ដែល​ណែនាំ​។ អត់​ទាន់​មាន​គោលការណ៍​អី​ដើម្បី​ធ្វើ​-​ក​ទេ​”​។

​ទោះជា​យ៉ាងណា នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា យើង​គ្រាន់តែ​ប្រមូល​ព័ត៌មាន​ទុក ហើយ​នៅពេលណា ដែល​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ គឺ​យើង​មាន​ភស្តុតាង មាន​ឯកសារ​អាច​ប្រើប្រាស់​បាន ដូច​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​គណបក្ស​ភ្លើងទៀន ដែលមាន​អតីតភាព​ពី​គណបក្ស​សមរង្ស៊ី មាន​លោក ទាវ វ​ណ្ណុល ជា​ប្រធាន ហើយ​ដោយសារតែ​លោក​អវត្តមាន​នៅក្នុង​ប្រទេស បច្ចុប្បន្ន​គណបក្ស​នេះ​ដឹកនាំ​ដោយ​លោក ថាច់ សេដ្ឋា ជា​ប្រធានស្តីទី និង​ជាម​នុស្ស​ជំនិត​របស់លោក សម រង្ស៊ី និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា ដែលជា​ស្ថាបនិក​មួយរូប​នៃ​គណបក្ស​សមរង្ស៊ី​។ តាមច្បាប់​ស្តីពី​គណបក្សនយោបាយ ប្រសិនបើ​គណបក្ស​នេះ នៅតែមាន​ការគាំទ្រ និង​គៀគរ​ស្វែងរក​ការគាំទ្រ​ដោយ​ទណ្ឌិត សម រង្ស៊ី ក៏ដូចជា​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ គណបក្ស​នេះ នឹង​ជួប​ហានិភ័យ​ជាក់​ជាមិនខាន​។

​ទណ្ឌិត សម រង្ស៊ី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ បាន​ចែករំលែក​អត្ថបទ​មួយ​របស់​កាសែត​ខ្មែរ​ថា​ម​ស៍ទាំង​ភាសា​អង់គ្លេស និង​ខ្មែរ ដែល​បាន​លើកឡើងថា គណបក្ស​ភ្លើងទៀន​ថា ៩០​ភាព​រយ​នៃ​អតីត​មេឃុំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈរឈ្មោះ​ឲ្យ​បក្ស​របស់ខ្លួន​។ ក្នុងនោះ ទណ្ឌិត សម រង្ស៊ី បានសរសេរថា “​លើកលែងតែ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​គណបក្ស​ណា​ទៀត ក្រៅពី​គណបក្ស​ភ្លើងទៀន​ទេ ដែលមាន​មធ្យោបាយ និង​ធនធានមនុស្ស​គ្រប់គ្រាន់ ដើម្បី​ដាក់​បេក្ខជន​របស់ខ្លួន នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​”​។

​ដោយឡែក​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​នៅ​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ទណ្ឌិត សម រង្ស៊ី បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា “​គំនិត​ខ្ញុំ​កើត កំណើត​ខ្ញុំ​មាន នាំគ្នា​អុជ​ទៀន សង្គ្រោះ​ជាតិ​យើង​” ហើយ​នៅក្នុង​បទ​សម្ភាស​ន៏​ជាមួយ​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ ទណ្ឌិត សម រង្ស៊ី បាន​និយាយថា លោក​នឹងធ្វើ​សកម្មភាព​គាំទ្រ​ចំពោះ​គណបក្ស​ណា ដែលមាន​ជំហរ​ដូច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​មើលមិនឃើញ​មាន​គណបក្ស​ណា​ក្រៅពី​គណបក្ស​ភ្លើងទៀន​ទេ។

ដោយឡែក​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង និង​លោក ហូរ វ៉ាន់ ជាដើម ក៏បាន​រៀបចំ​ពិធី​អុជ​ទៀន និង​ប្រើពាក្យ “​គំនិត​ខ្ញុំ​កើត កំណើត​ខ្ញុំ​មាន នាំគ្នា​អុជ​ទៀន សង្គ្រោះ​ជាតិ​យើង​” នេះដែរ​។

លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ​របស់ លោក កឹម សុខា ធ្លាប់បាន​លើកលើងថា នេះ​ជា​ភស្តុតាង​ដ៏​រឹងមាំ​មួយទៀត ដែល​លោក សម រង្ស៊ី បង្ហាញថា មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ភ្លើងទៀន ហើយ​ភស្តុតាង​នេះ គឺជា​ភស្តុតាង​ដែល​មិនអាច​ប្រកែក​បាន​ថា គាត់​កំពុង​ដឹកនាំ បញ្ជា និង​ធ្វើ​យុទ្ធនាការ​ឲ្យ​គណបក្ស​ភ្លើងទៀន​។ លោក​បន្តថា សកម្មភាព​របស់ សម រង្ស៊ី បំពាន​ច្បាប់​ស្តីពី​វិសោធនកម្ម នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បានអនុម័ត​កាលពី​ឆ្នាំ​២០១៧ ដែល​ហាមឃាត់​ទណ្ឌិត​មិន​ឲ្យ​ធ្វើ​ដូច្នេះ​។ លោក​កំពុង​រង់ចាំ​មើលថា តើ​ក្រសួងមហាផ្ទៃ នឹង​អនុវត្ត​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​ដូច​ក្រសួង​បាន​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរឬទេ​។

​យោងតាម​មាត្រា​៦. ថ្មី (​ពីរ​) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​បាន​បញ្ជាក់ថា គ្រប់​គណបក្សនយោបាយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដូចខាងក្រោម​៖ …​ប្រើប្រាស់​សារ​ជា​សំឡេង​រូបភាព​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស ពីបទ​ឧក្រិដ្ឋ​ពីបទ​ម​ជ្ឈឹ​ម​ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ស​ម្រា​ប់​គណបក្ស​របស់ខ្លួន​, យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ទោស ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ សម្រាប់​គណបក្សនយោបាយ​របស់ខ្លួន​, គាំទ្រ ឬ​រៀបចំ​ផែនការ​ឃុំ​ឃិត​ជាមួយ​អា​រ័ត្ន​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង នឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​មានចែង​ពីរ​ចំណុច​ទី​១ ដល់​ចំណុច​ទី​៥ ខាងលើ​។​

​ដោយឡែក​មាត្រា​៤៤ ថ្មី (​ពីរ​) បាន​បញ្ជាក់ថា ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦ ថ្មី (​ពីរ​) នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ តុលាការ​អាច​សម្រេច​ដូចខាងក្រោម​៖ ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើសពី​៥​ឆ្នាំ​, រំលាយ​គណបក្សនយោបាយ​នោះ​។

​មាត្រា​១២ ថ្មី នៃ​ច្បាប់​នោះបាន​ចែងថា ប្រធាន និង​អនុប្រធាន​នៃ​គណបក្សនយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្សនយោបាយ មិន​ត្រូវជា​បុគ្គល​ដែលជា​ទណ្ឌិត​ជាប់ទោស​ដាក់​ពន្ធ​ធនាគារ​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ដោយ​គ្មាន​ការព្យួរទោស​ឡើយ​។ មាត្រា​៣៨ ថ្មី ចែងថា គ្រប់​គណបក្សនយោបាយ​ទាំងអស់​ត្រូវគោរព​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​ដទៃទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម