នយោបាយ
កិច្ចសម្ភាសពិសេស! លោក វ៉ាង វិនធាន៖ «ចិន មិនដែលមានបំណងចង់គ្រប់គ្រងកម្ពុជាសោះឡើយ»
នៅថ្ងៃនេះ សារព័ត៌មាន«កម្ពុជាថ្មី» បានធ្វើបទសម្ភាសជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃប្រទេសចិនប្រចាំកម្ពុជាជុំវិញបញ្ហាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន គម្រោងជួយរបស់ចិនដល់កម្ពុជា ជំហររបស់ចិនចំពោះបញ្ហានៅសមុទ្រចិនខាងត្បូង និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ចំពោះកម្ពុជាដែលជាមិត្តដែកថែប លោកឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ថា ចិន បានជួយកម្ពុជាច្រើន ប៉ុន្តែចិន មិនដែលមានបំណងចង់គ្រប់គ្រងកម្ពុជាសោះឡើយ។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសទាំងស្រុងរវាង«កម្ពុជាថ្មី» និងលោក វ៉ាង វិនធាន៖
កម្ពុជាថ្មី ៖ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនត្រូវបានប្រសិទ្ធនាមថាជា មិត្តភាពដែកថែប។ ភាគីចិនបានជួយដល់ប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសនៅលោកខាងលិចមួយចំនួន បែរជារិះគន់ចោទប្រកាន់ទៅលើទំនាក់ទំនងមួយនេះ ដោយថា ចិនកំពុងចាប់យកកម្ពុជា។ តើមូលហេតុអ្វីដែលចិនជួយដល់កម្ពុជា? តើលោកមានការយល់ឃើញបែបណាចំពោះការរិះគន់វាយប្រហាររបស់ប្រទេសទាំងអស់នេះ?
លោក វ៉ាង វិនធាន ៖ ចិន និងកម្ពុជាត្រូវបានប្រសិទ្ធនាមគ្នាទៅវិញទៅមកថាជា មិត្តដែកថែប។ ប្រជាជនចិនជាច្រើនបានហៅកម្ពុជាថា មិត្តកម្ពុជាដែកថែប ដែលចង់បង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីររឹងមាំដូចដែកថែប។ ដែកថែបមិនមែនអាចផលិតបង្កើតបានក្នុងពេលមួយថ្ងៃបានឡើយ រីឯមិត្តភាពចិន និងកម្ពុជាវិញក៏ដូចគ្នាដែរ ត្រូវឆ្លងកាត់ការលុតដុំអស់រយៈពេលជិត២ពាន់ឆ្នាំ ដោយចាប់ផ្តើមពីទំនាក់ទំនងមិត្តល្អរវាងប្រជាពលរដ្ឋចិន និងកម្ពុជាកាលពីសតវត្សទី១នៃគ.ស ដល់ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ១៩៥៨ និងរហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ននេះ។ មិត្តភាពចិន និងកម្ពុជា បានឆ្លងកាត់បទពិសោធន៍សាកល្បងនៃការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ មានភាពរឹងមាំ ដូចដែកថែប និងមានអាយុកាលយូរអង្វែង។
មូលហេតុចម្បងដែលចំណងមិត្តភាពចិន និងកម្ពុជា អាចបន្តពីមួយជំនាន់ទៅមួយជំនាន់ និងអាចបត់បែនទៅតាមសម័យកាលបាននោះ គឺចិន និងកម្ពុជាតែងគោរពគ្នាដោយស្មើភាព ជឿទុកចិត្តគ្នា ជួយគ្នា និងយល់ចិត្តគ្នាទៅវិញទៅមក។ ដូចដែលយើងដឹងស្រាប់ហើយថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ តែងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ភាគីចិនលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន។ ប្រទេសចិនគាំទ្រកម្ពុជាដោយឥតងាករេក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យរបស់ខ្លួន គាំទ្រកម្ពុជាដើរលើមាគ៌ាអភិវឌ្ឍន៍សមស្របនឹងស្ថានភាពជាតិរបស់ខ្លួនប្រកបដោយឯករាជ្យ និងអធិបតេយ្យ។ ទន្ទឹងនឹងនេះ ក៏ផ្ដល់ការគាំទ្រទៅតាមលទ្ធភាពរបស់ខ្លួនជូនដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ហេតុផលតែមួយគត់សម្រាប់ចិនដែលជួយដល់កម្ពុជានោះ គឺការផ្តល់ជូនឱ្យគ្នាទៅវិញទៅមក។
ចិនមិនដែលមានបំណងចង់គ្រប់គ្រងកម្ពុជាសោះឡើយ។ ក្នុងឃ្លានៃបទចម្រៀងមួយដែលមានចំណងជើងថា ស្រណោះស្រុកចិន ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ» លើកឡើងយ៉ាងដូច្នេះថា អ្នកជាមហាអំណាច ដែលអាចឆ្មើងដ៏ឧត្តម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំ ឬតូចយ៉ាងណា។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានលើកឡើងថា ជំនួយរបស់ភាគីចិនជូនមកកាន់កម្ពុជា គឺជាជំនួយដោយស្មោះ មិនដែលភ្ជាប់ជាមួយលក្ខខណ្ឌនយោបាយណាមួយឡើយ។
ចំពោះមិត្តភាពកម្ពុជា-ចិន មានអត្ថប្រយោជន៍ ឬអាចបង្កឱ្យជាវិបត្តិដល់កម្ពុជា មានតែមិត្តកម្ពុជាទេ ទើបមានសិទ្ធិជាងគេក្នុងការវាយតម្លៃបាន។ ក្នុងនាមជាមិត្តពិតប្រាកដរបស់កម្ពុជា ភាគីចិនសប្បាយចិត្តនៅពេលឃើញថា មានប្រទេសជាច្រើនជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ទង្វើនៃការបំភិតបំភ័យនិងការដាក់ទណ្ឌកម្មមកលើកម្ពុជាដោយសារតែមូលហេតុនៃទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាតែងទទួលបានភាពបរាជ័យ នឹងទទួលរងការស្អប់ខ្ពើមយ៉ាងខ្លាំងពីបណ្ដាមហាជនដែលស្រឡាញ់និងឱ្យតម្លៃលើសន្តិភាពជាមិនខាន។
កម្ពុជាថ្មី ៖ តើភាគីចិននាពេលអនាគត នឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើផ្នែកណាខ្លះ?
លោក វ៉ាង វិនធាន ៖ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ កាលពីឆ្នាំ២០១៩ ចិន និងកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍វាសនារួម ដែលគ្របដណ្តប់លើវិស័យនៃប្រទេសទាំងពីរជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអនុវត្តច្បាប់ និងយោធា ទំនាក់ទំនងមនុស្សសាស្រ្ត និងបណ្ដាវិស័យផ្សេងទៀត។ នាពេលអនាគត ភាគីចិន នឹងសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព។
អំពីនយោបាយ ភាគីចិន នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកម្ពុជា លើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅ គាំទ្រកម្ពុជាក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាតិរបស់ខ្លួន គាំទ្រកម្ពុជាក្នុងការមិនខ្លាចមហាអំណាចគៀបសង្កត់ និងប្រឆាំងការធ្វើបាបដោយទុច្ចរិត ការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ការពារឱ្យកាន់តែល្អប្រសើរលើអត្ថប្រយោជន៍មូលដ្ឋានគ្រឹះរបស់ប្រជាជនខ្លួន។ ចិន គាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការទទួលតំណែងជាប្រធានប្តូរវេនអាស៊ាន និងដើរតួនាទីកាន់តែសំខាន់លើកិច្ចការក្នុងតំបន់ និងអន្តរជាតិ។
អំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីចិន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការជួយកម្ពុជាស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងចាប់យកការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាឱកាសមួយ ដើម្បីពន្លឿនការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ជំរុញការកែលម្អឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពន្លឿនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យ5Gជាដើម។ ជួយភាគីកម្ពុជា ពន្លឿនដំណើរឧស្សាហូបនីយកម្ម និងកែលម្អប្រែជាវិស័យផលិតកម្ម។
ភាគីចិន នឹងពន្លឿនដំណើរការត្រួតពិនិត្យភូតគាមអនាម័យលើកសិផលកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិន ដើម្បីឱ្យកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់អាចនាំចេញទៅកាន់ទីផ្សារចិនកាន់តែច្រើន។ ភាគីចិន នឹងខិតខំលើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន នឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ភាគីចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ។
អំពីវិស័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងយោធា គឺចិន និងកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ បន្តរក្សាសន្ទុះវិជ្ជមានរបស់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗដែលតែងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនទាំងពីរ ជាពិសេស គឺល្បែងស៊ីសងតាមអនឡាញ និងបទល្មើសផ្សេងទៀតដែលទាក់ទងនឹងឧក្រិដ្ឋកម្មដ៏កាចសាហាវ។ ភាគីចិន នឹងសហការជាមួយកម្ពុជា ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់យោធាទាំងពីរឱ្យឆ្ពោះទៅកាន់ទិសដៅពហុវិស័យស៊ីជម្រៅ និងកម្រិតខ្ពស់។ នៅពេលជំងឺកូវីដមានភាពធូរស្បើយ កងទ័ពចិន និងកម្ពុជានឹងបន្តរៀបចំលំហាត់នាគមាស ឡើងវិញ ជំរុញគម្រោងជំនួយកិច្ចសហប្រតិបត្តិការយោធាក្នុងប្រទេសកម្ពុជាយ៉ាងមុតមាំ។ ទន្ទឹមនឹងនេះ ក៏ប្រឆាំងដាច់ខាតចំពោះគំនិតប៉ុនប៉ងមកពីក្រៅដែលចង់ជ្រៀតជ្រែកបំបែកបំបាក់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់កងទ័ពទាំងពីរ។
អំពីវិស័យទំនាក់ទំនងមនុស្សសាស្រ្ត ភាគីចិនក្រោមកិច្ចទប់ស្កាត់នឹងជំងឺកូវីដ នឹងចូលរួមជំរុញការផ្លាស់ប្តូរប្រជាជនទាំងពីរប្រទេស បង្កើនជើងហោះហើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ចិន នឹងផ្ដល់ឱកាសដល់សិក្ខាមយុវជនកម្ពុជាទៅសិក្សាក្នុងប្រទេសចិនកាន់តែច្រើន នឹងផ្តល់ឱ្យកម្ពុជានូវគម្រោងបណ្ដុះបណ្ដាលធនធានមនុស្សតាមប្រព័ន្ធអ៊ីនធើណេតបន្ថែមទៀតដោយក្រោមបរិបទជំងឺកូវីដមួយនេះ។
កម្ពុជាថ្មី ៖ កាលពីខែមករាឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបន្តខិតខំស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ប៉ុន្តែប្រទេសមួយចំនួនបានសម្តែងការមិនពេញចិត្ត។ តើភាគីចិនយល់ឃើញយ៉ាងណាចំពោះបញ្ហានេះ? ហើយនៅក្នុងឆ្នាំ២០២២នេះ កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជា ធ្លាប់បានអះអាងថា នឹងខិតខំសម្រេចចេញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ។ តើភាគីចិន នឹងមានគោលជំហរបែបណាដែរចំពោះបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ?
លោក វ៉ាង វិនធាន ៖ ភាគីចិនគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលទទួលតំណែងជាប្រធានប្ដូរវេនអាស៊ាន និងដើរតួនាទីយ៉ាងសកម្មគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាមវិធីសាស្រ្តអាស៊ាន និងការអនុវត្តយ៉ាងរលូននូវកុងសុងស៊ីសទាំង៥ចំណុច ដោយក្រោមក្របខណ្ឌអាស៊ាន។ យើងខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះដំណើរបំបែកស្ថានភាពជាប់គាំងទៅកាន់មីយ៉ាន់ម៉ារបស់សម្ដេចតេជោ ជឿជាក់ថា ក្រោមការសម្របសម្រួលពីកម្ពុជា អាចរួមចំណែកយ៉ាងសំខាន់ដល់បណ្ដាភាគីក្នុងប្រទេសមីយ៉ាន់ម៉ា ជួយដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ជួយស្តារស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដោយតាមរយៈកិច្ចសន្ទនានយោបាយ។
អំពីបញ្ហាសមុទ្រចិនខាងត្បូង ភាគីចិន ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព ទឹកដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ទន្ទឹមនឹងនេះ ចិនបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គោរពតាមប្រវត្តិសាស្រ្តពិតជាក់ស្ដែង និងដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ និងតាមរយៈកិច្ចពិភាក្សាសន្ទនា។ ភាគីចិន យល់ថាប្រទេសពាក់ព័ន្ធ គួរតែរក្សាទំនាក់ទំនងសន្ទនាមុនពេលដោះស្រាយបញ្ហាជម្លោះដែនដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រ គ្រប់គ្រងជម្លោះខ្វែងគំនិតគ្នា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពិភាក្សាអំពីការអភិវឌ្ឍន៍រួម។ ចិន និងប្រទេសក្នុងអាស៊ាន អាចជំរុញកិច្ចចរចារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងសកម្មដោយតាមរយៈការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីរបស់នៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើតជាលក្ខខណ្ឌ និងបរិយាកាសល្អប្រសើរសម្រាប់ការដោះស្រាយបញ្ហាជម្លោះចុងក្រោយ រួមគ្នាកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពជារួមបច្ចុប្បន្ននៅតំបន់សមុទ្រចិនខាងត្បូង មានស្ថិរភាព។ ការពន្លឿនកំណត់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងឆាប់រហ័ស គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសចិន និងបណ្ដាប្រទេសអាស៊ាន។ ក្រោមបរិបទញាំញីនៃជំងឺកូវីដ ចិន និងបណ្តាប្រទេសអាស៊ាន កំពុងពុះពារជំរុញកិច្ចចរចាខ្លឹមសារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដោយវិធីបត់បែន ដើម្បីអាចកំណត់បានយ៉ាងឆាប់រហ័ស។
កម្ពុជាថ្មី ៖ រុស្ស៊ី និងអ៊ុយក្រែន កំពុងមានជម្លោះប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ តើចិន មានគោលជំហរយ៉ាងណាចំពោះបញ្ហានេះ?
លោក វ៉ាង វិនធាន ៖ ស្ថានភាពអ៊ុយក្រែនដែលបានវិវត្តដល់ស្ថានភាពថ្ងៃនេះ គឺជាស្ថានភាពដែលភាគីចិនមិនចង់ឃើញឡើយ។ ភាគីចិន មានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្ទុះសង្គ្រាមម្ដងទៀតនៅដែនដីគោកនៃទ្វីបអឺរ៉ុប។ កិច្ចការចាំបាច់បំផុតសម្រាប់ពេលនេះ គឺបញ្ចៀសស្ថានភាពកាន់តែតានតឹងរហូតដល់បាត់បង់ការគ្រប់គ្រង។ បញ្ហាអ៊ុយក្រែន មានភាពស្មុគ្រស្មាញ មិនគ្រាន់តែទាក់ទងនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ក៏មានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអត្ថប្រយោជន៍សន្តិសុខនៃបណ្ដាភាគីទាំងអស់។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាគីចិនតែងតែសម្រេចចិត្តលើគោលជំហរ និងគោលនយោបាយរបស់ខ្លួនដោយផ្អែកលើភាពជាក់ស្ដែងនៃបញ្ហានេះ។ ភាគីចិន ជឿជាក់ថា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ គោរព និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្ដាប្រទេស ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មិនបែកបាក់ចែកដាច់ពីគ្នា យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពដែលសមស្របរបស់ភាគីពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាជម្លោះដោយតាមរយៈកិច្ចសន្ទនាចរចា និងដោយសន្តិវិធី ត្រូវផ្តោតលើស្ថិរភាពរយៈពេលវែងនៅក្នុងតំបន់ កសាងយន្តការសន្តិសុខអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
បញ្ហាដែលត្រូវដោះស្រាយជាចាំបាច់បំផុត មានពីរ។ ទីមួយ គឺការបញ្ចុះបញ្ចូលបញ្ចប់ការប្រឆាំងគ្នា និងជំរុញការចរចា ភាគីចិនយល់ថា ពេលស្ថានការណ៍កាន់តែតានតឹង ការចរចាដោយសន្តិវិធីកាន់តែមិនអាចបញ្ឈប់បាន ពេលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំង ការអង្គុយចរចាគ្នាកាន់តែមានភាពចាំបាច់។ ភាគីចិនរីករាយក្នុងការដើរតួនាទីស្ថាបនានៅក្នុងបញ្ហានេះ ហើយក៏រីករាយក្នុងការចូលរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជួយសម្រួលដ៏ចាំបាច់នៅក្នុងពេលដែលមានតម្រូវការ។ ទីពីរ គឺទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ ភាគីចិន បានដាក់ចេញនូវគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងនោះ រួមមានទប់ស្កាត់ការយកបញ្ហាមនុស្សធម៌ធ្វើជាឈ្នាន់នយោបាយ យកចិត្តទុកដាក់ចំពោះជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន ការពារប្រជាជនសាមញ្ញ ធានាឱ្យមានការរៀបចំសកម្មភាពជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងយ៉ាងរលូន ធានាសុវត្ថិភាពជនបរទេសនៅអ៊ុយក្រែន គាំទ្រការដើរតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិជាដើម។ ភាគីចិន រីករាយបន្តខិតខំប្រឹងប្រែង ដើម្បីពុះពារវិបត្តិមនុស្សធម៌៕
ដោយ ៖ វណ្ណ សុគន្ធា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ