Connect with us

នយោបាយ

ចិន ប្រកាសជំហរដោះស្រាយបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងតាមច្បាប់អន្តរជាតិ និងតាមការសន្ទនាគ្នា

បានផុស

នៅ

នៅពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២២នេះ បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង នឹងនៅតែជាប្រធានបទក្តៅគគុកមួយសម្រាប់កម្ពុជាក្នុងការដឹកនាំដោះស្រាយ។ ប៉ុន្តែ រដ្ឋាភិបាលចិន បានប្រកាសគោលជំហរហើយថា ចិនប្រកាន់គោលការណ៍ដោះស្រាយបញ្ហាជម្លោះនេះដោយផ្អែកតាមច្បាប់អន្តរជាតិ និងតាមរយៈយន្តការពិភាក្សាសន្ទនាគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី»នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ៖ «អំពីបញ្ហាសមុទ្រចិនខាងត្បូង ភាគីចិន ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព ទឹកដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ទន្ទឹមនឹងនេះ ចិនបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គោរពតាមប្រវត្តិសាស្រ្តពិតជាក់ស្ដែង និងដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ និងតាមរយៈកិច្ចពិភាក្សាសន្ទនា»។

លោកថា ភាគីចិន យល់ថាប្រទេសពាក់ព័ន្ធ គួរតែរក្សាទំនាក់ទំនងសន្ទនាមុនពេលដោះស្រាយបញ្ហាជម្លោះដែនដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រ គ្រប់គ្រងជម្លោះខ្វែងគំនិតគ្នា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពិភាក្សាអំពីការអភិវឌ្ឍន៍រួម។ ចិន និងប្រទេសក្នុងអាស៊ាន អាចជំរុញកិច្ចចរចារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងសកម្មដោយតាមរយៈការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើតជាលក្ខខណ្ឌ និងបរិយាកាសល្អប្រសើរសម្រាប់ការដោះស្រាយបញ្ហាជម្លោះចុងក្រោយ រួមគ្នាកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

AT SEA, CHINA – APRIL 12: A PLA Navy fleet including the aircraft carrier Liaoning, submarines, vessels and fighter jets take part in a review in the South China Sea on April 12, 2018 in At Sea, China. Chinese President Xi Jinping reviewed the fleet on Thursday morning and delivered a speech after the review. (Photo by VCG/VCG via Getty Images)

សូមបញ្ជាក់ជូនថា សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអះអាងថា កម្ពុជានឹងប្រឹងប្រែងសម្រេចចេញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) នៅក្នុងឆ្នាំ២០២២នេះក្នុងពេលដែលកម្ពុជាជាប្រធានផ្លាស់វេនអាស៊ាន។ ប៉ុន្តែ សម្តេចតេជោ ក៏បានអះអាងដែរថា បើមិនអាចចេញបានទេ ក៏មិនអាចបន្ទោសកម្ពុជាបានដែរ ព្រោះបញ្ហានេះ មិនងាយនឹងដោះស្រាយឡើយ។

យ៉ាងណាក៏ដោយ លោក វ៉ាង វិនធាន បានលើកឡើងថា​ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពជារួមបច្ចុប្បន្ននៅតំបន់សមុទ្រចិនខាងត្បូង មានស្ថិរភាព។ ការពន្លឿនកំណត់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងឆាប់រហ័ស គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសចិន និងបណ្ដាប្រទេសអាស៊ាន។ ក្រោមបរិបទញាំញីនៃជំងឺកូវីដ ចិន និងបណ្តាប្រទេសអាស៊ាន កំពុងពុះពារជំរុញកិច្ចចរចាខ្លឹមសារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដោយវិធីបត់បែន ដើម្បីអាចកំណត់បានយ៉ាងឆាប់រហ័ស៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម