Connect with us

នយោបាយ

អ្នកជំនាញភូមិសាស្រ្តនយោបាយ៖ «ឥរិយាបថនយោបាយខាំមិនលែង» ពីអាមេរិកចំពោះសមុទ្ររាមជាអ្វី?

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងចោទប្រកាន់របស់អាមេរិកចំពោះមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។ លោកបានលើកឡើងជាសំណួរថា «ឥរិយាបថនយោបាយខាំមិនលែង» ពីអាមេរិកចំពោះសមុទ្ររាមជាអ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ បានប្រសាសន៍តាមហ្វេសប៊ុកថា ៖ «ដើម្បីឆ្លើយនឹងគោលសំណួរនេះ យើងអាចសាកល្បងលើកឡើងនូវសំណួរជាសេណារីយ៉ូមួយចំនួនសម្រាប់តាមដាន និងស្វែងយល់។ ខ្ញុំមិនព្យាយាមបកស្រាយសំណួរទាំងនេះទេ…! សហរដ្ឋអាមេរិកយកមូលដ្ឋានទ័ពសមុទ្ររាមកម្ពុជា ជាសមរភូមិភូមិសាស្ត្រនយោបាយ សង្កត់ដៃគូខ្លួនក្នុងតំបន់អាស៊ីអគ្នេយ៍ដែរឬទេ ? តើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក និង វៀតណាម មានឥទ្ធិពលលើ «ឥរិយាបទនយោបាយខាំមិនលែង» នេះដែរឬទេ? តើការតាំងទីមូលដ្ឋានទ័ពសហរដ្ឋអាមេរិក ជាច្រើនកន្លែងជុំវិញពិភពលោក និង BRI ឬ វិថីសូត្រចិន មានចរិកលក្ខណៈជានយោបាយវាទីនិយមអនុត្តរភាពដូចគ្នាឬខុសគ្នា?»។

បើតាមលោកបណ្ឌិត យង់ ពៅ គឺកាលពីខែកក្កដា ឆ្នាំ២០១៩ សហរដ្ឋអាមេរិកសុខចិត្តជឿដាច់ខាតលើការផ្សាយរបស់កាសែត Wall Street Journal ថាកម្ពុជាបានសម្រេច «កិច្ចព្រមព្រៀងសម្ងាត់» ជាមួយចិន ដោយអនុញ្ញាតឱ្យកងទ័ពជើងទឹកចិនប្រើប្រាស់មូលដ្ឋានសមុទ្ររាមរយៈពេល៣០ឆ្នាំ។ ហេតុអ្វីដាច់ខាតមិនជឿការបំភ្លឺពីរដ្ឋាភិបាលកម្ពុជា។ ឬមួយនេះជា «ឥរិយាបថនយោបាយខាំមិនលែង» ពិតមែន? ឬមួយជានយោបាយ ចាក់ចង្កេះរបស់ប្រទេសជិតខាងកម្ពុជា ប្រយោជន៍ទប់ទល់ នឹងហានិភ័យកោះត្រល់ នាពេលអនាគត ?

អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ បានបញ្ជាក់ថា៖ «យើងរស់ក្នុងពិភពលោកនៃសកលភាវូបនីយកម្ម ដូច្នេះ ការសិក្សាស្វែងយល់ពីនយោបាយអន្តរជាតិពិតជាសំខាន់សម្រាប់នយោបាយជាតិ។ កន្លងទៅ ធ្លាប់មានមតិ (Comments)មួយចំនួនលើ status Facebook ខ្ញុំ ក្នុងន័យថា «មិនគួរអីទៅរវល់នឹងបញ្ហាក្រៅស្រុកច្រើននោះទេ» ការដែលយើងមិនសូវយល់ពីអន្តរជាតិ នាំយើងសម្រេចចិត្តក្នុងនយោបាយអន្តរជាតិចាញ់គេ យឺតជាងគេ…!»។

សូមបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក បានចោទប្រកាន់កម្ពុជាថា បានផ្តល់ទឹកដីឲ្យកងទ័ពចិនឈរជើងនៅសមុទ្ររាម។ ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រមុខការពារជាតិ បានចេញមកបដិសេធជារើយៗ និងបានស្នើឲ្យអាមេរិកផ្តល់ភស្តុតាងចំពោះការចោទប្រកាន់នេះ។ កាលពីឆ្នាំ២០២១ ដើម្បីបំបាត់នូវការសង្ស័យ និងការចោទប្រកាន់របស់អាមេរិក រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកចុះទៅពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាមដោយផ្ទាល់។ ប៉ុន្តែ រកមិនឃើញដូចអ្វីដែលអាមេរិកបានចោទប្រកាន់កម្ពុជានោះឡើយ៕

ដោយ ៖ ​វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម