Connect with us

នយោបាយ

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរចំនួន ១១រូបចេញពីបញ្ជី

បានផុស

នៅ

ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៣ សំណុំរឿង ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។

ក្នុងសំណុំរឿងលេខ ០០២ ប្រជាពលរដ្ឋឈ្មោះ អ៊ុំ ច័ន្ទដារ៉ា បានប្ដឹងសុំលុបឈ្មោះ ម៉ៅ សុផល ភេទស្រី កើតថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ១៩៨២ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកនៅក្នុងសុំណុំរឿងលេខ ០០៣ ប្រជាពលរដ្ឋឈ្មោះ សៀង វាសនា បានប្ដឹងជំទាស់ទៅនឹងបេក្ខជនចំនួន ៦ រូប ដែលមានឈ្មោះ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន នៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

ដោយឡែក ក្នុងសំណុំរឿងលេខ ០០៤ ប្រជាពលរដ្ឋឈ្មោះ កែវ ប៊ុនធឿន បានប្ដឹងជំទាស់ទៅនឹង បេក្ខជនចំនួន ៤ រូប ដែលឈរឈ្មោះក្នុងបញ្ជីបេក្ខជន របស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេច៖

ទី១. លុបឈ្មោះ ម៉ៅ សុផល ភេទស្រី កើតថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ១៩៨២ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០២។

ទី២. លុបឈ្មោះបេក្ខជន ៦ រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ០០៣ ដែលរួមមាន៖ ឈ្មោះ ឡោ ភារាក់ភេទប្រុស កើតថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩៨៥, ឈ្មោះ លៀង គុណឡា ភេទស្រី កើតថ្ងៃទី ៩ ខែមីនា  ឆ្នាំ ១៩៩៥, ឈ្មោះ សៅ គា ភេទស្រី កើតថ្ងៃទី ៥ ខែមីនា ឆ្នាំ១៩៩៣, ឈ្មោះ ជិន គឿន ភេទស្រី កើតថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៩៣, ឈ្មោះ វ៉ែន គីម ភេទស្រី កើតថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៩៣, ឈ្មោះ ហម ខាត់ ភេទស្រី កើតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៦៦។

ទី៣. លុបឈ្មោះបេក្ខជន ៤ រូប ចេញពីបញ្ជីបេក្ខជនដំបូង នៃគណបក្សឆន្ទៈខ្មែរ ក្នុងសំណុំរឿងលេខ០០៤ ដែលរួមមាន៖ ឈ្មោះ នុត ប៊ុនថន ភេទប្រុស កើតថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៧០, ឈ្មោះ វណ្ណថា វណ្ណា ភេទស្រី កើតថ្ងៃទី ២ មីនា ឆ្នាំ ១៩៧៥, ឈ្មោះ យ៉ែម វណ្ណារិទ្ធ ភេទស្រី កើតថ្ងៃទី ១៤ ខែមីនាឆ្នាំ ១៩៦៨, ឈ្មោះ តាំង ចាន់ណា ភេទស្រី កើតថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៧៣។

ការសម្រេចខាងលើ របស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ត្រូវបានធ្វើឡើង ដោយយោងតាមចម្លើយរបស់សាម៉ីខ្លួនថា ពួកគាត់ភាគច្រើនពិតជាមិនចេះអាន និងសរសេរអក្សរខ្មែរ ហើយពួកគាត់ទាំងអស់គ្នា ក៏មិនបានបំពេញប្រវត្តិរូប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះ ជាបេក្ខជនផ្ទាល់ដៃរបស់ពួកគាត់ដែរ។

ផ្អែកតាមមាត្រា ៣៥ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រការ ៦.១.២ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះ ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន និងសរសេរអក្សរខ្មែរ។

ផ្អែកតាមមាត្រា ៤២ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ចែងថា ជីវប្រវត្តិ និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះ របស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប យល់ឃើញថា បេក្ខជនដែលមិនបំពេញតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គប្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនដំបូង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម