នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ បើក្នុងឃុំ-សង្កាត់ណា គ្មានពាក្យបណ្តឹងលើបញ្ជីបេក្ខជន នោះនឹងក្លាយទៅជាបញ្ជីផ្លូវការ
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ដែលកិច្ចប្រជុំនេះ ធើ្វឡើងតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនដំបូង នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់ លើបញ្ជីបេក្ខជនដំបូង។
លោក មាន សទិ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការបិទផ្សាយបញ្ជីបេក្ខជនដំបូង គឺដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយនេះ។ ការបិទផ្សាយបញ្ជីបេក្ខជនដំបូង អាចធ្វើឡើងតាមកាលបរិច្ឆេទផ្សេងៗគ្នា អាស្រ័យលើករណីមាន ឬគ្មានបណ្ដឹងកើតឡើង ក្នុងអំឡុងពេលចុះបញ្ជីបេក្ខជន នៃគណបក្សនយោ បាយនៃឃុំ-សង្កាត់នីមួយៗ។
ទាក់ទងនឹងការប្តឹងជំទាស់ទៅនឹងបេក្ខជន ឬជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ លោក មាន សទិ បានបញ្ជាក់ថា ពាក្យបណ្តឹងជំទាស់នេះ អាចធ្វើឡើងក្នុងករណីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ មិនបំពេញបានតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក មាន សទិ បន្ថែមទៀតថា ប្រសិនបើក្នុងឃុំ-សង្កាត់ណា គ្មានពាក្យបណ្តឹងជំទាស់ទៅលើបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយទេ នោះបញ្ជីបេក្ខជនដំបូងក្នុងឃុំ-សង្កាត់នោះ នឹងក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការ។ បន្ទាប់មកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនៃឃុំ-សង្កាត់នោះ ត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ ដែលនឹងត្រូវដាក់លើសន្លឹកឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
ឆ្លើយទៅនឹងសំណួរ របស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ លោក មាន សទិ លើកឡើងថា ទោះបីមានបេក្ខជនខ្លះត្រូវបាន គ.ជ.ប សម្រេចលុបចេញពីបញ្ជីបេក្ខជនដំបូងក្ដី ក៏បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ នៅតែមានសុពលភាព សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតដដែល ហើយប្រសិនបើនៅពេលស្រង់ឈ្មោះបេក្ខជន ជាប់ឆ្នោតពីបញ្ជីបេក្ខជន នៃគណបក្សនយោបាយនោះ។ ប៉ុន្តែខ្វះបេក្ខជន គ.ជ.ប ក៏មាននីតិវិធី សម្រាប់ឲ្យគណបក្សនយោបាយពាក់ព័ន្ធ រៀបចំបញ្ជីបេក្ខជនបម្រុងបន្ថែម៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ