នយោបាយ
មនុស្សស្និទ្ធលោក កឹម សុខា ចេញសារវាយប្រហារបកខ្លាំងៗលើអតីតមន្រ្តីបក្សប្រឆាំងលោក គឹមសួរ ភិរិទ្ធ
យ៉ាងហោចណាស់មនុស្សស្និទ្ធនឹងលោក កឹម សុខា ២រូប គឺលោក មុត ចន្ថា និងលោក យឹម ស៊ីណន បានចេញសារវាយប្រហារបកខ្លាំងៗទៅលើលោកគឹមសួរ ភិរិទ្ធ អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងដែលបាននិយាយឌឺដងដាក់លោក កឹម សុខា ពាក់ព័ន្ធនឹងការចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន។

កាលពីពេលថ្មីៗនេះ លោក កឹម សុខា ដែលកំពុងជាប់រឿងក្តីក្តាំសន្ទិដ្ឋិភាពជាមួយបរទេស បានចុះទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាប។ ប៉ុន្តែដំណើររបស់លោកនេះ គឺមិនពេញចិត្តសម្រាប់លោក គឹមសួរ ភិរិទ្ធ ដែលជាអតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ។ នាព្រឹកព្រលឹមថ្ងៃចន្ទនេះ លោក គឹមសួរ ភិរីទ្ធ បានចេញសារឌឺដងតាមហ្វេសប៊ុករបស់លោកទៅកាន់លោក កឹម សុខាថា ៖«បើពីមុនក្លាហានហ៊ានចេញដើរធ្វើតែប៉ុណ្ណឹង មិនដឹងជាល្អយ៉ាងណា!»។

ប្រតិកម្មទៅនឹងការលើកឡើងនេះ លោក មុត ចន្ថា នាយកខុន្ធកាល័យលោក កឹម សុខា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានវាយបកទៅកាន់លោក គឹមសួរ ភិរិទ្ធ ថា មុនយកម្រាមដៃចង្អុលដាក់គេឯង គួរសួរខ្លួនឯងផងថា ខ្លួនបានធ្វើអីខ្លះរយៈពេលជិត៤ឆ្នាំមកនេះ។ ខ្លួនឯង ជាសត្វគីង្គក់ ធ្វើម៉េចទៅពពាយនាយលក់ថ្នាំព្យាបាលស្រែងឱ្យគេជឿ។ លោកអះអាងថា៖« កុំភ្លេចទុកដាក់ប្រាក់ជាង៣ពាន់ដុល្លាររបស់ខេត្តកំពង់ស្ពឺឱ្យល្អ និងសុវត្ថិភាព ព្រោះវាជាញើសឈាមរបស់មនុស្សច្រើននាក់។ ប្រយ័ត្នលុយចងក! មេខ្លួនឯងចោលម្សៀត ចរិតដូចសត្វទន្សាយចេះត្រឹមតែរត់គ្រាន់តែផ្អែលព្រៃ!»។
ចំណែក លោក យឹម ស៊ីណន ដែលជាមនុស្សស្និទ្ធនឹងលោក គឹម សុខា មួយរូបទៀត ក៏មិនបាននៅស្ងៀមដែរ។ តាមរយៈហ្វេសប៊ុកនារសៀលថ្ងៃចន្ទនេះ លោក យឹម ស៊ីណន បានសរសេរថា កុំថាឡើយពីមុន ឬបច្ចុប្បន្ន និងអនាគត មូលដ្ឋានគ្រឹះនយោបាយរបស់លោក កឹម សុខា គឺការចុះនៅជាប់ជាមួយអ្នកមូលដ្ឋានរាប់សិនឆ្នាំមកហើយ មិនមែនតែពេលនេះនោះទេ ហើយសារជាតិនយោបាយនៃការរត់ចោលស្រុក រត់ចោលអ្នកគាំទ្រ និងបោះបង់សមរភូមិមូលដ្ឋាននៃលោកសម រង្ស៊ី ក៏បានស្តែងឲ្យឃើញរាប់សិបឆ្នាំមកដែរ។

ដូច្នេះហើយ លោក យឹម ស៊ីណន បានគូសបញ្ជាក់ថា ការចុះមូលដ្ឋានសួរសុខទុក្ខរបស់លោកឹម សុខា តាំងពីរាប់ឆ្នាំមុនក្តី នាពេលថ្មីៗនេះក្តី និងទៅអនាគតក្តី វាជាសក្ខីភាពពិតនៃភាពជាមេដឹកនាំពិតៗ ពោល គឺមិនមែនជារឿងចម្លែកអ្វីនោះទេ។ អ្វីដែលគួរឲ្យចម្លែកនោះគឺ នាមជាមេដឹកនាំ តែជើងមិនជាប់ដី ក្បាលមិនទល់មេឃ មានតែជំនាញ និងសេណារីយ៉ូច្បាស់លាស់ក្នុងការរុញឲ្យសកម្មជនខ្លួនបែកក្បាល ជាប់គុកជំនួសខ្លួន៕
ដោយ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៧ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត