នយោបាយ
មានអង្គហេតុ និងអង្គច្បាប់អ្វីខ្លះដែលគ.ជ.ប សម្រេចច្រានចោលបញ្ជីបេក្ខជនដំបូងមួយចំនួនរបស់បក្សភ្លើងទៀន?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីយប់មិញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ ពីអង្គហេតុ និងអង្គច្បាប់មួយចំនួន ក្នុងការសម្រេចច្រានចោលបញ្ជីបេក្ខជនដំបូង របស់គណបក្សភ្លើងទៀន នៅតាមបណ្តាឃុំ-សង្កាត់មួយចំនួន ក្រោយពីមានពាក្យបណ្តឹង។
គ.ជ.ប ពន្យល់ថា យោងមាត្រា ៥៨ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ មានសិទ្ធិប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះ ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃបន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ។
យោងមាត្រា ៥៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បណ្ដឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយជាក់លាក់ណាមួយ ដែលមិនបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា៤២។ ការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងអាចធ្វើបានលើករណីចំនួនពីរ គឺករណីប្ដឹងអំពីបេក្ខជន ឬករណីប្ដឹងអំពីបញ្ជីបេក្ខជនដំបូង។ ក្នុងករណីមានការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ ប្រជាពលរដ្ឋដែលជាអ្នកប្ដឹងជំទាស់ ត្រូវបញ្ជាក់អំពីចំណុចខ្វះខាតរបស់បញ្ជីបេក្ខជននោះ និងហេតុផលនៃការច្រានចោលបញ្ជីបេក្ខជននោះ។
ជារួមការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង គឺជាការដាក់បន្ទុកលើការទទួលខុសត្រូវរបស់គណបក្សនយោបាយក្នុងការរៀបចំឱ្យបានត្រឹមត្រូវនូវឯកសារ ៦ (ប្រាំមួយ) ប្រភេទ ដែលត្រូវដាក់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដូចមានចែងក្នុងមាត្រា៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឯកសារទាំងនោះរួមមាន៖ ទី១. សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ ច្បាប់។ ទី២. អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ និងឈ្មោះតំណាងប្រចាំទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ ដែលបានដាក់ស្នើបញ្ជីបេក្ខជន។ ទៅ៣. បញ្ជីរាយនាមបេក្ខជន ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួនសមាជិកក្រុមប្រឹក្សា ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។ ទី៤. លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថា បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។ ទី៥. ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ និងរូបថតបេក្ខជន។ ទី៦. ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ។
បើតាម គ.ជ.ប ក្នុងករណីមានភាពមិនប្រក្រតីក្នុងការរៀបចំឯកសារណាមួយ ឬច្រើន ក្នុងចំណោមឯកសារទាំងប្រាំមួយខាងលើ បញ្ជីបេក្ខជន នៃគណបក្សនយោបាយនោះពុំមានគុណសម្បត្តិ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធឡើយ។
ចំពោះការបដិសេធរបស់ គ.ជ.ប លើបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន កន្លងមកនេះ បានបង្ហាញឱ្យឃើញពីអង្គហេតុជាក់លាក់ដូចខាងក្រោម៖ ទី១- គណបក្សភ្លើងទៀន បានជ្រើសរើសប្រជាពលរដ្ឋមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរ មកធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២- សាមីខ្លួនត្រូវបានគេយកឈ្មោះទៅឈរជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ទាំងខ្លួនពុំបានដឹង និងពុំមានឆន្ទៈក្នុងការឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ផង។ ទី៣- ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន ដែលបេក្ខជនត្រូវបំពេញផ្ទាល់ដៃ បែរជាត្រូវបានបំពេញជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន។ ទី៤- ក្នុងដំណើរការរៀបចំឯកសារនេះដែរ ក៏កើតមានឡើងនូវករណីផ្ដិតមេដៃ ឬចុះហត្ថលេខា ដោយក្រុមការងារគណបក្សភ្លើងទៀន ជំនួសសាមីបេក្ខជនផងដែរ។
គ.ជ.ប បានឲ្យដឹងដែរថា ការកើតមានឡើងនូវភាពមិនប្រក្រតី ដូចបានបញ្ជាក់ខាងលើនេះ បើពិនិត្យលើអង្គច្បាប់ គឺជាករណីក្លែងបន្លំលក្ខខណ្ឌបេក្ខជនផង ឯកសារជីវប្រវត្តិផង និងការក្លែងបន្លំស្នាមមេដៃផង ដែលប្រព្រឹត្តដោយក្រុមការងារគណបក្សភ្លើងទៀន ដែលរួមមាន៖
ទី១. ការក្លែងបន្លំដាក់បេក្ខជនដែលពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរទៅក្នុងបញ្ជីរាយនាមបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដូចចែងក្នុងមាត្រា៣៥ នៃនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ទី២. ការក្លែងបន្លំជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដែលត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ទី៣. ការក្លែងបន្លំស្នាមមេដៃ ឬហត្ថលេខានៅលើជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដោយករណីផ្តិតមេដៃ ឬចុះហត្ថលេខាជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន។
គ.ជ.ប បញ្ជាក់ថា ដោយយោងទៅលើករណីខាងលើ រួមទាំងផ្អែកលើរបាយការណ៍ចុះអង្កេតស្រាវជ្រាវរបស់មន្ត្រីជំនាញ កំណត់ហេតុសាកសួរដើមបណ្ដឹង និងចុងចម្លើយ ការឆ្លើយបំភ្លឺនៅក្នុងសវនាការរបស់ភាគីដើមបណ្ដឹង មេធាវីតំណាងដើមបណ្ដឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ សាក្សី និងបន្ទាប់ពីបានពិភាក្សាលើអង្គហេតុ និងអង្គច្បាប់ ស្របតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក គ.ជ.ប បានសម្រេចបដិសេធបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀនចំនួន៥ សង្កាត់ នៅរាជធានីភ្នំពេញ។
ចំពោះការបដិសេធការចុះបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន ក្នុងឃុំ សង្កាត់ ចំនួន៦ ទៀត ដោយសារគណបក្សនេះខកខានមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងតាមពេលវេលាកំណត់ សម្រាប់ការចុះបញ្ជីបេក្ខជននៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឡើងក្រោយពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានចោទប្រកាន់ពីភាពមិនប្រក្រតីមួយចំនួននៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ជុំវិញការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន