នយោបាយ
លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន
លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួនឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ជាកំហិត ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។
នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លិ សុខា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៨ ខែមេសានេះ បានឲ្យដឹងថា អតីតស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ ២បទល្មើស រួមមាន៖ បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ដែលបទល្មើស ដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៦, មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងដីកាដដែល បានបញ្ជាក់ថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖ ១. ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។ ២. បង្គាប់មកកងកម្លាំងសាធារណៈឲ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបដិសេធចំពោះសំណើស្នើសុំចុះបញ្ជី របស់គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានរកឃើញថា ការផ្តិតស្នាមមេដៃរបស់សមាជិក ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក។
លិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការសុំចុះបញ្ជីរបស់ «គណបក្សបេះដូងជាតិ» ដោយសារការផ្តិតស្នាមមេដៃ របស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ ស្តីពី គណបក្សនយោបាយផងដែរ។
ជាមួយគ្នានេះ តុលាការក៏បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ដើម្បីសាកសួរពីដំណើររឿងនេះ។ លោក សៀម ភ្លុក កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង