នយោបាយ
ថ្ងៃនេះ កាលពី៤៧ឆ្នាំមុន ជាថ្ងៃដែលកម្ពុជាធ្លាក់ចូលក្នុងរណ្តៅដ៏សែនឈឺចាប់នៃរបបដ៏ខ្មៅងងឹត
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥-ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺ៤៧ឆ្នាំគត់នៃការឡើងកាន់អំណាចជាផ្លូវការនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម។ គេអាចនិយាយមួយបែបទៀតថា ថ្ងៃនេះ គឺជាថ្ងៃនៃការដួលរលំនៃរបបសាធារណរដ្ឋខ្មែរក្រោមការដឹកនាំដោយលោកសេនាប្រមុខលន់ នល់ ដែលបានរុញច្រានប្រជាពលរដ្ឋកម្ពុជាធ្លាក់ទៅក្នុងរណ្តៅដ៏ដែនឈឺចាប់ក្រោមការកាប់សម្លាប់ដោយរបបខ្មែរក្រហម។

កាលពី៤៧ឆ្នាំមុន នៅវេលាព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមទាហានអាវខ្មៅ ស្បែកជើងកង់ឡានរបស់ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន និងសុន សេន បានយាត្រាចូលមកកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពីវាយបែកកងទ័ពនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ ក្រុមទាហានអាវខ្មៅខ្មែរក្រហម បានចូលទៅកាន់កាប់ក្រសួង ស្ថាប័នសំខាន់ៗរបស់ជាតិ ហើយក៏បានស្វះសែ្វងរកថ្នាក់ដឹកនាំស៊ីវិល និងយោធានៃរបបសាធារណរដ្ឋខ្មែរយកទៅសម្លាប់ចោលគ្មានសល់។ ជាក់ស្តែង ក្រុមទាហានខ្មែរក្រហម បានចូលកាន់កាប់ក្រសួងឃោសនាការ ហើយក៏បានផ្សព្វផ្សាយតាមវិទ្យុជាតិពីជ័យជម្នះ និងការរកបានសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ ពួកខ្មែរក្រហម ក៏បានប្រកាសតាមវិទ្យុអំពាវនាវឲ្យថ្នាក់ដឹកនាំ មន្រ្តីស៊ីវិល និងយោធា មកចុះចូលជាមួយពួកគេ ដើម្បីចាប់ដៃគ្នាកសាងជាតិឡើងវិញ។ ប៉ុន្តែ ចុងក្រោយ អ្នកដែលជឿការអំពាវនាវនោះ ត្រូវបានក្រុមទាហានខ្មែរក្រហមយកទៅបាញ់សម្លាប់ចោលទាំងអស់ ក្នុងនោះ មានទាំងលោក លន់ នន់ ប្អូនប្រុសលោក លន់ នល់ មួយរូបផងដែរ។ ចំណែក ព្រះអង្គម្ចាស់ ស៊ីសុវត្តិ សិរិមតៈ ដែលបានតស៊ូច្បាំងរហូតដល់ដំណាក់កាលចុងក្រោយជាមួយពួកខ្មែរក្រហមក៏មិនរួចខ្លួនឡើយ។ ទ្រង់ ត្រូវបានទាហានខ្មែរក្រហមបង្ខំឲ្យចាកចេញពីស្ថានទូតបារាំងនៅភ្នំពេញ ហើយអូសទ្រង់យកបានបាញ់សម្លាប់ចោលយ៉ាងសាហាវឃោរឃៅនៅក្បែរនោះ។ រីឯលោក ឡុង បូរ៉េត ដែលជារដ្ឋមន្រ្តីទី១នៃរបបសាធារណរដ្ឋខ្មែរ ក៏ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលផងដែរ ដោយសារតែឡើងយន្តហោះរត់ទៅក្រៅប្រទេសមិនទាន់។
ដោយឡែក លោកសេនាប្រមុខ លន់ នល់វិញ ត្រូវបានអាមេរិក និងថ្នាក់ដឹកនាំរបបសាធារណរដ្ឋខ្មែរមួយចំនួន បានបញ្ចុះបញ្ចូលផង និងបង្ខំផងឲ្យភៀសខ្លួនទៅអាមេរិក ដោយពួកគេត្រៀមទទួលការមកដល់នៃមេដឹកនាំខ្មែរក្រហម។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក ឆាង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងជាមនុស្សស្និតនឹងលោកសេនាប្រមុខ លន់ នល់។ លោក ឆាង សុង បានហៅហេតុការណ៍នៅពេលនោះថា ជារដ្ឋប្រហារទម្លាក់លោកសេនាប្រមុខ លន់ លន់ និងថា លោក លន់ នល់ បានយល់ព្រមចាកចេញពីកម្ពុជាទាំងទឹកភ្នែកទៅកាន់ទឹកដីអាមេរិកតាមការរៀបចំរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

ងាកមកនិយាយពីប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញវិញ ! នៅពេលឃើញកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ក៏បានចេញមកទទួលអបអរសាទរ ដោយរំពឹងក្នុងចិត្តថា សង្រ្គាមបានបញ្ចប់ ហើយសន្តិភាពបានមកដល់ហើយ។ ប៉ុន្តែ នេះ គឺគ្រាន់តែជាសុបិនដែលមិនមែនជាការពិតប៉ុណ្ណោះ។ បន្ទាប់ពីសប្បាយរីករាយមិនបានប៉ុន្មានម៉ោងផង ពួកគេក៏ត្រូវបានក្រុមទាហានអាវខ្មៅខ្មែរក្រហមបង្ខំដោយកម្លាំងបាយឲ្យចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានានៅទូទាំងប្រទេសកម្ពុជា។ ពួកទាហានខ្មែរក្រហម បានកុហកប្រជាពលរដ្ឋថា ឲ្យពួកគេចាកចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ពួកអាមេរិកាំង។ ប៉ុន្តែ តាមការពិត ពួកគេមានបំណងបន្សុទ្ធមនុស្សខ្មែរឲ្យទៅជាវណ្ណៈតែម្តង ដោយលុបបំបាត់ចោលវណ្ណៈមូលធននិយម និងសក្តិភូមិនិយមដែលពួកគេស្អប់ខ្ពើមបំផុត។

នៅក្នុងការគ្រប់គ្រងរយៈពេល ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃនៃរបបកម្ពុជាប្រជាធិបតេយ្យ ពួកខ្មែរក្រហម បានកាប់សម្លាប់ ធ្វើទារុណកម្ម និងបង្ខំឲ្យប្រជាពលរដ្ឋធ្វើការងាររហូតដល់ស្លាប់បាត់បង់ជីវិតប្រមាណជាង២លាននាក់។ នេះ គឺជាសោកដនាកម្មដ៏ធំធេងនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ មិនអាចអត់ទ្រាំនឹងភាពឃោរឃៅនៃពួកខ្មែរក្រហមទៀតលែងបាន អ្នកសេ្នហាជាតិកម្ពុជាមួយក្រុមដែលដឹកនាំដោយសម្តេច ហ៊ុន សែន បាន ប្រថុយជីវិត យកសាច់ និងឈាមធ្វើជាទុន ភៀសខ្លួនទៅស្វែងរកជំនួយពីប្រទេសវៀតណាម ដើម្បីវាយរំបដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមដ៏សែនឃោរឃៅនេះ។ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងនៅក្នុងប្រទេសវៀតណាម នៅទីបំផុត ថ្នាក់ដឹកនាំវៀតណាមក៏យល់ព្រមជួយដល់សម្តេច ហ៊ុន សែន ដើម្បីរំដោះប្រទេសកម្ពុជាឡើងវិញ។

បន្ទាប់ពីវៀតណាមព្រមជួយ សម្តេច ហ៊ុន សែន និងក្រុមរបស់សម្តេច ក៏បានចូលមកប្រទេសកម្ពុជាវិញ ហើយក៏ជួបជាមួយក្រុមអ្នកស្នេហាជាតិមួយក្រុមទៀតដែលដឹកនាំដោយសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចថ្នាក់ដឹកនាំទាំង៣ បានសម្រេចគ្នាបង្កើតនូវ«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិស្សនេះ ក្រោមការរួមកម្លាំងជួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម ក៏បានវាយផ្តួលរំលំរបបខ្មែរក្រហមបានដោយជោគជ័យនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មក កម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានកសាង និងអភិវឌ្ឍសន្តិភាពបន្តិចម្តងៗជូនដល់ប្រជាជាតិកម្ពុជា រហូតទទួលបានសន្តិភាពពេញលេញបរិបូរណ៍ដូចពេលបច្ចុប្បន្ននេះ៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា