នយោបាយ
លោកឌឹម សុវណ្ណារុំ៖ ការជម្រះបញ្ហាជាមួយគណបក្សនយោបាយ គឺ គ.ជ.ប យកច្បាប់ទៅដោះស្រាយ
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងឲ្យដឹងថា ការដោះស្រាយបញ្ហាជាមួយគណបក្សនយោបាយនានា ពិសេស គណបក្សភ្លើងទៀនកន្លងមក មិនមែនជាការជំនុំជម្រះក្ដីទេ តែ គឺជាការបកស្រាយច្បាប់សុទ្ធសាធ។ ការលើកឡើងបែបនេះគឺស្របពេលដែល គ.ជ.ប កំពុងធ្វើយុទ្ធនាការចែកប័ណ្ណព័ត៌មានដល់ប្រជាពលដ្ឋសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោក ឌឹម សុវណ្ណរុំ ពន្យល់ថា នៅពេលមានការប្ដឹងផ្ដល់អ្វីមួយកើតឡើង នោះមិនអាចនាំគ្នាគិតថា ឬប្រើពាក្យថា គឺជាការឈ្លោះគ្នានោះទេ តែវាជាការតតាំងក្ដីគ្នាដោយផ្អែកទៅលើច្បាប់ ឬជាការបកស្រាយច្បាប់។ ចំណែកឯ ការប្រើពាក្យថា ជំនុំជម្រះវិញ គឺទាល់តែគណបក្សនយោបាយ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានវិវាទ ឬជម្លោះជាមួយនឹងគ្នា។
លោកមានប្រសាសន៍ថា ៖« ការប្រើពាក្យជំនុំជម្រះ វាហាក់ដូចជា គ.ជ.ប មានជម្លោះជាមួយគណបក្សនយោបាយ ខ្ញុំមិនប្រើពាក្យហ្នឹងទេ តែខ្ញុំថា វាជាការបកស្រាយច្បាប់រវាងគណបក្សនយោបាយ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះ បើមានការប្ដឹង ការផ្ដល់ យើងមិនអាចប្រើពាក្យថា ជាការឈ្លោះគ្នានោះទេ តែ គឺជាការតតាំងក្ដីគ្នាដោយផ្អែកទៅលើច្បាប់ ជាការបកស្រាយច្បាប់»។

លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា បញ្ហា ឬក្ដីកង្វល់របស់គណបក្សភ្លើងទៀន ដែលបានលើកឡើងមកកាន់ គ.ជ.ប ឬតាមរយៈការចេញសេចក្ដីថ្លែងការណ៏នាពេលកន្លងមកជុំវិញការលុបបញ្ជីបេក្ខជនរបស់ខ្លួននោះ គឺជាសិទ្ធិរបស់គណបក្សនេះ ដោយឡែកចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ គឺមានសិទ្ធិនៅក្នុងការចេញសេចក្ដីថ្លែងការណ៏ជម្រាបជូន និងធ្វើការបកស្រាយចំពោះសាធារណជនជាតិ និងអន្តរជាតិ។ ជាក់ស្ដែង ដូចជា ការចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី០៥ ខែមេសា ដោយលើកឡើងពីអង្គហេតុនិងអង្គច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ៖« ខ្ញុំគ្រាន់តែលើកឧទាហរណ៏មាត្រាចំនួនពីរទេគឺមាត្រា៣៥ និងមាត្រា៤២នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រៅពីនេះនៅមានច្បាប់មួយចំនួនទៀតដែល គ.ជ.ប យកមកប្រើដើម្បីឈានទៅសម្រេច ដោយផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ មុននឹងសម្រេចលុបបញ្ជីបេក្ខជន លុបឈ្មោះបេក្ខជននៃគណបក្សនយោបាយ។ នៅក្នុងសវនាការយើងមានបេក្ខជនមកចូលរួម ហើយបេក្ខជនគាត់បានសារភាពថាគាត់ពិតជាអត់ចេះអាននិងសរសេរទេ នេះជាការរកឃើញរបស់ គ.ជ.ប ហើយឲ្យយើងសម្រេចយ៉ាងម៉េចបើយើងរកឃើញអញ្ចឹង ហើយច្បាប់កំណត់អញ្ចឹង តើ គ.ជ.ប មានជម្រើសអ្វីក្រៅពីការលុបបញ្ជីឈ្មោះបេក្ខជន ដែលអនុលោមតាមច្បាប់ជាធរមាន»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពី អង្គហេតុ និងអង្គច្បាប់ក្នុងការសម្រេចច្រានចោលបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ដោយលើកយកនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធជាច្រើន រួមជាមួយនឹងការក្លែងបន្លំលក្ខខណ្ឌបេក្ខជន ឯកសារជីវប្រវត្តិ និងស្នាមមេដៃជាដើម ដែលរៀបចំដោយក្រុមការងារគណបក្សភ្លើងទៀន៕
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់