Connect with us

នយោបាយ

អឺរ៉ុបដែលតែងចោទកម្ពុជារឹតត្បិតសារព័ត៌មាន តែពេលនេះបានប្រកាសបិទសារព័ត៌មានរុស្ស៊ីទៅវិញ

បានផុស

នៅ

គណៈកម្មការអឺរ៉ុបកាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីចំនួន៣បន្ថែមទៀតនៅអឺរ៉ុប។ គិតទាំងលើកនេះ គឺគណៈកម្មការអឺរ៉ុបបានហាមឃាត់សារព័ត៌មានរុស្ស៊ីសរុបចំនួន៥ហើយមិនឲ្យប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុប។ ចំណាត់ការនេះ សរបង្ហាញឲ្យឃើញច្បាស់ថា សហភាពអឺរ៉ុបដែលតែងតែចោទគេឯងរួមទាំងកម្ពុជាផងថា បានរឹតត្បិតសេរីភាពសារព័ត៌មាននោះ កំពុងអនុវត្តស្តង់ដារពីរចំពោះសារព័ត៌មានដែលមិនគាំទ្រខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Ursula von der Leyen ​ប្រធានគណៈកម្មការអឺរ៉ុប បានអះអាងថា ការបិទសារព័ត៌មានរុស្ស៊ី៣បន្ថែមទៀតនេះ គឺជាយន្តការប្រឆាំងនឹងទៅព័ត៌មានមិនពិត បន្ទាប់ពីរុស្ស៊ីបានលើកទ័ពធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការបិទសារព័ត៌មានរបស់រុស្ស៊ីនេះ គឺមានន័យថា ពួកគេមិនអាចផ្សព្វផ្សាយព័ត៌មានបានទៀតទេនៅទូទាំងសហភាពអឺរ៉ុបទោះក្នុងទម្រង់ណាក៏ដោយ​ ទាំងនៅលើបណ្តាញខ្សែកាប តាមប្រព័ន្ធផ្កាយរណប តាមអ៊ីនធើណីត ឬតាមប្រព័ន្ធApp នៅក្នុងទូរស័ព្ទSmartphone។

សារព័ត៌មានទាំង៣របស់រុស្ស៊ីនេះ ត្រូវបានទម្លាយឲ្យដឹងថា ទី១. គឺ RTR Planeta  ទី២. គឺRussia 24 និងទី៣. គឺ TV Centre។ ការបិទសារព័ត៌មានទាំងនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានបិទសារព័ត៌មានធំៗចំនួន២របស់រុស្ស៊ី គឺ RT និង Sputnik ដោយចោទថា ផ្តល់ព័ត៌មានមិនពិត និងគាំទ្រការលើកទ័ពធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនពីសំណាក់រដ្ឋាភិបាលក្រុងមូស្កូល។

ជាការកត់សម្គាល់ ការបិទបណ្តាញសារព័ត៌មានរបស់រុស្ស៊ីជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្រោយពីរុស្ស៊ីបានចាប់ផ្តើមវា​យលុកចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ពេលនោះ ស្របពេលដែលសង្រ្គាមអាវុធកំពុងចាប់ផ្តើមធ្វើ សង្រ្គាមព័ត៌មានក៏ចាប់ផ្តើមឡើងផងដែរ។ សារព័ត៌មានអាមេរិក និងសហភាពអឺរ៉ុប បានចុះផ្សាយលើកសរសើរពីមេដឹកនាំអ៊ុយក្រែន និងការតស៊ូ រហូតដល់ហ៊ានចុះផ្សាយថា អ៊ុយក្រែនឈ្នះស​ង្រ្គាមថែមទៀតផង។ មិនប៉ុណ្ណោះ សារព័ត៌មានខ្លះថែមទាំងបង្កើតព័ត៌មានថា លោកប្រធានាធិបតីពូទីន រត់គេចខ្លួន ខ្លះថា លោកពូទីន មានជំងឺ និងខ្លះទៀតថា រុស្ស៊ីកំពុងត្រៀមមានរដ្ឋប្រហារទម្លាក់លោកពូទីន ព្រោះតែលើកទ័ពធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។

រីឯ សារព័ត៌មានរដ្ឋរបស់រុស្ស៊ីវិញ ក៏បានតបតទៅវិញ ដោយការចុះផ្សាយការបដិសេធរបស់មន្រ្តីរដ្ឋាភិបាលក្រុងក្រឹមឡាំងចំពោះព័ត៌មានចោទប្រកាន់ទាំងអស់នោះ។ មិនតែប៉ុណ្ណឹងទេ សារព័ត៌មានរុស្ស៊ី ក៏បានចុះផ្សាយរៀបរាប់ពីហេតុផលដែលរុស្ស៊ីចាំបាច់ត្រូវបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជា ជ័យជម្នះបណ្តើរៗរបស់កងទ័ពរុស្ស៊ី។ ប៉ុន្តែ ថ្នាក់ដឹកនាំអាមេរិក និងអឺរ៉ុប មិនពេញចិត្តនឹងព័ត៌មានទាំងអស់នេះឡើយ និងចោទថា ជាព័ត៌មានមិនពិត ជាព័ត៌មានបែបឃោសនាឲ្យរដ្ឋាភិបាលរុស្ស៊ីទៅវិញ។

ជាការពិត អឺរ៉ុប ត្រូវបានគេចាត់ទុកថា ជាទីដែលផ្តល់សិទ្ធិ សេរីភាពបរិបូរណ៍ដល់សារព័ត៌មាន និងគោរពសិទ្ធិ សេរីសារព័ត៌មាន និងអ្នកសារព័ត៌មាន និងតែងតែលើកកម្ពស់ និងការពារទាំងបណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន។ ក៏ប៉ុន្តែ នៅពេលមានសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុបបែរជារឹតត្បិតខ្លាំងមែនទែនពុំធ្លាប់មាន ទៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលខុសពីអ្វីដែលខ្លួនធ្លាប់ប្រកាន់ខ្ជាប់ខ្ជួនតាំងពីដើមរៀងមកជាទឹកដីនៃសេរីភាពសារព័ត៌មាន។ កន្លងមក ប្រទេសផ្សេងៗ និងអង្គការការពារអ្នកសារព័ត៌​មា​ន​នៅក្នុងសហភាពអឺរ៉ុប តែងតែចាត់ទុកប្រទេសនេះ ប្រទេសនោះ រួមទាំងកម្ពុជាផងដែរថា បំពាន និងរឹត​ត្បិតសេរីភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន។ ប៉ុន្តែ នៅពេលនេះ សហភាពអឺរ៉ុប ទំនងជាដើរជាន់កែងខ្លួនឯងវិញម្តងហើយ។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជាមើលឃើញថា ពិភពលោកនេះ គ្មានទេការគោរពសេរីភាពសារព័ត៌មានពេញលេញ ពោល គឺការគោរព មានតែទ្រឹស្តី ឯការអនុវត្តវិញ គឺចេញមកស្តង់ដារពីរ ដូច ករណីអឺរ៉ុបធ្វើចំពោះសារព័ត៌មានរុស្ស៊ីអ៊ីចឹង។ សម្រាប់លោក ហ៊ុយ វណ្ណៈ ការបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីការរើសអើងរបស់អឺរ៉ុបចំពោះប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែ លោកបញ្ជាក់ថា វាក៏ជាការល្អសម្រាប់កម្ពុជា។ ល្អ ព្រោះថា នៅពេលអឺរ៉ុបមកចោទកម្ពុជាពាក់ព័ន្ធសេរីភាពសារព័ត៌មាន គឺកម្ពុជាអាចសួរបកទៅវិញអំពីបញ្ហាបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនេះ។

ចំណែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានសម្តែងការខកចិត្តចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប។ នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប បានបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី តែបែរជាមកប្រដៅកម្ពុជាឲ្យគោរពសេរីភាពនៃការបញ្ចេញមតិទៅវិញ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាហាក់ដូចជាមិនយល់ពីសហភាពអឺរ៉ុបសោះចំ​ពោះចំណាត់ការនេះ ហើយមកដល់ពេលនេះ លោកថា ក្រសួងព័ត៌មានកម្ពុជាពុំទាន់ទទួលបានការពន្យល់ណាមួយពីសហភាពអឺរ៉ុបឡើយចំពោះបញ្ហានេះ។ យ៉ាងណាមិញ លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មាន ឱ្យមានស្តង់ដារតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាព ក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៤១ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

Sokha Hotels

ព័ត៌មានពេញនិយម