Connect with us

នយោបាយ

គ.ជ.ប បង្ហាញលទ្ធផល នៃយុទ្ធនាការឃោសនា​បោះឆ្នោត របស់បក្សនយោបាយ សម្រាប់ថ្ងៃទី១

បានផុស

នៅ

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំង១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតទៅតាមលទ្ធភាព និង សមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម គ.ជ.ប គណបក្សនយោបាយទាំងនោះ បានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការជួបជុំ ការហែក្បួន ឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។

គួរកត់សម្គាល់ផងដែរថា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន៤ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួន២ បានហែក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤០.០០០នាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ១.៥០០នាក់ រីឯគណបក្សចំនួន ២ ទៀត គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួន ដែលខ្លួនបានចុះបញ្ជីបេក្ខជន។

ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ ឡើយ ។

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពតាមច្បាប់បទបញ្ជា និងនីតិវិធី រួមនឹងសេចក្ដីណែនាំរបស់ គ.ជ.ប ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម