នយោបាយ
មានបណ្តឹងចំនួន១៨ហើយ ភាគច្រើនស្នើសុំឲ្យដាក់ទោសបក្សភ្លើងទៀន ដែលធ្វើសកម្មភាពឃោសនាល្មើសច្បាប់
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី២៤ ខែឧសភា នេះថា ក្នុងរយៈពេល ៣ថ្ងៃនៃការឃោសនាបោះឆ្នោតនេះ មានបណ្ដឹងដាក់នៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត នៅតាមភូមិសាស្ត្រខេត្តចំនួន៦ ដែលមាន១៨បណ្ដឹង។
បើតាមលោក សោម សូរីដា បណ្តឹងទាំងនោះ មាននៅរាជធានីភ្នំពេញ នៅខេត្តកំពង់ស្ពឺ នៅខេត្តកំពត និងនៅខេត្តប៉ៃលិនជាដើម ហើយនៅក្នុងចំណោមបណ្ដឹងចំនួន១៨នេះ បណ្ដឹងភាគច្រើនពាក់ព័ន្ធ នឹងការស្នើសុំឲ្យដាក់ទោសខាងគណបក្សភ្លើងទៀន ដែលគណបក្សនេះ បានធ្វើសកម្មភាពឃោសនារំលោភលើមាត្រា៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
លោកថា ជាគោលការណ៍គណបក្សនយោបាយ ដែលបានចុះបញ្ជីប្រកួតប្រជែង ត្រូវបានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយតែកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សទាក់ទងទៅនឹងការអភិវឌ្ឍន៍ ឃុំ សង្កាត់ តែប៉ុណ្ណោះ ហើយតាមស្មារតីនៃមាត្រា៦៧ គណបក្សនយោបាយ ត្រូវធ្វើការប្រកួតប្រជែងទៅលើកម្មវិធីនយោបាយ និងគោលនយោបាយ ក្នុងការអភិវឌ្ឍន៍ឃុំ សង្កាត់ ប៉ុន្តែក្រុមការងារគណបក្សភ្លើងទៀន នៅពេលធ្វើការហែក្បួនបានផ្សព្វផ្សាយសារនយោបាយ បានប្រើផ្ទុយទៅនឹងមាត្រា៦៧ ដែលនៅក្នុងនោះមានការប្រមាថមើលងាយចោទប្រកាន់ទៅលើដៃគូប្រកួតប្រជែង ដូចជាចោទប្រកាន់ថា មេឃុំប្រព្រឹត្តអំពើពុករលួយ ឬត្រូវយកមេឃុំដែលប្រើបក្សចេញ ដាក់មេឃុំបម្រើរាស្ត្រជាដើម។
លោកអះអាងថា ការលើកឡើងនេះ គឺជាការប្រមាថមាក់ងាយ និងជាការចោទប្រកាន់ទៅលើគណបក្សនយោបាយ ទៅលើបេក្ខជន ទៅលើបុគ្គល ដែលនេះល្មើសនឹងមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។
លោកសោម សូរីដា បញ្ជាក់ដែរថា មកដល់ពេលនេះមានបណ្ដឹងចំនួន៣ហើយ ត្រូវបានដោះស្រាយ (នៅខេត្តប៉ៃលិន) ហើយក្នុងនោះ ១បណ្ដឹង គូភាគីបានសះជា ហើយបណ្ដឹង២ទៀតមិនសះជា ដូច្នេះបណ្ដឹងនេះ នឹងត្រូវបន្តមកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន។
លោក សោម សូរីដា បានឲ្យដឹងដែរថា យន្តការនៃការដោះស្រាយបណ្ដឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោតមាន៣ថ្នាក់ គឺថ្នាក់ដំបូង នៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ហើយដំណាក់កាលនេះ ជាយន្តការសម្របសម្រួល ហើយប្រសិនបើគូរភាគីមិនសះជា ពួកគាត់អាចប្ដឹងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ហើយយន្តការដោះស្រាយនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតមាន២គឺ ផ្សះផ្សារ ហើយក្នុងករណីមិនសះជា គឺត្រូវបើកសវនាការដើម្បីដោះស្រាយបណ្ដឹង ហើយក្នុងករណីដែលគូភាគីណាមួយមិនសុខចិត្តចំពោះដំណោះស្រាយនោះទេ ពួកគាត់អាចប្ដឹងបន្តមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាយន្តការទី៣ ហើយជាយន្តការដោះស្រាយបណ្ដឹងតវ៉ា និងបិទផ្លូវតវ៉ា។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាទូទៅគណបក្សនយោបាយដែលបានដាក់បេក្ខជនចូលរួម បានធ្វើការផ្សព្វផ្សាយតែកម្មវិធីនយោបាយ និងគោលនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែក៏មានគណបក្សខ្លះក៏បានឆ្លៀតវាយប្រហារលើគណបក្សផ្សេងៗទៀតខុសពីគោលការណ៍ច្បាប់៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់