Connect with us

នយោបាយ

គណបក្ស​ចំនួន​១១ ក្នុងចំណោម​១៣ នៅ​កំពង់ធំ បានធ្វើ​សកម្មភាព​ឃោសនា​តាមរយៈ​ការចែក​ខិត្តប័ណ្ណ និង​ជួបប្រជុំ

បានផុស

នៅ

ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ ជា​ថ្ងៃទី​៥ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​គណបក្សនយោបាយ ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បានធ្វើ​សកម្មភាព​ឃោសនា​តាម​កម្មវិធី ដែល​គណបក្ស​បាន​ដាក់ជូន​គណៈកម្មកា​រ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​។

បើតាម​របាយ​ការ​ណ៍ គ​.​ជ​.​ប ក្នុងការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​៥​នេះ ទាំង​គណបក្សនយោបាយ ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ច្រើន និង​គណបក្សនយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរ​តិច បានធ្វើ​សកម្មភាព​ឃោសនា​តាម​លទ្ធភាព និង​មធ្យោបាយ​ផ្សេងៗ​របស់ខ្លួន​។​

​ជាក់ស្ដែង​នៅ​ខេត្តកំពង់ធំ មាន​គណបក្សនយោបាយ​ចំនួន​១១ ក្នុងចំណោម​១៣ គណបក្ស​បានធ្វើ​សកម្មភាព​ឃោសនា តាមរយៈ​ការចែក​ខិត្តប័ណ្ណ ការជួបប្រជុំ និង​ការចាក់​មេក្រូ​ផ្សព្វផ្សាយ ហើយ​មាន​គណបក្សនយោបាយ​ចំនួន​៣ បានធ្វើ​ការហែក្បួន ដែល​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា (​ហែ​ក្បួន​ចំនួន​៨​ឃុំ​) គណបក្ស​ភ្លើងទៀន (​ហែ​ក្បួន​ចំនួន​២​ឃុំ​) និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​ហែ​ក្បួន​ចំនួន​២​ឃុំ​)​។

ដោយឡែក​នៅ​ខេត្តព្រះវិហារ គណបក្សនយោបាយ​ចំនួន​៨ បានធ្វើការ​ជួបប្រជុំ ចែក​ខិត្តប័ណ្ណ ចាក់​មេក្រូ​ផ្សព្វផ្សាយ ហើយ​ក្នុងនោះ មាន​គណបក្សនយោបាយ​ចំនួន​៣ បាន​ហែ​ក្បួន​ឃោសនា រួមមាន គណបក្ស​ភ្លើងទៀន (​ហែ​ក្បួន​ចំនួន​២​ឃុំ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​ហែ​ក្បួន​ចំនួន​៣​ឃុំ​) និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​ហែ​ក្បួន​ចំនួន​១​ឃុំ​)​។

ជារួម​សភាពការណ៍​ទូទៅ នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ក្នុង​ថ្ងៃទី​៥​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។

គួររំលឹកថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២​។ ការធ្វើសកម្មភាព​ឃោសនា ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម