Connect with us

នយោបាយ

១០ថ្ងៃ នៃការឃោសនាបោះឆ្នោត មានបណ្ដឹងចំនួន ៤៥ បានដាក់ប្ដឹងនៅថ្នាក់ឃុំ-សង្កាត់  

បានផុស

នៅ

នៅក្នុងដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គិតចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២នេះ​ គឺគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ទទួលបានបណ្ដឹងចំនួន ៤៥បណ្ដឹង។ នេះបើតាមលោក សោម ​សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែឧសភានេះថា ​ក្នុងចំណោមបណ្ដឹងទាំង ៤៥ទាំងនោះ គឺមានបណ្ដឹងចំនួន ១៣ បានប្ដឹងបន្តទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។ បណ្ដឹងទាំង ៤៥នោះ កើតឡើងនៅខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត, ក្រចេះ, រាជធានីភ្នំពេញ, ព្រៃវែង, ពោធិ៍សាត់, ស្ទឹងត្រែង, ប៉ៃលិន, និងខេត្តត្បូងឃ្មុំ។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា ក្នុងចំណោមបណ្ដឹងទាំងអស់នោះ គឺមាន ២៩បណ្ដឹង ត្រូវបានប្ដឹងដោយសកម្មជន​គណបក្សប្រជាជនកម្ពុជា, មន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំចំនួន ១បណ្ដឹង, បេក្ខជនគណបក្សប្រជាជនកម្ពុជាប្ដឹង ១បណ្ដឹង, សកម្មជនគណបក្សភ្លើងទៀនប្ដឹងចំនួន ២បណ្ដឹង, មន្ត្រីគណបក្សភ្លើងទៀនថ្នាក់ឃុំប្ដឹងចំនួន ១បណ្ដឹង,​ សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចប្ដឹងចំនួន ១បណ្ដឹង, ប្រជាពលរដ្ឋប្ដឹងចំនួន ៦បណ្ដឹង,​ អាជ្ញាធរប្ដឹងចំនួន ១បណ្ដឹង, មន្ត្រីរាជការប្ដឹងចំនួន ១បណ្ដឹង, និងចៅសង្កាត់ក្នុងមុខតំណែងប្ដឹងចំនួន ២បណ្ដឹង។

ក្នុងចំណោមបណ្ដឹងទាំង ៤៥នេះ គឺគណៈកម្មការឃុំ-សង្កាត់ រៀបចំកាបោះឆ្នោត បានផ្សះផ្សា និងសះជាចំនួន ១២បណ្ដឹង, ផ្សះផ្សាហើយ មិនសះជាចំនួន ១៥បណ្ដឹង, ធ្វើលិខិតរដ្ឋបាលជូនទៅសាម៉ីដើមបណ្ដឹងចំនួន ៦បណ្ដឹង, ដើមបណ្ដឹងសុំដកពាក្យបណ្ដឹងចំនួន ២បណ្ដឹង, ហើយបណ្ដឹងកំពុងដោះស្រាយចំនួន ១០បណ្ដឹង។ ដោយឡែក ចំពោះបណ្ដឹងដែលបានប្ដឹងទៅកាន់ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ក្នុងចំណោម ៤៥បណ្ដឹងនេះ គឺមាន ១៣បណ្ដឹង ដែលប្ដឹងនៅខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពត, រាជធានីភ្នំពេញ, ប៉ៃលិន, និងខេត្តត្បូងឃ្មុំ។

លោក សោម សូរីដា បានបញ្ជាក់បន្ថែមថា ចំពោះបណ្ដឹងទាំង ១៣ ដែលបានប្ដឹងទៅកាន់ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតនោះ គឺមន្ត្រីបានចេញជាលិខិតចំនួន ២បណ្ដឹង, សម្រេចផាកពិន័យ ៥លានរៀលចំនួន ១បណ្ដឹង, និងកំពុងដោះស្រាយចំនួន ១០បណ្ដឹង។

សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានចាប់ពីថ្ងៃទី ២១ ខែឧសភា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។​ ការបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម