នយោបាយ
អ្នកកាសែតជើងចាស់៧រូប ចេញមុខសរសេរសៀវភៅជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយ
ក្រៅពីផ្តល់ព័ត៌មានដល់អ្នកអាន អ្នកស្តាប់ អ្នកទស្សនា អ្នកកាសែតជើងចាស់៧រូបដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំ បានបង្កើតស្នាដៃដោយសរសេរសៀវភៅជាច្រើនសម្រាប់ចែករំលែក និងផ្តល់ចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជនជំនាន់ក្រោយ។ សៀវភៅទាំងអស់នេះ គឺទាក់ទងនឹងបញ្ហានយោបាយ ភូមិសាស្រ្តនយោបាយ ទំនងទំនាក់អន្តរជាតិ ប្រវត្តិសាស្រ្ត និងសៀវភៅនិយាយពីសម្តេចតេជោ ហ៊ុន សែន និងកូនៗរបស់សម្តេចជាដើម។
*លោក ហ្សង់ ហ្រ្វង់ស័រ តាន់ (Jean-François Tain )៖ លោកបានចាកចេញពីស្រុកកំណើតនៅ ខេត្តបាត់ដំបង ទៅប្រទេសបារាំងតាំងពីអាយុ ១៣ ឆ្នាំហើយបច្ចុប្បន្ន លោក គឺនាយកគ្រប់គ្រងការផ្សាយនៅវិទ្យុ RFI។ លោក ហ្សង់ ហ្រ្វង់ស័រ តាន់ បានសរសេរសៀវភៅសំខាន់ៗដូចជា “ចម្បាំងត្រជាក់រវាងអាមេរិកនិងចិន” ពាក់ព័ន្ធនឹង ប្រវត្តិនយោបាយសង្ខេប ឬសគល់អាស៊ាន ជម្លោះសមុទ្រចិនខាងត្បូង និងការប្រជែងរវាងមហាអំណាចយក្ស អាមេរិក និងចិន ។ ចំណែក សៀវភៅ “មហាយក្សចិន” វិញ គឺលើកពីប្រវត្តិសាស្រ្តសំខាន់បំផុត និងគោលនយោបាយក្នុងប្រទេសចិននាសម័យទំនើប ខណៈសៀវភៅ “អាស៊ីប៉ាស៊ីហ្វិក” ពន្យល់ពីប៉ូលអាស៊ីសំខាន់ៗ៤ គឺចិន ជប៉ុន ឥណ្ឌា និងអាស៊ានដែលកំពុងរីកសក្តានុពល។
*លោក ពុយ គា ៖ បច្ចុប្បន្ន លោក ពុយ គា គឺជាឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់សារព័ត៌មានជប៉ុន Kyodo។ បន្ថែមពីលើអាជីពជាអ្នកសារព័ត៌មានចាស់វស្សានៅកម្ពុជា ក៏បានឆ្លៀតពេលនិពន្ធ និងតាក់តែងសៀវភៅបានចំនួន ៦ក្បាល និងត្រៀមសម្ពោធស្នាដៃសៀវភៅទី៧ “អាថ៌កំបាំងក្រៅឆាក” នៅខែក្រោយនេះផងដែរ។ សៀវភៅដែលបានបោះពុម្ពចេញផ្សាយទាំង ៦ មានទាំងភាសាជាតិ និងភាសាអង់គ្លេស មានអាទិ៍ សៀវភៅ “ស្វែងយល់ពីរដ្ឋាភិបាលនីមួយៗក្នុងរយៈពេល៦ទសវត្សរ៍ចុងក្រោយ” “ប្រវត្តិវិទ្យុនៅកម្ពុជា” និង“រដ្ឋាភិបាលកម្ពុជាពីឆ្នាំ១៩៤៥ ដល់ ២០១០” ជាដើម។
*លោក ឆាយ សុផល ៖ ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានផង និងជាសាស្រ្តាចារ្យផ្នែកសារព័ត៌មានផង លោក ឆាយ សុផល បាននិពន្ធ និងចងក្រងសៀវភៅជាង ១០ក្បាល។ សៀវភៅទាំងនេះ រួមមាន សៀវភៅ “ប៊ុន រ៉ានី ភរិយា បុរសខ្លាំងនៃកម្ពុជា” “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?” “អំណាច និងរាជបល្ល័ង្កនៃមហាក្សត្រខ្មែរសែ អង្គឌួង នរោត្តម ស៊ីសុវត្ថិ” “ហ៊ុន សែន-សង្គ្រាម និង សន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍” “បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំំណោមអ្នកបន្តវេន” និង ជាភាសាអង់គ្លេស Hun Sen war 8 peace in Cambodia and Southeast Asia ។ល។ សៀវភៅទាំងនេះភាគច្រើនផ្តោតសំខាន់លើបរិបទនយោបាយ ប្រវិត្តិសាស្រ្ត ស្នាដៃ ជីវប្រវត្តិមេដឹកនាំ បុគ្គលមានឥទ្ធិពល និងព្រះមហាក្សត្រ។
*លោក លាង ដឺលុច ៖ លោក លាង ដឺលុច គឺជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានឌីជីថលថ្មីៗ។ លោកទើបតែចេញស្នាដៃមួយក្បាលក្រោមចំណងជើងថា “ក្តីសង្ឃឹម ហ៊ុន ម៉ានី” ដែលបានដាក់លក់ជាសាធារណៈចំនួនមួយម៉ឺនក្បាលកាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។ លោក លាង ដឺលុច បានជ្រើសរើសលោក ហ៊ុន ម៉ានី ជាតួអង្គឯកក្នុងសៀវភៅជាងពីររយទំព័រនេះ ដោយសារលោកយល់ថា កូនប្រុសពៅរបស់នាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ទទួលបានភាពល្បីល្បាញតាមរយៈការជួយការងារសង្គម ចលនាយុវជន និងសកម្មភាពក្នុងឆាកនយោបាយ។
*លោក គី សុខលីម ៖ លោក គី សុខលីមនេះ គឺជាអ្នកសារព័ត៌មានចាស់វស្សាដ៏មានឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជា។ លោក គឺជាស្ថាបនិកសារព័ត៌មានអេឡិចត្រូនិចថ្មីៗជាមួយលោក លាង ដឺលុចដែរ។ លោក គី សុខលីម ក៏ទើបបានបញ្ចេញស្នាដៃនិពន្ធសៀវភៅមួយក្បាល “អ្នកថែអង្គរ” ដោយបង្ហាញពីអ្នកអភិរក្ស និងថែរក្សាអង្គរជាច្រើនរូប។ ស្នាដៃដ៏ថ្មីស្រឡាងដែលបានដាក់សម្ពោធជាផ្លូវការ នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២នេះ មានគោលបំណងឱ្យអ្នកអានទាំងឡាយនឹកគុណដល់អ្នករួមចំណែកការពារ និងអភិរក្សដួងព្រលឹងជាតិប្រាសាទអង្គរវត្ត។
*លោក ឈឹម សេរីភួន៖ ជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លោក ឈឹម សេរីភួន បានបញ្ចេញស្នាដៃដំបូងរបស់ខ្លួនតាមរយៈការនិពន្ធសៀវភៅ «របត់នយោបាយ សីហនុ-លន់ នល់-ប៉ុល ពត-ហ៊ុន សែន»។ សៀវភៅនេះ បានផ្តោតសំខាន់អំពីបរិបទរបស់អ្នកនយោបាយក្នុងស្រុកខ្មែរទាំង៤ ដូចជា សម្តេច ព្រះនរោត្តមសីហនុ លោកសេនាប្រមុខលន់ នល់ លោកសាឡុត ស ហៅ ប៉ុល ពត និងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោក ឈឹម សេរីភួន ធ្លាប់បានគូសបញ្ជាក់ថា សៀវភៅនេះ គឺជាស្នាដៃដំបូង និងជាស្នាដៃចុងក្រោយរបស់លោកសម្រាប់ប្រជាពលរដ្ឋ និងយុវជនខ្មែរជំនាន់ក្រោយ។
*លោក ឯក ថា ៖ លោកឯក ថា គឺជាអតីតអ្នកសារព័ត៌មាន Reuters និង The Cambodia daily មុននឹងចាប់អាជីពជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា។ លោកបានបន្សល់ទុកស្នាដៃសៀវភៅចំនួន៤ ដោយស្នាដៃចុងក្រោយបង្អស់មានចំណងជើងថា «ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍»។ សៀវភៅដែលលាយឡំមនោសញ្ចេតនា-ប្រវត្តិសាស្រ្ត-នយោបាយមួយនេះ ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ ក្នុងគោលបំណងសំខានរំលេចពីការស្ម័គ្រចិត្តរបស់កងទ័ពវៀតណាមបានជួយសង្គ្រោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ប៉ុន្តែ លោកបានទទួលមរណៈភាពកាលពីខែមីនា ឆ្នាំ២០២២ ក្នុងអាយុ ៥១ ឆ្នាំ ដោយជំងឺគាំងបេះដូង៕
ដោយ ៖ វង់ លីលី
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន