Connect with us

នយោបាយ

គណបក្សនយោបាយ ៖ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ ប្រព្រឹត្តទៅដោយល្អប្រសើរ ក្នុងបរិយា​កាស សេរី ត្រឹមត្រូវ និងយុត្តិធម៌

បានផុស

នៅ

គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ បានកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយល្អប្រសើរ ប្រកបដោយតម្លាភាព និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ និងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ត្រូវបានធ្វើឡើងប្រកប​ដោ​យតម្លាភាព មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងឡើយ។

លោក សុខ ឥសាន បានសរសេរបន្តថា ប្រជាជនកម្ពុជា បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី ដោយ​សារប្រទេសជាតិមានសន្តិភាព។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងដែរថា ប្រជាជនកម្ពុជាបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដោយ​សារតែគណបក្សប្រជាជនកម្ពុជា មានកម្មវិធីត្រឹមត្រូវបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយមន្ត្រីគណបក្សប្រជាជនកម្ពុជា ដាក់ខ្លួនដាក់កាយបម្រើប្រជាជនដោយស្មោះត្រង់។ លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាសមទ្ធិផលជាច្រើនពាសពេញប្រទេស ដែលផ្សាភ្ជាប់នឹងផលប្រយោជន៍ជីវភាពរស់នៅរបស់ប្រជាជន។

ចំណែកគណបក្សយុវជនកម្ពុជា ដែលជាគណបក្សបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតដែរនោះ បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ៦ ខែមិថុនានេះ ដោយបានកត់សម្គាល់ឃើញថា ដំណើរការនៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅដោយរលូន ក្នុងស្ថានភាពសន្តិសុខល្អ សណ្ដាប់ធ្នាប់ល្អ និងក្នុងបរិយា​កាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋបានទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ យ៉ាងច្រើនកុះករផងដែរ។

លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា​ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី​បន្ថែមថា គណបក្សរបស់លោក បានកត់សម្គាល់ឃើញថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ បានប្រព្រឹត្តទៅដោយល្អប្រសើរ គ្មានការគំរាមកំហែង ឬការរំខានណាមួយទៅលើការបោះឆ្នោតនេះឡើយ។

លោក ពេជ្រ​ ស្រស់ មានប្រសាសន៍បន្តថា «យើងមើលឃើញថា ស្ថានភាពការបោះឆ្នោតនៅអាណត្តិនេះ គឺល្អប្រសើរគ្មានការគំរាមកំហែង គ្មានការអុកឡុករំខានពីនរណាទេ ពលរដ្ឋគាត់ទៅបោះឆ្នោតដោយមានភាពកក់ក្ដៅ ជ្រើសរើសគណបក្សដែលខ្លួនស្រលាញ់ ចឹងចំណាប់អារម្មណ៍របស់ខ្ញុំ គឺថា ប្រជាពលរដ្ឋ និងអ្នកនយោបាយ ចាប់ផ្ដើមមានភាពចាស់ទុំ ក្នុងឆាកនយោបាយ ដោយមិនបង្កហិង្សា ទៅលើខ្មែរ និងខ្មែរគ្នាឯងទៀតហើយ»។

រីឯគណបក្សខ្មែរតែមួយ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃចន្ទនេះ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោត នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ គឺមានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធមានភាពចាស់ទុំ ខាងនយោបាយធ្វើឲ្យមានរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់អាណត្តិទី ៥នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ។

ជាមួយគ្នានេះ គណបក្សខ្មែរតែមួយ ក៏បានថ្លែងអំរគុណ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ដែលបានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទទួលយកបាន។

ក្នុងនោះដែរ គណបក្សសញ្ជាតិកម្ពុជា ក៏បានកត់សម្គាល់ដែរថា ទាំងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនមាន លក្ខណៈល្អប្រសើរអាចទទួលយកបាន ទោះមិនបាន ១០០ភាគក៏ដោយ ហើយនៅក្នុងដំណាក់កាលឃោសនា មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ប្រព្រឹត្តិទៅដោយរលូន គ្មានគំរាមកំហែង គ្មានអំពើហិង្សា។

គណបក្សសញ្ជាតិកម្ពុជា បាន​លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា បរិយាកាសនៃការបោះ​​ឆ្នោត ​និងរាប់សន្លឹកឆ្នោតសម្រាប់អាណត្តិទី ៥នេះ គឺប្រព្រឹត្តទៅក្នុងបរិយាកាសមួយ ល្អប្រសើរច្រើនជាងអាណត្តិមុនៗ ហើយគណបក្សនេះ ប្រកាសជាឱឡារិកថា នឹងគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានសម្រេច និងទទួលយកលទ្ធផលនៃការបោះឆ្នោត ដោយក្ដីសោមនស្សរីករាយជាទីបំផុត។

សម្រាប់គណបក្សខ្មែររួបរួមជាតិវិញ បានកត់សម្គាល់ដែរថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ បានដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា «ក្នុងពេលបោះឆ្នោត មានបរិយាកាសស្ងប់ស្ងាត់ល្អ និងដំណើរការទៅដោយរលូន គ្មានឧបសគ្គ និងគ្មានអំពើហិង្សា ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោត អាចទទួលយកបាន»។

សូមជម្រាបថា ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបោះឆ្នោតថា មានប្រជាពលរដ្ឋចំនួន ៧ ១៧២ ៤៤៨នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩ ២០៥ ៦៨១នាក់ ដែលស្មើនឹង ៧៧,៩១ភាគរយ។

លោកប្រធាន គ.ជ.ប បានបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព្រឹត្តទៅដោយជោគជ័យ ​និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង៕

អត្ថបទ៖​ ឃួន សុភ័ក្រ   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម