នយោបាយ
ក្រោយការបោះឆ្នោតបានបញ្ចប់ តើសន្លឹកឆ្នោត ឯកសារ និងសម្ភារបម្រើឲ្យការបោះឆ្នោត ត្រូវទុកដាក់យ៉ាងដូចម្ដេច?
កាលពីថ្ងៃទី ៧ ខែមិថុនាម្សិលមិញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥បានបញ្ចប់ មន្ត្រីពាក់ព័ន្ធរបស់ គ.ជ.ប បានដឹកជញ្ជូនសន្លឹកឆ្នោត ឯកសារ និងសម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោត ពីគណៈកម្មការឃុំ- សង្កាត់រៀបចំការបោះឆ្នោត មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៨ ខែមិថុនានេះថា ចំពោះសន្លឹកឆ្នោត ឯកសារ និងសម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ បន្ទាប់ពីបោះឆ្នោត និងរាប់សន្លឹកឆ្នោតរួចហើយ ត្រូវវេចខ្ចប់បញ្ជូនទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតក្នុងឃុំ-សង្កាត់នីមួយៗ។

លោកបន្តថា បន្ទាប់ពីបូកសរុបលទ្ធផលរួចរាល់នៅថ្នាក់ឃុំ-សង្កាត់ គឺគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវ បិទផ្សាយលទ្ធផលបណ្ដោះអាសន្ន។ បន្ទាប់មកទៀត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវវេចខ្ចប់សន្លឹកឆ្នោត សម្ភារ និងឯកសារទាំងនោះ បញ្ជូនទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបឋមនៃការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងបូកសរុបលទ្ធផលឡើងវិញរួច ព្រមទាំងដោះស្រាយបណ្ដឹងចប់សព្វគ្រប់ហើយ គឺគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវវេចខ្ចប់សន្លឹកឆ្នោត សម្ភារ និងឯកសារទាំងអស់ពីគ្រប់ឃុំ-សង្កាត់ ចំណុះឲ្យរាជធានី-ខេត្តនីមួយៗ ដើម្បីបញ្ជូនមកគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ មុននឹងប្រកាសលទ្ធផលនៃការបោះឆ្នោតផ្លូវការ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា នៅពេលដែល គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតផ្លូវការហើយ គឺសន្លឹកឆ្នោត ឯកសារ និងសម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតទាំងអស់ ត្រូវបញ្ជូនយកទៅទុកនៅឃ្លាំងរបស់ គ.ជ.ប នៅទីតាំងគីឡូម៉ែត្រលេខ ៦។ លោកបញ្ជាក់បន្ថែមថា សន្លឹកឆ្នោត ដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ត្រូវរក្សាទុករយៈពេល ៣ឆ្នាំ ហើយក្រោយពីនោះ គឺ គ.ជ.ប នឹងចាត់ចែងបំផ្លាញសន្លឹកឆ្នោតនោះ។ រីឯហិបឆ្នោត និងសម្ភារផ្សេងទៀត ដែលអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតក្រោយៗទៀត នឹងរៀបចំរក្សាទុកឲ្យបានត្រឹមត្រូវ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ ទាំង គ.ជ.ប និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅដោយរលូនល្អ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា និងការគំរាមកំហែងនោះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត