នយោបាយ
ចំណុចសំខាន់ៗ ដែលនាំគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ សម្រាប់ការបោះឆ្នោត
អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងនូវចំណុចសំខាន់ៗ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៨ ខែមិថុនានេះថា ចំណុចសំខាន់ៗ ដែលធ្វើឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះដ៏ច្រើនលើសលប់នេះ រួមមាន៖
ទី១. គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានដាក់ចេញយ៉ាងត្រឹមត្រូវ ទើបមានការគាំទ្រពីប្រជាពលរដ្ឋច្រើនបន្តទៀត។ លោកថា «គោលនយោបាយ របស់គណបក្សប្រជាជនត្រឹមត្រូវ ដាក់ចេញត្រឹមត្រូវ ទើបមានការគាំទ្រជាបន្តទៀត ពីព្រោះយើងឃើញថា ឆ្នាំ ២០១៧ មកទល់ឲ្យឥឡូវនេះ ពិនិត្យជារួមទៅ គឺមានន័យថា គោលនយោបាយរបស់បក្សហ្នឹង គឺបានដាក់ចេញត្រឹមត្រូវ ហើយប្រជាពលរដ្ឋគាំទ្រ»។

ទី២. តួនាទីសំខាន់ របស់គណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គិន ភា លើកឡើងថា «ការគាំទ្ររបស់ប្រជាពលរដ្ឋ វាឆ្លុះបញ្ចាំងអំពីតួនាទីដ៏មានសារៈសំខាន់ របស់គណបក្សប្រជាជនកម្ពុជា ទីមួយតួនាទីដែលមិនអាចបំភ្លេចបាន ហើយដែលត្រូវចងចាំហ្នឹង គឺតួនាទីនៅក្នុងរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ហ្នឹង នរណាក៏នៅចង់ចាំដែរ ដែលធ្វើឲ្យប្រជាជាតិ ប្រជាជនខ្មែររស់ឡើងវិញ ដែលយើងចាំបាច់ត្រូវតែកត់ត្រាទុក ចំណុចទីពីរ គេហៅថា គុណបំណាច់ដែលបក្សបានខិតខំកន្លងមកហ្នឹង គឺការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍»។
លោកបន្តថា ទីបី គឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ឲ្យប្រទេសជាតិ មានការរីកចម្រើនជាពិសេសកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយជាង ២ ទសវត្សរ៍ ដែលអាចកម្ពុជាមានឱកាសពង្រីក នូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងពង្រឹងនូវតួនាទីរបស់ខ្លួនក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ កត្តាដែលមិនអាចខ្វះបានមួយនោះ គឺកត្តាសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញផ្ទៃប្រទេស នៅចុងឆ្នាំ ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដកម្ពុជាជាង ៥០០ឆ្នាំ។
ទី៣. ប្រជាពលរដ្ឋ នៅតែស្រលាញ់ នៅតែគាំទ្រ នៅតែគោរព និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអាយដល។ អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត គិន ភា លើកឡើងត្រង់ចំណុចនេះថា «ក្រៅពីនោះទៀតខ្ញុំគិតថា ប្រជាពលរដ្ឋ នៅតែស្រលាញ់ នៅតែគាំទ្រ នៅតែគោរពកិត្តិបណ្ឌិត ការដឹកនាំប្រកបដោយភាពឆ្លាតវៃ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ពីព្រោះយើងត្រូវដឹងថា ឥរិយាបថនៃអ្នកបោះឆ្នោតរបស់កម្ពុជា គឺគេមិនអាចកាត់ផ្ដាច់បានទេពីស្វាមីភ័ក្រ្ដ របស់សមាជិកបក្ស របស់អ្នកគាំទ្របក្ស ចំពោះប្រមុខរបស់គណបក្ស អញ្ចឹងសម្ដេច ហ៊ុន សែន បើយើងនិយាយភាសាបែបយុវជនបច្ចុប្បន្ន គេហៅថា នៅតែជាអាយដលរបស់ប្រជាពលរដ្ឋខ្មែរ ដែលគេនៅតែគាំទ្រលោក ហើយរូបភាព កិត្តិយស កេរ្ដិ៍ឈ្មោះ កិត្យានុភាពរបស់លោក គឺបានដកជាប់ក្នុងការចងចាំ ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ»។
ត្រង់ចំណុចនេះ លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា នៅពេលបោះឆ្នោតប្រជាពលរដ្ឋឃើញគណបក្សប្រជាជនកម្ពុជា គឺនឹកដល់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះហើយ ទើបធ្វើប្រជាពលរដ្ឋខ្មែរ នៅតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ ហើយការគាំទ្រ និងភាពជោគជ័យបែបនេះ នឹងកើតឡើងមានបន្តទៀត នៅការបោះឆ្នោតជាតិឆ្នាំ ២០២៣ខាងមុខនេះ បន្តទៀត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ លទ្ធផលបឋម ដែលបង្ហាញដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះដ៏ច្រើនលើសលប់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា