នយោបាយ
ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន សម្តេច ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ បានចេញប្តូរជីវិតតស៊ូរំដោះកម្ពុជាពីខ្មែរក្រហម
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាគម្រប់ខួប៤៥ឆ្នាំគត់នៃដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ផ្តើមចេញនៅព្រំដែនកម្ពុជា-វៀតណាម។ នៅព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម ធ្វើពិធីប្រារព្ធខួប៤៥ឆ្នាំនៃដំណើរតស៊ូរំដោះជាតិនេះនៅក្នុងខេត្តត្បូងឃ្មុំរបស់កម្ពុជា។ នៅពេលនេះ «កម្ពុជាថ្មី» សូមរំលឹកត្រួសៗពីដំណើរតស៊ូរំដោះជាតិកម្ពុជាចេញពីកណ្តាប់ដៃខ្មែរក្រហមរបស់សម្តេច ហ៊ុន សែន ដែលកាលណោះមានវ័យត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។ ការចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តនេះ គឺផ្តើមចេញនៅតំបន់កោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលតំបន់នេះ ត្រូវបានស្គាល់ថា ជាតំបន់«X16»។
ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មោះមុតនេះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត ដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបន្ទាប់មកទៀត ក៏កើតមាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ ខែតុលា ឆ្នាំ១៩៩១។ គឺនៅពេលនោះហើយដែលជាដំណាក់កាលឈានទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិល បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់រំលឹកពីការចេញដំណើរតស៊ូដំបូងរបស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេស ចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ»។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា គឺនៅពេលនោះ សម្តេចអត់មានជម្រើសណាល្អជាងនេះទេ ព្រោះសម្តេច និងពលរដ្ឋកម្ពុជា មិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។

រំលឹកមកដល់ចំណុចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានពោលឡើងថា៖«ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេ តើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំណួរបន្ទាប់ តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ? សំណួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំណួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ»។

ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅក្នុងឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិកម្ពុជា ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ ក្រសួងការពារជាតិកម្ពុជា ក៏បានរៀបចំសាងសង់នូវសំណង់នានានៅក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់