នយោបាយ
អ្នកនាំពាក្យ CPP ៖ ការចោទប្រកាន់ គ.ជ.ប ថា លម្អៀង គឺជារឿងមិនត្រឹមត្រូវ
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ការចោទប្រកាន់ គ.ជ.ប ថា លម្អៀងទៅរកគណបក្សនយោបាយណាមួយនោះ គឺជារឿងមិនត្រឹមត្រូវ។ ការលើកឡើងនេះ ក្រោយពីគណបក្សនយោបាយមួយចំនួនតូច បានលើកឡើងថា ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប មិនទាន់ឯករាជ្យ ហើយការសម្រេចលើការងារមួយចំនួន ធ្វើឡើងដោយលម្អៀង ក្រោយការបោះឆ្នោតការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥បានបញ្ចប់។ ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ មានគណបក្សនយោបាយមួយចំនួន ដែលបង្កើតឡើងដោយអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមជួបជុំគ្នា ដើម្បីតស៊ូមតិកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សមាសភាព គ.ជ.ប ទាំង ៩រូប ត្រូវបានរៀបចំឡើងដោយគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភាកាលពីនីតិកាលកន្លង ហើយត្រូវចំណាយពេលអស់ជាច្រើនខែ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប។ លោកថា «ដូច្នេះ គ.ជ.ប គឺជាស្ថាប័នធម្មនុញ្ញ ហើយជាស្ថាប័នផ្លូវច្បាប់មួយ ដែលមិនអាចអ្នកណាចេះតែចង់ដោះដូរអីបានទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ការលាលែងពីសមាសភាព គ.ជ.ប ដែលមកពីអតីតគណបក្សប្រឆាំង គឺគ្មាននរណាម្នាក់បណ្ដាញ ឬគាបសង្កត់អ្វីឡើយ តែបុគ្គលរូបនោះស្ម័គ្រចិត្តលាលែងដោយខ្លួនឯង ដូចករណីលោក រ៉ុង ឈុន ជាដើម។ បន្ថែមពីលើនេះ នៅក្នុងច្បាប់ ស្ដីពី ការការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប បានបញ្ជាក់ថា នៅពេលណាសមាសភាព គ.ជ.ប ម្នាក់ ឬពីរនាក់ លាលែងពីមុខតំណែង គឺត្រូវរើសសមាសភាពថ្មី ទៅតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់ ហើយត្រូវអនុម័តដោយរដ្ឋសភាថែមទៀត។
បើតាមលោក សុខ ឥសាន ស្ថាប័ន គ.ជ.ប មិនមែនចេះតែរុះរើតាមបុគ្គលមួយចំនួននោះទេ ហើយការចោទប្រកាន់ថា គ.ជ.ប លម្អៀងទៅរកគណបក្សណាមួយនោះ គឺជារឿងមិនត្រឹមត្រូវឡើយ។ លោកថា «ហើយមិនមែនចេះតែជនមួយចំនួន ចេះតែចង់រុះរើបានតាមអំពើចិត្តទេ ហើយការចោទប្រកាន់ថា គ.ជ.ប លម្អៀងខាងគណបក្សនេះ គណបក្សនោះ វាជាការមិនសមស្របទេ ពេលដែលសមាសភាពមកពីប្រភពគណបក្សណាក៏ដោយ ពេលដែលចូលជាសមាជិក គ.ជ.បហើយ ត្រូវលាលែងចេញពីសមាជិកភាព របស់គណបក្សនយោបាយនោះហើយ»។
ចំណែកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ បានលើកឡើងពីការចោទសួរមួយចំនួន ដែលថាតើការបោះឆ្នោតនេះធានាអព្យាក្រឹត្យដែរទេ បើសមាជិក គ.ជ.ប មានប្រភពចេញតែពីគណបក្សប្រជាជនកម្ពុជា។
សម្ដេចក្រឡាហោម បានចាត់ទុកសំនួរខាងលើនេះជាសំណួរខុស និងជាសំណួរដែលតាំងឡើងដោយមនោសញ្ចេតនាណាមួយ ព្រោះបច្ចុប្បន្នថ្នាក់ដឹកនាំ គ.ជ.ប មានសមាសភាពមកពីប្រភពចម្រុះ ខណៈច្បាប់បានតម្រូវឲ្យលាលែងពីគណបក្សនយោបាយ និងមានកាតព្វកិច្ចអនុវត្តតាមច្បាប់។ សម្ដេចចោទជាសំណួរ ថាតើអតីតសមាជិក គ.ជ.ប ដែលដើរចេញដោយសារអតីតគណបក្សសង្គ្រោះជាតិរំលាយនោះ ជាការបង្ហាញអព្យាក្រឹត្យឬយ៉ាងណា? សម្ដេចបន្ថែមថា «អត់មាននរណាបណ្ដេញគាត់ទេ គាត់ដេញខ្លួនគាត់ ហើយមានន័យថា គាត់ហាក់ដូចជាអារម្មណ៍គាត់ នៅលើគណបក្សគាត់ គាត់អត់ទាន់ប្រកាន់ជំហរអព្យាក្រឹត្យ»។
ពាក់ព័ន្ធនឹងការចោទថាលួចសន្លឹកឆ្នោត ចោទថាការបោះឆ្នោតមិនត្រឹមត្រូវ តែគណបក្សដែលចោទនោះ បានទទួលយកលទ្ធផលបោះឆ្នោតនោះ សម្ដេចក្រឡាហោមបានចាត់ទុកការនិយាយ និងទង្វើនោះថា រឿងមិនត្រឹមត្រូវ និងជាវប្បធម៌នយោបាយមួយគួរបញ្ឈប់ ដោយបន្ថែមថា «នេះជាបន្ទាត់នយោបាយរបស់គាត់ ឲ្យតែចាញ់គាត់ថាអ៊ីចឹង តាមមើលអ៊ីចឹង! លេងអាចក្បួនហ្នឹងអត់បានទេ វប្បធម៌ហ្នឹងមួយ ដែលខ្ញុំស្នើគណបក្សនយោបាយ ត្រូវទទួលស្គាល់ការពិត[…]ចង់និយាយថាបើគ្រាន់តែចោទស្មានៗអ៊ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា