Connect with us

នយោបាយ

លោក ប្រាក់ សុខុន ស្នើឲ្យរដ្ឋអំណាចភូមា បញ្ជូនលោកស្រីអោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ

បានផុស

នៅ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានសរសេរលិខិតមួយទៅកាន់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)នៃប្រទេសមីយ៉ាន់ម៉ា ដោយទទូចឲ្យបញ្ជូនលោកស្រីអោងសាន ស៊ូជី ចេញពីពន្ធនាគារទៅកាន់លំនៅដ្ឋានរបស់លោកស្រីវិញ។ ការសរសេរលិខិតស្នើសុំនេះ ទើបត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ចេញឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើទៅលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាថា៖ «ខ្ញុំមិនមានមន្ទិលសង្ស័យទេថា ក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថា មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។

ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានទទួចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ។

ការស្នើសុំរបស់ប្រមុខការទូតកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនបានសម្រេចបញ្ជូនលោកស្រី អោនសាន ស៊ូជី ទៅឃុំខ្លួននៅក្នុងបន្ទប់ដាច់តែម្នាក់ឯងនៅ​ពន្ធនាគារ ក្នុងរដ្ឋណៃពីដោ។ អ្នកនាំពាក្យរបស់​របបសឹកមីយ៉ាន់ម៉ា​បាន​អះអាងថា ការសម្រេចនេះ គឺធ្វើឡើងដោយ​យោងទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌរបស់ប្រទេសមីយ៉ាន់ម៉ា។

ចំពោះបញ្ហានេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ»។ អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកប​ដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ។  សម្រាប់លោក ប្រាក់ សុខុន ដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា លោកស្រី អោនសាន ស៊ូជី ត្រូវបានរបបសឹកមីយ៉ាន់ម៉ាចាប់ឃុំខ្លួន បន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីកាលពីខែ​កុម្ភៈ ឆ្នាំ២០២១។ បន្ទាប់មក បាតុកម្មដោយហិង្សានៅក្នុងប្រទេស និងការថ្កោលទោសពីសហគមន៍អ​ន្តរជាតិបានកើតឡើងជាបន្តបន្ទាប់។ ក្នុងពេលកំពុងត្រូវបានឃុំខ្លួននៅក្នុងកន្លែងដ៏សំងាត់ តុលាការនៃរបបសឹកមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រីជាច្រើនបទល្មើស មានជាអាទិ៍ បទរំលោភច្បាប់​ស្តីពីការសម្ងាត់រដ្ឋ រំលោភច្បាប់បោះឆ្នោត ពុករលួយ និង​ញុះញង់​ឲ្យមានការប្រឆាំង​ថ្នាក់ដឹកនាំជាដើម។ ជាមួយបទល្មើសទាំងនេះ ​តុលាការ​ បានកាត់ទោសលោកស្រីអោនសាន ស៊ូជី​ ឲ្យជាប់ពន្ធនាគាររយៈពេលដល់ទៅ១១​ឆ្នាំឯណោះ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម