Connect with us

នយោបាយ

អាមេរិក សរសើរ កម្ពុជាដែលខិតខំជំរុញឲ្យរបបយោធាភូមាអនុវត្តកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន

បានផុស

នៅ

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេស លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិត ពិសេសនៃប្រធានអាស៊ាន ក្នុងការជំរុញឱ្យរបបសឹកយោធានៅមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានឱ្យបានឆាប់រហ័ស។ លោកបានថ្លែងឲ្យដឹងដូច្នេះ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ អំឡុងពេលធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ត្រូវបានដាក់ចេញក្នុងជំនួបកំពូលពិសេសអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចព្រមព្រៀងទាំង៥ចំណុចនេះ រួមមាន គឺ ទី១. អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ត្រូវរក្សាភាពអត់ធ្មត់ ទី២. ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយស​​ន្តិវិធីតាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន។ ទី៣. បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤. អាស៊ាន ផ្តល់​ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន និងទី៥. បេស​កជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

ចំពោះបញ្ហានៅមីយ៉ានម៉ានេះ លោកឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សារបស់ខ្លួន ហើយត្រូវដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ រួមទាំងអ្នកទោសនយោបាយជាបន្ទាន់។  ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យមានការអនុញ្ញាតសម្រាប់ដំណើរការ កិច្ចការងារមនុស្សធម៌ដោយគ្មានការរារាំង និងស្តារស្ថានការណ៍របស់មីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅកាន់ភាព ប្រក្រតី និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន បានចាប់ផ្ដើមធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចំនួន ២លើក រួចមកហើយ។ ទស្សនកិច្ចលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដោយជួបជាមួយភាគីពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា។

សម្រាប់ដំណើរទស្សនកិច្ចលើកទី២ គឺកាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។ ទស្សន​កិច្ចលើកនេះ បានសង្កត់ធ្ងន់អំពីវឌ្ឍនភាពដែលសម្រេចបានក្នុងទស្សនកិច្ចលើកទី១ និងការជួបប្រជុំជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ និងគណបក្សនយោបាយចំនួន៧ ដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២០៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម