នយោបាយ
គម្រោងធ្វើសម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនកំពុងតែស្ថិតនៅលើផ្លូវរដិបរដុប ដោយសារមិនទុកចិត្តគ្នា
នៅថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបញ្ជាក់ជំហររបស់ខ្លួន ក្នុងការធ្វើសម្ព័ន្ធភាពជាមួយគណបក្សផ្សេងៗទៀតនៅក្រៅរដ្ឋាភិបាល នេះបើតាមលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក យ៉េង វីរៈ អះអាងថា សន្និសីទសារព័ត៌មាននោះ មិនទាន់ប្រកាសផ្លូវការ ពីការសម្រេចចិត្តធ្វើសម្ព័ន្ធភាពនោះទេ គ្រាន់តែចង់បង្ហាញអ្នកសារព័ត៌មានអំពីគំនិតយោបល់ ក៏ដូចជារូបមន្ត ពីបំណងមួយចំនួនក្នុងការធ្វើសម្ព័ន្ធភាពតែប៉ុណ្ណោះ តែមិនទាន់ជាក់លាក់ថា ត្រូវធ្វើសម្ព័ន្ធភាពជាមួយគណបក្សណានោះទេ ប៉ុន្តែបើតាមលោក អ៊ូ ច័ន្ទរ័ត្ន ការធ្វើសន្និសីទនោះ ប្រហែលជាគណបក្សនេះ ចង់បញ្ជាក់អំពីគោលជំហររបស់ខ្លួនក្នុងការធ្វើសម្ព័ន្ធភាព។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា កន្លងមកគម្រោងធ្វើសម្ព័ន្ធភាពនៅមានការស្ទាបស្ទង់គ្នានៅឡើយ ដូច្នេះសន្និសីទសារព័ត៌មាននោះ នឹងបញ្ជាក់អំពីបំណងរបស់លោក ដែលបានលើកឡើងកន្លងមក ចំពោះការធ្វើសម្ព័ន្ធភាពរវាងគណបក្សក្រៅរដ្ឋាភិបាល។ លោកអះអាងថា កន្លងមកមានការសហការគ្នាខ្លះហើយទាក់ទងទៅនឹងការតស៊ូមតិដាក់ញត្តិទៅរដ្ឋសភាជាដើម។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន កន្លងមក ការបង្រួបបង្រួមនេះ អត់ទាន់មានអ្វីច្បាស់លាស់ទេ ម្លោះហើយការធ្វើសន្និសីទសារព័ត៌មាននោះ ប្រហែលជាគណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់បញ្ជាក់ជំហរខ្លួនឯងថា ខ្លួនចង់បានអី។ ពីព្រោះកន្លងមក លោកបានឃើញលោក យ៉ង សាំងកុមារ បានដាក់ចេញនូវសេណារីយ៉ូ អំពីកិច្ចសហការគ្នាដូចជា ការដាក់បញ្ជីឆ្លាស់គ្នា ឬចែកតំបន់គ្នា ឬជ្រកក្រោមឆ័ត្រគណបក្សណាមួយ ឬទៅជាបញ្ជីតែមួយជាដើម ហើយគម្រោងនេះ លោកចង់ឱ្យដំណើរការមុនបោះឆ្នោតឆ្នាំ២០២៣។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា ការធ្វើសម្ព័ន្ធភាពនេះ ជាសេនារីយ៉ូ លោកចង់ឲ្យធ្វើទៅជាគណបក្សតែមួយ ប៉ុន្តែលោកមើលទៅ ហាក់ដូចជាពិបាក ដោយសារតែគណបក្សភ្លើងទៀនមានអាសនៈក្រុមប្រឹក្សាច្រើនរួចហើយ។ លោកបញ្ជាក់ដែរថា កន្លងមកតំណាងគណបក្សនីមួយៗបានជួបគ្នាខ្លះហើយ ប៉ុន្តែមិនមែនជាការជួបផ្លូវការនោះទេ គ្រាន់តែជួបផ្ដល់យោបល់ផ្ដល់សេណារីយ៉ូប៉ុណ្ណោះ ដើម្បីឲ្យតំណាងគណបក្សនីមួយៗយកទៅពិចារណា។ ទោះជាយ៉ាងណា លោកមើលឃើញមានឧបសគ្គសម្រាប់ឈានទៅរកការរួបរួម ដោយសារគណបក្សនីមួយៗ នៅមុនបោះឆ្នោត ហាក់ដូចជាចង់សាកកម្លាំងខ្លួនឯង ថាតើមានការគាំទ្រប៉ុណ្ណា ប៉ុន្តែក្រោយពីការបោះឆ្នោតឃុំ សង្កាត់ហើយ ហាក់ដូចជាមានការបន្ទន់ឥរិយាបថខ្លះ។
គួររំលឹកថា កន្លងមកលោក អ៊ូ ច័ន្ទរ័ត្ន មានបំណងធ្វើសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួន នៅក្រៅរដ្ឋាភិបាល ដែលគណបក្សទាំងនោះមានដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម និងគណបក្សភ្លើងទៀនជាដើម ប៉ុន្តែគម្រោងនេះមិនចេញជារូបរាង ដោយសារថ្នាក់ដឹកនាំគណបក្សទាំងនោះ ហាក់ដូចជាមិនទុកចិត្តគ្នា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង